ជនសង្ស័យទាំងនោះមានឈ្មោះ គឹម សម្បត្តិ មេបញ្ជាការរងកងល្បាតទី១ នៃកងការពារព្រំដែនគោក ៥០២ ជាជនដៃដល់ និងក្រុមក្មេងចំនួន ៦នាក់ទៀតមានឈ្មោះ សយ សេង, ឆាន យ៉ន, លឹម ធិ, ឡាច ថន, ណុប ធន និង យ៉ាន គង់។
លោក សូ ឌី នាយការិយាល័យសន្តិសុខនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានមានប្រសាសន៍ថា ជាមួយនឹងការបញ្ជូនជនសង្ស័យខាងលើទៅតុលាការ កម្លាំងសមត្ថកិច្ចកំពុងតាមចាប់មនុស្សចំនួន ១៥នាក់ដែលជាភាគីបង្កជម្លោះ។
លោក សូ ឌី បានបញ្ជាក់ថា ៖ «ម្សិលមិញ ថ្ងៃមិញក៏ខ្ញុំបន្តទៅដែរ ប៉ុន្តែវាអត់នៅ។ យើងស្គាល់ផ្ទះ ស្គាល់ឈ្មោះអស់ហើយ នឹងឲ្យស្រង់សាវតារមកក្រោយទៀត។ អ្នកទាំងនេះ ព្រះរាជអាជ្ញាឲ្យបញ្ជូនទៅគាត់សិន»។
កាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ ខែកុម្ភៈ ក្មេងស្ទាវ២ក្រុម ម្ខាងមានគ្នាជិត ១០នាក់ និងម្ខាងទៀតមានគ្នាជាង ១០នាក់ បានឈ្លោះគ្នានៅពេលចាក់ធុងបាសរាំកម្សាន្តក្នុងពិធីបុណ្យមួយនៅភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យទាំង ៦នាក់ដែលត្រូវកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូនខ្លួនទៅតុលាការនោះបានថ្លែងថា នៅពេលកំពុងរាំ ស្រាប់តែភាគីជម្លោះម្ខាងទៀតដែលមានគ្នាជាង ១០នាក់ចូលទៅវ៉ៃ ៖ «គេវ៉ៃខ្ញុំមុន ពេលចេញពីរាំ គេវ៉ៃខ្ញុំផាំងតែម្ដង! ខ្ញុំមិនដឹងមូលហេតុអីដែរបានគេវ៉ៃ! អត់ដែលមានរឿងជាមួយគេផងហ្នឹង!»។
លោក គឹម សម្បត្តិ មានតួនាទីជាមេបញ្ជាការរងកងល្បាតទី១ នៃកងការពារព្រំដែនគោក ដែលជាប់ចោទជាអ្នកប្រើកាំភ្លើងបាញ់សម្លាប់មនុស្សនោះ បានថ្លែងថា នៅពេលមានការឈ្លោះគ្នា លោកបានចូលទៅឃាត់ តែក្រុមក្មេងមានគ្នាជាង ១៥នាក់មិនស្តាប់ ហើយព្យាយាមដណ្តើមកាំភ្លើង ទើបលោកបាញ់ ទើបបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
លោក គឹម សម្បត្តិ បានអះអាងថា ៖ «អ៊ីចឹងខ្ញុំសម្រេចចិត្តថាបាញ់ដើម្បីរត់ បើខ្ញុំមិនបាញ់ត្រូវស្លាប់! បាញ់អស់ ៣គ្រាប់ គ្រាប់ទី១ បាញ់ឡើងលើ គ្រាប់ទី២ បានខ្ញុំបាញ់សំដៅ មិនដឹងត្រូវឬអត់? បើខ្ញុំមិនបាញ់ វាវ៉ៃខ្ញុំសន្លប់ ហើយវាយកកាំភ្លើងបាញ់ខ្ញុំស្លាប់ រួចបាញ់អ្នកដែលវាគុំ ពីព្រោះវាស្រវឹងគ្រប់គ្នាហើយ!»។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ អឿន ឆាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរធ្វើស្រែ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ និងអ្នករងរបួសម្នាក់ទៀតឈ្មោះ សីល ស៊ូ ហៅ ធារ៉ា អាយុ ២៦ឆ្នាំ ជាយោធាកងល្បាតទី៦ នៃកងការពារព្រំដែន ៥០២ មានទីលំនៅនៅភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវចំដើមទ្រូងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕