ទាហាន​និង​អ្នក​ភូមិ​ខ្មែរ​៣​នាក់​ត្រូវ​សង្ស័យ​ថា​ទាហាន​ថៃ​ចាប់​ខណៈ​ចូល​ព្រៃ​កាប់​ឈើ

ប្រភព​ព័ត៌មាន​ពី​ខេត្ត​ឧត្តរមានជ័យ​ ឲ្យ​ដឹង​ថា ទាហាន​ម្នាក់​និង​ប្រជាពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀត​នៅ​ភូមិ​ចំការចេក សង្កាត់​អូរស្មាច់ ក្រុង​សំរោង កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ព្រៃ​​ជាប់​ព្រំដែន​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ​របស់​ថៃ ខណៈ​ដែល​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​បាន​លួច​ចូល​ទៅ​កាប់​ឈើ​គ្រញូង​មក​លក់​ដូរ​ហើយ​ត្រូវ​គេ​សង្ស័យ​ថា អាច​ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ឃុំ​អូរស្មាច់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​ធ្នូ​ថា ទាហាន​ខ្មែរ​ម្នាក់​នៅ​ក្នុង​វរលេខ​៤០២​និង​ប្រជាពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀត​​កំពុង​បាត់​ខ្លួន​ក្នុង​ព្រៃ​តាំង​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ហើយ​ក្រុម​គ្រួសារ​អ្នក​បាត់​ខ្លួន​ទាំង​នោះ​កំពុង​ស្វែង​រក តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣០ ធ្នូ មិន​ទាន់​បាន​ដំណឹង​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «បាត់​៤​នាក់ ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩ ចំណុច​អូរខ្លាឃ្មុំ។ ទៅ​កាប់​ឈើ​គ្រញូង ប៉ុន្តែ​អា​គ្រញូង​នៅ​ម្តុំ​ហ្នឹង​វា​អត់​សូវ​មាន​ទេ វា​ច្រើន​តែ​ក្រាក់​ក្រញូង។ ក្រុម​គ្រួសារ​ហ្នឹង​កំពុង​ទាក់ទង។ ទោះ​យ៉ាង​ណា​មន្ត្រី​សាលា​ខេត្ត​ឧត្តរមានជ័យ មិន​ទាន់​បាន​ដឹង​អំពី​ការ​បាត់​ខ្លួន​ទាហាន​និង​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​នៅ​ឡើយ​ទេ»

ជំនួយការ​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ឈឹម ស៊ីវុធ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​សេចក្តី​រាយ​ការណ៍​ណា​មួយ​​ពី​អាជ្ញាធរ​ខ្មែរ​ប្រចាំ​ព្រំដែន​ស្តី​ពី​ការ​បាត់​ខ្លួន​នោះ​នៅ​ឡើយ​ទេ ហើយ​លោក​នឹង​ចាប់​ផ្តើម​ស្រាវជ្រាវ​ព័ត៌មាន​នោះ។

លោក ឈឹម ស៊ីវុធ មាន​ប្រសាសន៍​ដូច្នេះ ៖ «អត់​បាន​ដឹង​ថា​យ៉ាង​ម៉េច ចាំ​មើល​ក្រែង​ព័ត៌មាន​វា​មិន​ទាន់​ពិស្តារ គេ​អត់​ទាន់​យក​ច្បាស់ គេ​មិន​ទាន់​ឲ្យ​ខ្ញុំ​ដឹង»

ចំណែក​ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រចាំ​សង្កាត់​អូរស្មាច់ លោក​អនុ​សេនីយ៍​ត្រី ម៉ាក បូរិន បាន​មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ការ​បាត់​ខ្លួន​ទាហាន​ខ្មែរ​ម្នាក់​និង​អ្នក​ភូមិ​៣​នាក់​មែន នៅ​ម្តុំ​ច្រក​ព្រំដែន​ខ្មែរ-​ថៃ ចំណុច​អូរខ្លាឃ្មុំ ហើយ​លោក​បាន​សាកសួរ​ទៅ​មន្ត្រី​ព្រំដែន​ខ្មែរ​បាន​ឆ្លើយ​តប​ថា កំពុង​សង្ស័យ​ថា ទាហាន​ថៃ​នៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ ចាប់​ខ្លួន​យក​ទៅ​នៅ​ពេល​ដែល​ទាហាន​ថៃ​បាន​ពួន​ស្ទាក់​ចាំ​ត្រង់​តំបន់​នោះ។

លោក ម៉ាក បូរិន្ទ មាន​ប្រសាសន៍​ថា ៖ «ហៅ​អូរខ្លាឃ្មុំ នៅ​ភាគ​ខាងលិច​មាត់​ច្រក​ហ្នឹង​ប្រហែល​១​គីឡូ។ វា​នៅ​ចាំ​ច្រក​ហ្នឹង ព្រោះ​ផ្តល់​ទំនាក់​ទំនង​ថា មាន​ចាប់​ដែរ​យប់​មិញ (២៩ ធ្នូ) ប៉ុន្តែ​ខាង​ព្រំដែន ខ្ញុំ​ទាក់​ទង​អត់​ទាន់​បាន។ ព្រឹក​មិញ​(៣០ ធ្នូ) ជួប​គាត់​ដែរ ប៉ុន្តែ​គាត់​ថា អត់​ទាន់​បាន​ឈ្មោះ»

មន្ត្រី​នគរបាល​ខ្មែរ​ប្រចាំ​​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៩ រហូត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ឡើង​ដល់​១៤​នាក់​ហើយ​ដែល​ទាហាន​ថៃ​ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស ដោយសារ​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ទាក់ទិន​នឹង​ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់​នោះ៕