ប៉ូលិស​វៀតណាម​ចាប់​ខ្មែរ​ក្រោម​២​នាក់

មន្ត្រី​នគរបាល​វៀតណាម បាន​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ២​នាក់ ដោយ​គ្មាន​ដីកា​ពី​តុលាការ បន្ទាប់​ពី​គណៈកម្មការ​អចិន្ត្រៃយ៍​គណៈ​សង្ឃ​ខែត្រ​ឃ្លាំង នៅ​ប្រទេស​វៀតណាម ចុះ​ទៅ​ចាប់​ផ្សឹក​ព្រះសង្ឃ​គង់​នៅ​វត្ត សិរីតាសេក មិន​បាន​សម្រេច។
ដោយ ទីន ហ្សាការីយ៉ា
2012-09-17
Share

អតីត​មន្ត្រី​សង្ឃ​ចំនួន​ពីរ​រូប នៅ​វត្ត​សិរីតាសេក ខែត្រ​ឃ្លាំង ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ឃុំ​វិញហៃ (Vinh Hai) ចាប់​ខ្លួន​ពី​បទ​ថត​រូប​នៅ​ក្នុង​វត្ត។ ប៉ុន្តែ​បុរស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ត្រូវ​បាន​គេ​ដោះលែង​វិញ​នៅ​ក្រោយ​ពេល​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។

ព្រះចៅ​អធិការ​វត្ត​សិរីតាសេក ព្រះតេជគុណ លីវ នី មាន​ថេរដីកា​ថា កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា​ មន្រ្តី​នគរបាល​ឃុំ​វិញហៃ បាន​ស្ទាក់​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ថាច់ ភូមិរិន្ទ តាម​ផ្លូវ ខណៈ​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​សាលា​ស្រុក​ជ្រោយញ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​បាន​ដោះ​លែង​វិញ កាល​ពី​ម៉ោង ១២​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ កញ្ញា។

ព្រះតេជគុណ លីវ នី អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦កញ្ញា សមត្ថកិច្ច​បាន​មក​ចាប់​ខ្លួន​បុរស​ឈ្មោះ ថាច់ ភូមិរិន្ទ ម្ដង​ទៀត និង​បាន​កោះ​ហៅ​បុរស​មួយ​រូប​ទៀត ឈ្មោះ លី ស ឲ្យ​ទៅ​សាលា​ស្រុក​ដូច​គ្នា ដោយ​ចោទ​ប្រកាន់​ថា អ្នក​ទាំង​ពីរ​បាន​ថត​រូប​នគរបាល និង​មន្ត្រី​សង្ឃ​ខែត្រ កាល​ពី​ខែ​កក្កដា នៅ​ក្នុង​វត្ត​សិរីតាសេក នៅ​ពេល​អាជ្ញាធរ​វៀតណាម ចុះ​ទៅ​វត្ត​សិរីតាសេក ចង់​ចាប់​ផ្សឹក​ព្រះសង្ឃ ថាច់ ធឿន ដោយ​គេ​ចោទ​ប្រកាន់​ថា ព្រះតេជគុណ​បាន​ធ្វើ​ខុស​នឹង​វិន័យ​សាសនា​ព្រះពុទ្ធ។

តែ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ កញ្ញា នេះ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ជ្រោយញ សាកសួរ គេ​ដោះលែង​លោក លី ស វិញ ដោយ​ឡែក​លោក ថាច់ ភូមិរិន្ទ អាជ្ញាធរ​វៀតណាម មិន​ដោះលែង​ទេ៖ «អាណិត​អន្ទិត​ទាំង​ពីរ​ហ្នឹង ព្រោះ​ញាតិញោម​អន្ទិត ថាច់ ភូមិរិន្ទ ហ្នឹង ភិតភ័យ​ណាស់ ព្រោះ​មិន​ដឹង​ថា គេ​ចាប់​ខ្លួន​នៅ​មិន​ដឹង​យក​ទៅ​ណា មិន​ដឹង​គេ​វាយ​ដំ ឬ​យ៉ាង​ណា?»

ព្រះតេជគុណ លីវ នី មាន​ថេរដីកា​ទៀត​ថា កាល​ពី​ខែ​កក្កដា មន្ត្រី​គណៈ​សង្ឃ​ខែត្រ​ឃ្លាំង ដែល​ធ្វើ​ការ​ឲ្យ​វៀតណាម នោះ មាន​គោលបំណង​ចុះ​ទៅ​ចាប់​ផ្សឹក​ព្រះតេជគុណ ថាច់ ធឿន នៅ​ចំ​ថ្ងៃ​បុណ្យ​ចូល​ព្រះវស្សា ដែល​មាន​ពុទ្ធ​បរិស័ទ​ច្រើន​ទៅ​វត្ត ប៉ុន្តែ​ការ​ចាប់​ផ្សឹក​នោះ មិន​បាន​សម្រេច​ទេ។ នៅ​ពេល​នោះ ឈ្មោះ ថាច់ ភូមិរិន្ទ និង លី ស បាន​​ថត​រូប​ពុទ្ធ​បរិស័ទ​ទាំង​អស់​ទុក​ជា​អនុស្សាវរីយ៍ ស្រាប់​តែ​ថត​ជាប់​មន្ត្រី​នគរបាល​ចូល​ទៅ​ក្នុង​បរិវេណ​វត្ត​នោះ​ដែរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២។ នៅ​ពេល​នេះ ស្រាប់​តែ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន​លោក ថាច់ ភូមិរិន្ទ ទៅ​វិញ។

ព្រះតេជគុណ លីវ នី៖ «រដ្ឋាភិបាល​វៀតណាម ដោះ​លែង​ខ្លួន​អន្ទិត ថាច់ ភូមិរិន្ទ វិញ​ទៅ ព្រោះ​គាត់​មិន​បាន​ធ្វើ​អី​ខុស​ទេ គ្រាន់​តែ​ថត​រូប​នៅ​ក្នុង​ពិធី​បុណ្យ​សាសនា មិន​មាន​អី​ខុស​ទេ អាត្មា​សូម​អំពាវនាវ​ឲ្យ​ពិភពលោក​ជួយ​ដឹង​ឮ​ផង​បញ្ហា​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នគរបាល​វៀតណាម ឃុំ​វិញហៃ ដើម្បី​សុំ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។

ទាក់ទង​ទៅ​នឹង​ករណី​នេះ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា លោក តាំង សារៈ បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ថា ករណី​ដូច​នេះ​អាជ្ញាធរ​វៀតណាម តែងតែ​ធ្វើ​បាប​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម៖ «មិន​គួរ​គេ​ធ្វើ​ដូច្នោះ​ទេ ពីព្រោះ​ថត​នៅ​ក្នុង​ពិធី​បុណ្យ​ទាន បើ​វៀតណាម ចង់​ដឹង ហៅ​សួរ​ទៅ ថត​ហ្នឹង​ក្នុង​គោលបំណង​អី? ប៉ុន្តែ​រឿង​រសើប​នោះ គឺ​រឿង​ថត​ជាប់​មន្ត្រី​នគរបាល​វៀតណាម​ហ្នឹង តែ​វា​មិន​ត្រូវ​ទេ ការ​ចាប់​ខ្លួន​នោះ»

ព្រះ​ចៅអធិការ​វត្ត​សិរីតាសេក ព្រះតេជគុណ លីវ នី មាន​ថេរដីកា​ថា លោក ថាច់ ភូមិរិន្ទ និង​លោក លី ស អតីត​ជា​ព្រះសង្ឃ​គង់​នៅ​វត្ត​សិរីតាសេក ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១១ លោក លី ស ត្រូវ​បាន​គណៈ​សង្ឃ​ខែត្រ​ឃ្លាំង ចាប់​ផ្សឹក រី​ឯ​លោក ថាច់ ភូមិរិន្ទ សឹក​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​២០១០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល