មន្ត្រីខ្មែរដែលកំពុងគ្រប់គ្រងស្ថានការណ៍ប្រឈមមុខដោយកងយោធាខ្មែរថៃនៅតំបន់បរិវេណប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា បានស្នើសុំមេបញ្ជាការយោធាថៃឲ្យបញ្ឈប់កងទាហានប៉ារ៉ាកុំឲ្យបន្តជីកលេណដ្ឋានត្រៀមប្រយុទ្ធនៅខ្សែត្រៀមជួរមុខតាមបណ្ដោយព្រំដែនតទៅទៀត ដើម្បីបញ្ជៀសចេញនូវភាពប្រឈមមុខដាក់គ្នាដ៏តានតឹងដោយអាវុធ ។
អភិបាលរងខែត្រព្រះវិហារដែលកំពុងគ្រប់គ្រងកងកម្លាំងយោធាខ្មែរនៅតំបន់វត្តជិតប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ទោ ស ថាវី បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ថា មន្ត្រីយោធាខ្មែរបានស្នើសុំឲ្យមេបញ្ជាការកងទ័ពឈុតខ្មៅនិងប៉ារ៉ាបញ្ឈប់ការជីកលេណដ្ឋានប្រយុទ្ធគោលបំណងដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធាដែលកំពុងតែប្រឈមមុខដាក់គ្នាដោយអាវុធនោះ ។
លោកឧត្តមសេនីយ៍ទោ ស ថាវី បានឲ្យដឹងថា ៖ «សំណូមពរទៅភាគីថៃឲ្យបញ្ឈប់ការជីកលេណដ្ឋានហើយគេក៏សុខចិត្តឈប់ហើយ ។ អ៊ីចឹងបានថាស្ថានភាពវានៅទល់មុខគ្នាវាអាចធូរស្រាល វាអាចកាត់បន្ថយច្រើន ធូរស្រាលច្រើន វាមិនប្រឈមមុខដាក់គ្នា ។ ឥឡូវយើងហូបបាយជាមួយគ្នាបានអីជាមួយគ្នាបាន» ។
មេបញ្ជាការយោធាថៃបានបន្ទន់ឥរិយាបថហើយថាគេបានយល់ព្រមចំពោះសំណើកម្ពុជានេះ ។
មេបញ្ជាការកងទាហានឈុតខ្មៅថៃ លោក អាភីឆាត ភូភួក បានមានប្រសាសន៍ឆ្លើយតបភ្លាមៗថា លោកនឹងដាក់បញ្ញត្តិឲ្យកងទាហានថៃនៅក្រោមបង្គាប់បញ្ឈប់ការជីកលេណដ្ឋាននេះ ពីព្រោះថាគោលបំណងយោធាថៃមិនចង់ឲ្យមានការបង្ហូរឈាមគ្នាទេ ។
លោក អាភីឆាត ភូភួក បានឲ្យដឹងថា ៖ "ទោះបីជាមានការជីកលេណដ្ឋានតិចតួចក៏ដោយក៏ភាគីទាំងសងខាងគឺនៅរក្សាកេរ្តិ៍ឈ្មោះ ឬកិត្តិយសរវាងប្រទេសទាំងពីរមិនឲ្យមានបញ្ហាអីជាមួយគ្នា ។ បញ្ហាគឺថ្នាក់លើឬក៏កងទ័ពជើងគោកជាអ្នកដោះស្រាយ" ។
ចំណែកមេកងទាហានប៉ារ៉ាថៃនៅតំបន់ខ្សែត្រៀមទី១ជាប់ព្រំដែនកម្ពុជាថៃមិនឆ្ងាយប៉ុន្មានពីប្រាសាទព្រះវិហារបាននិយាយថា គេគ្រាន់តែជីកលេណដ្ឋានដើម្បីការពារខ្លួនប៉ុណ្ណោះមិនមែនសម្រាប់ការប្រយុទ្ធទេ ។ ហើយថាការស្នើសុំរបស់មន្ត្រីយោធាកម្ពុជាមិនឲ្យជីកលេណដ្ឋាននោះគឺមានតែបញ្ជាការធំប៉ុណ្ណោះទើបអាចសម្រេចបាន ៖ "ក្នុងនាមពួកគាត់ជាប៉ារ៉ានេះ ពួកគាត់មកទីនេះជីកលេណដ្ឋានការពារខ្លួនប៉ុណ្ណឹងទេ" ។
សូមរំឮកថាចាប់តាំងតែពីកងទាហានឈុតខ្មៅថៃបានចូលលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វារៈ ជាប់ប្រាសាទព្រះវិហាររហូតមកដល់ថ្ងៃសៅរ៍នេះមានរយៈពេល១១ថ្ងៃហើយ ដោយវត្តមានកងទាហានឈុតខ្មៅថៃនៅតែស្ថិតក្នុងទឹកដីនៅឡើយ ។ ចំណែកឯកងប៉ារ៉ាថៃក៏បានបញ្ជូនមកប្រឈមមុខជាមួយនឹងទាហានខ្មែរនៅឯខ្សែត្រៀមទី១ ជាប់បន្ទាត់ព្រំដែន ។
តាមព័ត៌មានចុងក្រោយពីកងរក្សាព្រំដែនខ្មែរបានឲ្យដឹងថា ចាប់តាំងតែពីវេលាម៉ោងប្រមាណ១២ថ្ងៃសៅរ៍នេះបាតុករថៃមួយក្រុមបានលើកគ្នាមកស្រែកទាមទារនៅជុំវិញប្រាសាទព្រះវិហារ ក៏ប៉ុន្តែត្រូវកងយោធាថៃរារាំងនៅក្នុងទឹកដីថៃចម្ងាយប្រមាណ២គីឡូម៉ែត្រពីបន្ទាត់ព្រំដែនខ្មែរថៃ ៕
