តុលាការខ្មែរក្រហម គ្រោងដោះលែង​អ្នកស្រី អៀង ធីរិទ្ធ

អ​តីត​មេ​ដឹក​នាំ​​ខ្មែរ​ក្រ​ហម ​អ្នក​ស្រី ​អៀង ​ធីរិទ្ធ ដែល​កំពុង​មាន​ជំងឺ​វង្វេង​វង្វាន់​​ អាច​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​។​

0:00 / 0:00

មន្ត្រី​​នៃ​​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា ការ​ដោះលែង​បណ្ដោះអាសន្ន មិន​មាន​ន័យ​ថា ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​នៃ​សាលាក្ដី​នេះ​ឡើយ។

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា អាច​នឹង​ដោះ​លែង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​កំពុង​មាន​កាយសម្បទា​ទន់​ខ្សោយ​មួយ​រូប​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដើម្បី​ព្យាបាល​ជំងឺ​វង្វេងវង្វាន់។

អ្នក​នាំ​ពាក្យ​នៃ​សាលាក្ដី​ខែ្មរ​ក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​អ្នកស្រី អៀង ធីរិទ្ធ កំពុង​មាន​ជំងឺ​វង្វេងវងា្វន់​យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាច​ចូល​ខ្លួន​ក្នុង​សវនាការ​នា​ពេល​ខាង​មុខ​នោះ​បាន​ឡើយ។

លោក នេត្រ ភក្ត្រា៖ «ចៅក្រម​នៃ​សាលាដំបូង​បាន​រក​ឃើញ​រួម​គ្នា ហើយ​បាន​ឯកភាព​រួម​គ្នា​ថា អ្នកស្រី អៀង ធីរិទ្ធ គាត់​មិន​មាន​កាយសម្បទា​មាំមួន​អាច​ចូល​រួម​ក្នុង​សវនាការ​ទេ។ ហើយ​ចំណុច​មួយ​ទៀត ចៅក្រម​នៃ​អង្គ​ជំនុំ​ជម្រះ គឺ​យល់​ស្រប​នូវ​ការ​បំបែក​បទ​ចោទ​ចំពោះ​អ្នកស្រី អៀង ធីរិទ្ធ។ ទាក់ទង​បញ្ហា​នេះ​មិន​មែន​មាន​ន័យ​ថា ជា​​ការ​បញ្ចប់​ការ​ចោទ​ប្រកាន់​លើ​គាត់​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ផ្អាក​នីតិវិធី​ចំពោះ​គាត់​តែ​ប៉ុណ្ណោះ»

កន្លង​មក​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម​បាន​បើក​សវនាការ​លើ​បញ្ហា​កាយ​សម្បទា​របស់​ជន​ជាប់​ចោទ​ពីរ​រូប​ គឺ​អ្នកស្រី អៀង ធីរិទ្ធ និង​លោក នួន ជា។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​សំរេច​រួច​ហើយ​ថា លោក នួន ជា មាន​កាយ​សម្បទា​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​នា​ពេល​ខាង​មុខ។ ប៉ុន្តែ​ចំណែក​អ្នកស្រី អៀង ធីរិទ្ធ អាយុ ៧៩​ឆ្នាំ ដែល​ជា​ភរិយា​របស់​លោក អៀង សារី វិញ​នោះ កំពុង​មាន​កាយ​សម្បទា​ទន់​ខ្សោយ​យ៉ាង​ខ្លាំង។

អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​លេខ ០០២ នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ លើ​ជន​ជាប់​ចោទ​បួន​រូប ដែល​មាន​លោក នួន ជា លោក ខៀវ សំផន លោក អៀង សារី និង​អ្នកស្រី អៀង ធីរិទ្ធ។ ប៉ុន្តែ​វត្តមាន​របស់​​អ្នកស្រី អៀង ធីរិទ្ធ ក្នុង​តុលាការ​នឹង​ត្រូវ​អាក់​ខាន។

លោក នេត្រ ភក្ត្រា បន្ត​ថា នីតិ​វិធី​នៃ​ការ​ជំនុំ​ជម្រះ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​ជន់​ជាប់​ចោទ​មាន​បញ្ញា​ស្មារតី​អាច​យល់​ដឹង​អំពី​ដំណើរ​កាត់​សេចក្តី​ផ្សេងៗ ប៉ុន្តែ​អ្នកស្រី អៀង ធីរិទ្ធ មិន​មាន​សមត្ថភាព​ដូច្នោះ​ទេ៖ «យោង​តាម​នីតិ​វិធី​ច្បាប់​នៅ​ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​រឿង​ព្រហ្មទណ្ឌ​នោះ គឺ​ជន​ជាប់​ចោទ​គាត់​ត្រូវ​មាន​បញ្ញា​ស្មារតី​ល្មម​នៅ​ក្នុង​ការ​ចូល​រួម​សវនាការ។ មាន​ន័យ​ថា គាត់​ត្រូវ​ដឹង​អំពី​បទ​ចោទ​ប្រកាន់​របស់​គាត់ ​ហើយ​គាត់​អាច​ក្តាប់​អំពី​ភស្តុតាង ហើយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាំង​ឡាយ​បាន ហើយ​អ៊ីចឹង​ទេ! ប្រសិន​បើ​ជន​ជាប់​ចោទ​មិន​មាន​បញ្ញា​ស្មារតី​គ្រប់​គ្រាន់ ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ជា​ចំណុច​ខ្ញុំ​បាន​លើក​ឡើង​នោះ​ទេ នោះ​គាត់​មិន​អាច​ចូល​រួម​សវនាការ​បាន​ទេ»

លោក​បន្ត​ថា ការ​សំរេច​ឲ្យ​អ្នកស្រី អៀង ធីរិទ្ធ នៅ​ឃុំ​ជា​បណ្តោះអាសន្ត​នេះ លុះ​ត្រា​តែ​មាន​ការ​សំរេច​ជា​មុន​ពី​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​តុលាការ​ខ្មែរ​ក្រហម ហើយ​អាច​តម្រូវ​ឲ្យ​អ្នកស្រី​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​ហាម​មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ទៅ​លើ​រដ្ឋបាល​យុត្តិធម៌ និង​មិន​ត្រូវ​មាន​ទំនាក់​ទំនង​ជាមួយ​សាក្សី​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​សាលាក្តី​ខ្មែរ​ក្រហម។

ម្យ៉ាង​ទៀត អ្នកស្រី​ត្រូវ​ផ្ដល់​អំពី​អាសយដ្ឋាន​ថ្មី​របស់​អ្នកស្រី​ទៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ព្រម​ទាំង​មាន​សិទ្ធិ​ក្នុង​ការ​តែង​តាំង​អ្នក​ជំនាញ​ថ្មី ដើម្បី​ព្យាបាល​ឲ្យ​មាន​កាយ​សម្បទា​មាំមួន​ឡើង​វិញ សម្រាប់​ចូល​ខ្លួន​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​អនាគត៕