លោក ចាន់ សូវ៉េត មន្ត្រីស៊ើបអង្កេតអង្គការអាដហុក បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចខ្មែរមិនទាន់មានបច្ចេកទេសខ្ពស់ក្នុងការស្រាវជ្រាវរកមុខឃាតករដៃដល់ ក៏ប៉ុន្តែហាក់អល់ឯកក្នុងការសហការនោះ។
លោក ចាន់ សូវ៉េត បានឲ្យដឹងថា ៖ «សមត្ថកិច្ចខាងយើង ហាក់បីដូចជាមានការលាក់បំពួនកិច្ចការច្រើនមួយចំនួនទៀត ដែលមិនចង់ឲ្យខាង FBI ធ្វើ ។ គាត់ចង់បានសហការពីអ្វីដែលគាត់មានស្រាប់ចង់ឲ្យ FBI បន្តអីអ៊ីចឹងទៅ។ FBI គេចង់ធ្វើរបៀបជាឯករាជ្យរបស់គេមួយ គេធ្វើពីដើមទីមក តែយើងឃើញថា FBI គេមានចេតនារបស់គេថានឹងអញ្ជើញអ្នកជំនាញខាងការស៊ើបអង្កេតហ្នឹង ហើយនិងឯកសារ ការធ្វើកោសល្យវិច័យហ្នឹង មកពីសហរដ្ឋអាមេរិក ។ ក្នុងន័យនេះខ្ញុំគិតថា បើសិនជាបានធ្វើក្នុងលក្ខណៈឯករាជ្យអ៊ីចឹងមែន ខ្ញុំគិតថាឃាតករនឹងអាចវែកមុខឃើញក្នុងពេលឆាប់ៗនេះ»។
ស្នងការនគរបាលក្រុងភ្នំពេញ លោក ទូច ណារ៉ុថ មិនអាចទំនាក់ទំនងបានទេនៅថ្ងៃអាទិត្យនេះ ដើម្បីសុំការបញ្ជាក់ពីដំណើការនៃការស៊ើបអង្កេតលើករណីបាញ់សម្លាប់អ្នកកាសែតមនសិការខែ្មរ លោក ឃឹម សម្បូរណ៍ និងកូនប្រុស ដែលបានកើតឡើងរយៈពេលជិតពីរខែមកហើយនោះ។
ប៉ុន្តែមន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Jonh Johnson បានបង្ហើបឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ភ្នាក់ងារ FBI បានឯកភាពគ្នានូវចំណុចមួយចំនួនហើយ។
លោក Jonh Johnson បានមានប្រសាសន៍ថា ៖ "ក្រុម FBI បានទាក់ទងតំណាងមកពីក្រសួងមហាផ្ទៃ ហើយខ្ញុំគិតថាពួកគេបានឯកភាពគ្នាលើចំណុចថា តើពួកគេត្រូវការជំនួយប្រភេទណាពី FBI។ ប៉ុន្តែយើងនៅមិនទាន់បានទទួល ការអះអាងជាផ្លូវការណាមួយនោះឡើយ ទាក់ទងនឹងប្រភេទជំនួយដែលត្រូវផ្ដល់ឲ្យនោះ។ ខ្ញុំគ្រាន់តែដឹងថាពួកគេបានឯកភាពគ្នាជាទ្រឹស្ដីលើប្រភេទជំនួយដែល FBI នឹងផ្ដល់ឲ្យតែប៉ុណ្ណោះ"។
លោកបានបញ្ជាក់ទៀតថា ចំពោះពេលវេលានៃការស៊ើបអង្កេតនោះ លោកនៅមិនទាន់បានដឹងច្បាស់នៅឡើយទេ។
ឃាតកម្មបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរនោះធ្វើឲ្យចាងហ្វាង និងក្រុមការងាររបស់កាសែតនេះ កំពុងតែមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
លោក ដាំ សិទ្ធិ បានមានប្រសាសន៍ថា ៖ «ទាក់ទងនឹងសុវត្ថិភាពខ្ញុំផ្ទាល់ខ្លួន ខ្ញុំនៅតែមានការព្រួយបារម្ភជានិច្ចក្នុងការយើងចេញដើរទៅណាមកណា ទំនាក់ទំនងការងារ។ ទី២ សហការីរបស់ខ្ញុំដែលធ្វើការនៅក្នុងកាសែតមនសិការខ្មែរនោះ ក៏មានការព្រួយបារម្ភពីសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់ដែរ»។
មន្ត្រីស៊ើបអង្កេតអង្គការអាដហុកបានសម្តែងការព្រួយបារម្ភថា ការអូសបន្លាយយូរពេកអាចបាត់បង់ភស្តុតាង និងអាចធ្វើឲ្យជនឆ្លៀតឱកាសបន្លំភស្តុតាង ឬធ្វើឲ្យការស្រាវជ្រាវនេះក្លាយជារឿងមិនពិតជាដើម។
សូមបញ្ជាក់ថាករណីឃាតកម្មលើអ្នកនិពន្ធកាសែតមនសិការខ្មែរ លោក ឃឹម សម្បូរណ៍ និងកូនប្រុសបានកើតឡើងតាំងពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ នៅក្បែរស្តាតអូឡាំពិក នៅគ្រាដែលលោកចេញពីហាត់ប្រាណវិញ៕
