ព្រះសង្ឃខ្មែរក្រោម ពលរដ្ឋខ្មែរក្រោម និងសមាគមខ្មែរក្រោមផង បានរួមគ្នារៀបចំពិធីរំឭកខួបថ្ងៃបាត់បង់ដែនដីកំណើតនោះនៅថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងភ្នំពេញដោយមានទាំងសំឡេងថ្លែងរំឭកនូវសោកនាដកម្មដែលខ្មែរក្រោមធ្លាប់រងទារុណកម្មកន្លងមក។
«គេចាប់ខ្មែរកាត់ក្បាលទាំងរស់យកទៅដាំតែថ្វាយលោកធំគេ គ្រប់៤៩ឆ្នាំនេះ គេអញ្ជើញខ្មែរចូលទៅប្រជុំនៅក្នុងខេត្តឃ្លាំង ហើយគេចាក់សោជាប់ គេចាក់សាំងចូល គេដុតខ្មែរទាំងរស់ វេទនាណាស់លោកអើយ សូមបងប្អូនចងចាំទាំងអស់គ្នា!» ៖ នេះគឺជាសំឡេងអំពាវនាវរបស់មេដឹកនាំសមាគមខ្មែរក្រោម លោក យឹន ថារ៉ូ ដែលបានថ្លែងអំពីទុក្ខសោករបស់ខ្មែរក្រោមដែលត្រូវអាជ្ញាធរវៀតណាមធ្វើបាបចាប់តាំងពីទឹកដីខ្មែរកម្ពុជាក្រោមបានធ្លាក់ទៅក្នុងការកាន់កាប់របស់វៀតណាមនាឆ្នាំ១៩៤៩។
សេចក្តីថ្លែងនេះបានធ្វើឡើងនៅចំពោះមុខព្រះសង្ឃខ្មែរក្រោមប្រហែល២ពាន់អង្គនិងអង្គការសង្គមស៊ីវិល ក្រុមសមាគមខ្មែរក្រោម និងតំណាងរាស្រ្តគណបក្សប្រឆាំងជាច្រើននាក់ដែលបានចូលរួមនៅក្នុងទិវារំឭកខួបលើកទី៦០នៃការបាត់បង់ទឹកដីកម្ពុជាក្រោមនៅមុខវត្តបទុមវតី ក្រុងភ្នំពេញ ក្រោមការយាមកាមពីប៉ូលិសជាច្រើននាក់។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមមានប្រសាសន៍រំឭកនៅក្នុងពិធីនោះថា មានវីរបុរសខ្មែរដូចជាឧកញ៉ា សឺន គុយ និងព្រះសង្ឃខ្មែរជាច្រើនអង្គដែលងើបប្រឆាំងការពារប្រជាពលរដ្ឋខ្មែរមិនឲ្យមានការជិះជាន់ត្រូវរងនូវការធ្វើទារុណកម្មនិងការកាប់សម្លាប់។ អក្សរសាស្ត្រខ្មែរ ភាសាខ្មែរ ប្រពៃណីនិងវប្បធម៌ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញ នេះហើយដែលនាំឲ្យមានការជួបជុំគ្នាដើម្បីសម្ដែងប្រាប់ឲ្យបានដឹងគ្រប់គ្នានៅគ្រប់ជំនាន់។
ព្រះតេជគុណ ចាន់ សុផាត ប្រធានសម្ព័ន្ធសមណនិស្សិតមានពុទ្ធដីកាថា យ៉ាងហោចណាស់សារស្តីអំពីទុក្ខរបស់ខ្មែរក្រោមត្រូវបានគេដឹងបន្ទាប់ពីពិធីនេះ។
ព្រះតេជគុណ ចាន់ សុផាត បានពុទ្ធដីកាថា ៖ «យើងមានមោទនភាពដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីបញ្ជាក់ឲ្យមតិជាតិនិងអន្តរជាតិគេដឹងថាថ្ងៃនេះជាថ្ងៃអ្វី»។
ព្រះតេជគុណ ពេជ សីហា មកពីខេត្តព្រះត្រពាំង មានពុទ្ធដីកាបន្ថែម ៖ «អាត្មាចង់បានថាបងប្អូនខ្មែរទាំងអស់ កម្ពុជាក្រោមក៏ដូចជាកម្ពុជាហ្នឹងបច្ចុប្បន្ន ឲ្យមានសិទ្ធិសេរីភាពពេញទីក្នុងការដើរហើរក្នុងការរៀនសូត្រដូចគេដូចឯង ដូចជាប្រជាជនដែលរស់នៅលើពិភពលោក»។
អ្នកតំណាងរាស្រ្ត សុន ឆ័យ នៃគណបក្សសមរង្ស៊ីសម្ដែងថា លោកនឹងជំរុញឲ្យយកថ្ងៃ៤ មិថុនា ដែលជាថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមជាថ្ងៃបុណ្យជាតិរួមមួយរបស់ប្រជាពលរដ្ឋខ្មែរ ហើយជាមួយគ្នានេះលោកអំពាវនាវឲ្យមន្ត្រីខ្មែរគ្រប់គណបក្សនយោបាយចូលរួមនៅក្នុងពិធីនេះ។
គួរជម្រាបជូនថា តាមឯកសាររបស់សមាគមខ្មែរក្រោម ទឹកដីខ្មែរកម្ពុជាក្រោមដែលបច្ចុប្បន្នស្ថិតនៅផ្នែកខាងត្បូងនៃប្រទេសវៀតណាម មានប្រជាជនខ្មែររស់នៅប្រហែល១៣លាននាក់ ត្រូវបានវៀតណាមកាន់កាប់តាំងពីឆ្នាំ១៩៤៩មក ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះក្រុមខ្មែរក្រោមដូចជាសហព័ន្ធខ្មែរក្រោមពិភពលោកបានតវ៉ាជារៀងរាល់ថ្ងៃស្ដីអំពីការបាត់បង់ទឹកដីនិងអំពីការរំលោភសិទ្ធិមនុស្សមកលើពលរដ្ឋខ្មែរក្រោម៕
