ជនមិនស្គាល់មុខជះទឹកអាស៊ីតលើមនុស្ស៤នាក់
2010.08.18
ជំនួយការអគ្គនាយករោងចក្រកាត់ដេរ ថឹនតិច ហ្គាមេន លោក តាំង សាំងហៃ បានឲ្យដឹងនៅថ្ងៃទី១៨ ខែសីហាថា ជនមិនស្គាល់មុខបានជះទឹកអាស៊ីតទៅលើស្រ្តីជាកម្មការិនីឈ្មោះ កែវ សាវន នៅមុខរោងចក្រ ខណៈគេកំពុងទិញម្ហូប ហើយទឹកអាស៊ីតក៏ខ្ទាតត្រូវកម្មករចំនួនពីរនាក់ និងក្មេងប្រុសអាយុ ៩ឆ្នាំ ជាកូនអ្នកលក់អីវ៉ាន់នៅមុខរោងចក្រនោះម្នាក់ទៀត។ អ្នករបួសជាក្មេង ត្រូវបានគ្រួសាររបស់គេយកទៅព្យាបាលនៅមន្ទីរឯកជន រីឯកម្មករទាំងបីនាក់នោះ លោកក៏បានបញ្ជួនយកមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
លោក តាំង សាំងហៃ បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង ៤នាក់នេះ គឺស្រ្តីឈ្មោះ កែវ សាវន មកពីខែត្រស្វាយរៀង ត្រូវខ្លាំងជាងគេ ដែលជនល្មើសបានជះទឹកអាស៊ីតត្រូវលើដងខ្លួននាង និងក្បាលផងដែរ។
អធិការខណ្ឌដង្កោ លោក បន សំអាត បានលើកឡើងថា សមត្ថកិច្ចរបស់លោកបានកំណត់មុខសញ្ញាឃើញហើយ ហើយសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនជនល្មើស។ លោក បន សំអាត បានបញ្ជាក់ថា តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ ឲ្យដឹងថា ជនល្មើសជាកម្មករធ្វើការនៅរោងចក្រជាមួយគ្នា ហើយធ្លាប់បានស្រលាញ់នាងតែនាងមិនស្រលាញ់។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សលីកាដូ បានទទូចសុំទៅរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យច្បាប់ស្តីពីការគ្រប់គ្រងទឹកអាស៊ីតចេញឲ្យបានឆាប់ៗ ដើម្បីទប់ស្កាត់អំពើហិង្សាជះទឹកអាស៊ីត។
កាលពីដើមខែសីហានេះ លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកអាស៊ីត បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់នេះ គេបានធ្វើរួចរាល់ហើយ ប៉ុន្តែត្រូវឲ្យក្រសួងយុត្តិធម៌ និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រួតពិនិត្យបន្ថែមទៀត មុននឹងផ្ញើទៅទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក តេង សាវង្ស ក៏បានបញ្ជាក់ដែរថា នៅក្នុងសេចក្ដីព្រាងច្បាប់នេះ ក៏បានកំណត់ទោសជនល្មើសយ៉ាងធ្ងន់ធ្ងរ រហូតដល់អស់មួយជីវិតផងដែរ។
របាយការណ៍របស់អង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីត បានបង្ហាញថា រយៈពេល ៧ខែក្នុងឆ្នាំ២០១០នេះ អំពើហិង្សាជះទឹកអាស៊ីតមាន ២២ករណី ដែលកើតមានក្នុងខែត្រកំពង់សោម តាកែវ កណ្តាល ភ្នំពេញ កំពង់ចាម និងបន្ទាយមានជ័យ ហើយក្នុងចំណោមខែត្រទាំងនេះ ខែត្រកំពង់ចាម មានច្រើនករណីជាងគេ គឺស្មើនឹង ៤០%។ ប្រៀបធៀបទៅឆ្នាំ២០០៩ កន្លងទៅ អំពើហិង្សាជះទឹកអាស៊ីតនៅតែមានកើនឡើងជាលំដាប់ដដែល៕