ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​រំលឹក​ថ្ងៃ​បាត់​បង់​ទឹក​ដី

ថ្ងៃ​ទី​៤ មិថុនា ជា​ថ្ងៃ​រំលឹក​ខួប​នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​ខ្មែរ​នៅ​ជុំវិញ​ពិភព​លោក​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​នូវ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ខ្មៅ​មួយ​របស់​ខ្មែរ។
ដោយ ទីន ហ្សាការីយ៉ា
2011-06-05
Share
សង្ឃខ្មែរក្រោម៣០៥ ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
RFA/Quoc Viet

តំណាង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ឯ​បរទេស​បាន​លើក​ពី​ផែន​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព​ជួន​ពល​រដ្ឋ​ខ្មែរ​នៅ​ទឹក​ដី​កំណើត​របស់​ខ្លួន ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម​បច្ចុប្បន្ន។

ការ​កំណត់​ពី​ផែន​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព​នេះ គេ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ជួប​ជុំ​គ្នា គឺ​នៅ​ទិវា​រំលឹក​ខួប​លើក​ទី​៦២ នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​១៩៤៩។

អនុ​លេខាធិការ​ប្រធាន​សភា​ព្រឹទ្ធាចារ្យ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រដ្ឋ​វ៉ាស៊ីនតោន​ស្តេត (Washington State) សហ​រដ្ឋ​អាមេរិក លោក ថាច់ សាម៉ី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ មិថុនា​ថា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​សហ​រដ្ឋ​អាមេរិក​ទោះបី​ជា​មិន​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ក្ដី ប៉ុន្តែ​ពួក​គាត់​មាន​មនសិការ​គិត​គូ​ដល់​ខ្មែរ​ក្រោម​ដែល​រស់​នៅ​ទឹក​ដី​របស់​ខ្លួន និង​រក​មធ្យោបាយ​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះ​លែង​លោក ចៅ ហេន ដែល​នៅ​ក្នុង​គុក និង​សុំ​ដោះ​លែង​សកម្មជន​ដីធ្លី​ផ្សេងៗ ទៀត ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​នោះ។

ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន គឺ​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​មួយ​ចំនួន បាន​ប្រារព្ធ​ទិវា​រំលឹក​ខួប​ថ្ងៃ​បាត់​បង់​ទឹក​ដី​របស់​ខ្លួន រួម​មាន​ប្រទេស​អូស្ត្រាលី (Australia) ប្រទេស​ស្វីស (Switzerland) និង​ធ្វើ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត នៅ​សហ​រដ្ឋ​អាមេរិក និង​កាណាដា។ ប៉ុន្តែ​កាល​បរិច្ឆេទ​ធ្វើ​ខួប​នេះ​គឺ​គេ​ធ្វើ​ខុស​ៗ គ្នា ដើម្បី​កុំ​ឲ្យ​ជាន់​កម្មវិធី​គ្នា។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​នៅ​ប្រទេស​កាណាដា លោក ចៅ ជឿន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ទិវា​រំលឹក​ខួប​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីក្រុង Victoria នៃ​ប្រទេស​កាណាដា គឺ​ធ្វើ​នៅ​ថ្ងៃ​ទី​១១ មិថុនា ខាង​មុខ ហើយ​នៅ​ពេល​នោះ គេ​នឹង​លើក​យក​អំពី​បញ្ហា​អភិរក្ស​ប្រពៃណី និង​វប្បធម៌​របស់​ខ្លួន ដើម្បី​ឲ្យ​ក្មេងៗ ជំនាន់​ក្រោយ​បាន​ដឹង​ផង​ដែរ។

ដោយ​ឡែក​សម្រាប់​នៅ​ប្រទេស​កម្ពុជា​វិញ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា សមាគម​របស់​លោក​បាន​លើក​ពេល​ធ្វើ​ពិធី​រំលឹក​ខួប​នេះ​ទៅ​ថ្ងៃ​ទី​១០ មិថុនា វិញ ដោយ​សារ​សាលា​រាជ​ធានី​ភ្នំពេញ​មិន​អនុញ្ញាត។

ឯកសារ​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​១៩៤៩ ប្រធានាធិបតី​បារាំង ឈ្មោះ វ៉ាង​សង់ អូរីយូល (Vincent Auriol) បាន​ចុះ​កិច្ច​ព្រមព្រៀង​ប្រគល់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម។ ដោយ​វៀតណាម​យល់​ព្រម​បង្កើត​រដ្ឋាភិបាល​យៀក​ណាម​មួយ នៅ​ក្នុង​ក្រុម​សហភាព​បារាំង ហៅ​ថា រដ្ឋ​យៀក​ណាម។ ហើយ​បារាំង​សង្ឃឹម​ថា ការ​ប្រគល់​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ស្ដេច បាវ ដាយ គេ​អាច​នឹង​រក្សា​នូវ​ឥទ្ធិពល​របស់​ខ្លួន​បាន​យួរ​អង្វែង​នៅ​ទឹក​ដី​កូសាំងស៊ីន ព្រម​ទាំង​ទប់​ស្កាត់​ឥទ្ធិពល​របស់​កុម្មុយនិស្ត​និយម ហូជីមិញ (Ho Chi Minh)។

លុះ​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដដែល ប្រធានាធិបតី​បារាំង វ៉ាង​សង់ អូរីយ៉ូល បាន​ប្រកាស​ជា​ផ្លូវ​ការ​ប្រគល់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ជា​ផ្លូវ​ការ ដែល​ឯកសារ​ខ្លះ​ថា មាន​ចំនួន ៦​ខែត្រ ប៉ុន្តែ​ឯកសារ​ខ្លះ​ថា មាន​ចំនួន ២១​ខែត្រ។ គិត​មក​ទល់​ពេល​នេះ ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​មាន​រយៈ ៦២​ឆ្នាំ​ហើយ។

ក៏​ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ​ខ្មែរ​មួយ​ចំនួន​អះអាង​ថា បារាំង​មាន​គុណ​សម្បត្តិ​មួយ​ផ្នែក​ចំពោះ​ប្រទេស​កម្ពុជា គឺ​បាន​ការ​ពារ​ប្រទេស​កម្ពុជា​កណ្ដាល​មិន​ឲ្យ​បាត់​បង់​ចេញ​ពី​ផែនទី​ពិភព​លោក ពី​ការ​ឈ្លាន​ពាន​​របស់​​​ប្រទេស​ថៃ​ដែល​កាល​នោះ​គេ​ហៅ​ថា សៀម និង​វៀតណាម ឬ​ហៅ​ថា អាណាម៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល