ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២៦ ខែវិច្ឆិកា បានប្រកាសបើកការដ្ឋានសាងសង់ស្ពានអាកាសទី៣ នៅស្ទឹងមានជ័យ ទីក្រុងភ្នំពេញ ដើម្បីសម្រួល និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ប្រចាំថ្ងៃ នៅគ្រាដែលកំណើនប្រជាពលរដ្ឋ និងមធ្យោបាយធ្វើដំណើរកំពុងតែកើនឡើងគួរឲ្យព្រួយបារម្ភនៅទីក្រុងភ្នំពេញ។
របាយការណ៍របស់សាលាក្រុងភ្នំពេញ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនរថយន្តបានកើនដល់ចំនួនជិត ១លានគ្រឿង និងម៉ូតូបានកើនឡើងចំនួនជាង ១លានគ្រឿងដែរ។
គម្រោងសាងសង់ស្ពានអាកាសទី៣ នៅស្ទឹងមានជ័យនោះ គឺចំណាយរយៈពេល ២៨ខែ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ គ្រោងបញ្ចប់ការសាងសង់នោះនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។ ការសាងសង់ស្ពានអាកាសនេះ រួមទាំងការដោះស្រាយបញ្ហាប៉ះពាល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋមួយចំនួនដែរនោះ គឺត្រូវចំណាយថវិកាសរុបចំនួនជាង ២២លានដុល្លារអាមេរិក។ ក្រុមហ៊ុនដែលម៉ៅការសាងសង់ស្ពានអាកាសនេះ គឺឈ្មោះក្រុមហ៊ុនអាណិកជនខ្មែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋជាង ២ពាន់នាក់មកចូលរួមក្នុងពិធីនោះថា គម្រោងសាងសង់ស្ពានអាកាសទី៣នេះ គឺជាការចាំបាច់ណាស់ នៅគ្រាដែលកំណើនប្រជាពលរដ្ឋ និងមធ្យោបាយធ្វើដំណើរបានកើនឡើងខ្ពស់ បង្កការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ៖ «ពីមុននៅក្បាលថ្នល់មានតែខាងលើអាកាស និងខាងក្រោម ដល់ទៅស្ពានអាកាស ៧មករា មានអាកាស និងខាងក្រោមលើដី ដល់ទៅដល់ថ្ងៃនេះ មានខាងលើ មានខាងលើដីនេះ និងមានខាងក្រោមដី។ គួរតែអួតដែរ...។ អ៊ីចឹងគេថា នៅស្រុកគេហ្នឹងគេមានខាងក្រោមសមុទ្រទៀត អាហ្នឹងដំណើររបស់គេទៅមុនបាត់ទៅហើយ ថ្ងៃណាមួយគង់តែយើងទៅដល់»។
ជាមួយគ្នានេះ អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា បានមានប្រសាសន៍ថា ស្ពានអាកាសទី៣នេះ គឺជាការបង្ហាញអំពីការរីកចំរើននៅភ្នំពេញ នៅពេលនេះ៖ «ព្រោះជាសម្បត្តិមហាសាលរបស់ប្រជាជនរាជធានីភ្នំពេញ ទាំងមូល និងបានបង្ហាញពីនិមិត្តរូបនៃការរីកចំរើនរុងរឿងថ្មីៗបន្ថែមទៀតរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល ៣៣ឆ្នាំ»។
ប្រជាពលរដ្ឋម្នាក់សុំមិនប្រាប់ឈ្មោះ អាយុ ៤៣ឆ្នាំ ដែលមកចូលរួមក្នុងពិធីបើកការដ្ឋាននេះដែរ បាននិយាយថា អ្នកស្រីរីករាយចំពោះការសាងសង់ស្ពានអាកាសថ្មីនេះ ដោយអ្នកស្រីសង្ឃឹមថា បញ្ហាកកស្ទះចរាចរណ៍នឹងធូរស្រាលនៅថ្ងៃអនាគត៖ «ព្រោះអី គិតថា រាជធានីភ្នំពេញយើងនឹងលែងស្ទះចរាចរណ៍ ដោយសារមានស្ពានក្រោមដី ស្ពានលើដី ស្ពានអាកាសអីអ៊ីចឹងណា។ ព្រោះអីកន្លងមកនៅទីនេះ មានប្រជាជនគាត់មកតាមខេត្តច្រើនមករកស៊ីនៅក្នុងទីក្រុងភ្នំពេញ អ៊ីចឹងវាកកស្ទះចរាចរណ៍រាប់ម៉ោង ទម្រាំបានរំសាយ អ៊ីចឹងនៅក្នុងទីក្រុងយើង ប្រហែលលែងស្ទះចរាចរណ៍»។
ទីក្រុងភ្នំពេញ បច្ចុប្បន្នមានស្ពានអាកាសចំនួន ២ហើយ។ ស្ពានអាកាសទី១ នៅក្បាលថ្នល់ ត្រូវបានសាងសង់តម្លៃជាង ៤លានដុល្លារអាមេរិក និងស្ពានអាកាសទី២ ឈ្មោះ ៧ មករា នៅផ្លូវកែងពេទ្យលោកសង្ឃ ត្រូវបានសាងសង់តំលៃ ៩,៧លានដុល្លារអាមេរិក។ ការសាងសង់ទាំងនោះ គឺដើម្បីសម្រួល និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
