ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃជាច្រើននាក់រងរបួសដោយការបង្រ្កាបរបស់ប៉ូលិសថៃដែលព្យាយាមបំបែកហ្វូងបាតុករ នៅខាងក្រៅអគាររបស់អង្គការសហប្រជាជាតិ និងខាងក្នុងបរិវេណអគាររដ្ឋាភិបាលថៃនៅទីក្រុងបាងកក កាលពីរសៀលថ្ងៃសុក្រ ទី២៩ ខែសីហានេះ ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីរាយការណ៍មកថា ក្រុមប៉ូលិសជាងមួយពាន់នាក់បានប្រើដំបងនិងខែលគ្រប់ដៃ ចែកជាច្រើនក្រុម ព្យាយាមបំបែកក្រុមអ្នកតវ៉ានៅច្រកទ្វារទាំង៧ ដែលក្រុមអ្នកតវ៉ាព្យាយាមបិទមិនឲ្យក្រុមប៉ូលិសចូលអនុវត្តដីកាចាប់ខ្លួនមេដឹកនាំបាតុករ៩រូបរបស់ពួកគេ ។
មេដឹកនាំទាំងនោះរងការចោទពីបទក្បត់ជាតិ ញុះញង់ឲ្យមានអំពើក្បត់ជាតិ បានដឹកនាំឲ្យមានការចូលបំផ្លាញនិងកាន់កាប់ស្ថានីយ៍ទូរទស្សន៍ជាតិរបស់ថៃ កាលពីថ្ងៃទី២៦ ខែសីហានេះ និងបានចូលកាន់កាប់វិមានរដ្ឋាភិបាល កាលពីថ្ងៃទី២៧ ខែសីហានេះដែរ ។
ប៉ូលិសថៃបានប្រើដំបងវាយក្រុមបាតុករ ចាប់ចងបានមួយចំនួន បន្ទាប់ពីក្រុមអ្នកតវ៉ាថៃខ្លះបានប្រើអាវុធ ដំបង ដាវ ជំពាម និងពូថៅ វាយប្រហារទៅលើប៉ូលិសវិញ និងបន្ទាប់ពីប៉ូលិសថៃបានរកឃើញអាវុធមួយចំនួនរួមមានកាំភ្លើងនិងគ្រាប់កាំភ្លើងរបស់ក្រុមអ្នកតវ៉ាទាំងនោះ ។
នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការរងរបួសខាងក្រុមប៉ូលិសថៃនោះទេ ប៉ុន្តែក្រុមបាតុករដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។ រហូតមកទល់ពេលនេះកងប៉ូលិសថៃនៅមិនទាន់អាចបំបែកក្បួនតវ៉ា និងចាប់ខ្លួនមេដឹកនាំបាតុករថៃទាំង៩រូបដែលកំពុងស្ថិតនៅក្នុងចំណោមបាតុកររាប់ម៉ឺននាក់នោះនៅឡើយទេ ។
នាយករដ្ឋមន្រ្តីថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវ៉េត ត្រូវបានគេរាយការណ៍មកថា នៅក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃសុក្រនេះ លោកគ្រោងនឹងបញ្ជាឲ្យប្រើកម្លាំងដើម្បីបំបែកហ្វូងបាតុករឲ្យបានទាំងស្រុង ប៉ុន្តែសមាជិកភាគច្រើននៃគណបក្សអំណាចប្រជាពលរដ្ឋរបស់លោកប្រឆាំងជំទាស់ ដោយស្នើឲ្យលោកអត់ធ្មត់ និងបន្តធ្វើសង្រ្គាមចិត្តសាស្រ្តជាមួយក្រុមអ្នកតវ៉ាថៃដែលមកពីសម្ព័ន្ធភាពប្រជាជាជនថៃដើម្បីលទ្ធិប្រជាធិបតេយ្យនោះ ។
នៅស្របពេលជាមួយគ្នានេះអាជ្ញាធរអាកាសចរណ៍ថៃ បានប្រកាសឲ្យមានកិច្ចការពារសន្តិសុខយ៉ាងប្រយ័ត្នប្រយែងនៅតាមចំណតយន្តហោះមួយចំនួននៅតាមបណ្តាខេត្តនានា ក្រៅទីក្រុងបាងកក ។
មន្ត្រីថៃមួយរូបឈ្មោះ សេរីរដ្ឋ ប្រាស៊ុតាណុនដ៏ នាយកស្តីទីនៃអាជ្ញាធរអាកាសចរណ៍ថៃបានថ្លែងប្រាប់អ្នកកាសែតថា ការប្រកាសភាពអាសន្នរក្សាសន្តិសុខតាមចំណតអាកាសយាន្តដ្ឋាននេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីមានរបាយការណ៍ចារកិច្ចសម្ងាត់មកថា ក្រុមអ្នកតវ៉ាគ្រោងនឹងវាយលុកដណ្តើមកាន់កាប់ចំណតយន្តហោះមួយចំនួនរួមមាន នៅខេត្តហាតយ៉ៃ ឈាងម៉ៃ ភូកេត និងឈាងរ៉ៃ ។
កាលពីព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកតវ៉ាថៃខ្លះបានចូលបិទច្រកទ្វារនៅព្រលានយន្តហោះនៃខេត្តហាតយ៉ៃ ដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ និងខ្លះទៀតបានចូលទៅដល់ព្រលានយន្តហោះភូកេត ។
ក្រុមមេដឹកនាំនៃសម្ព័ន្ធភាពប្រជាធិបតេយ្យ លោក សុនធិលីមថុងគុល បានអះអាងថាបាតុករនឹងបន្តឡោមព័ទ្ធអគាររដ្ឋាភិបាលក្នុងក្រុងបាងកក រហូតដល់ថ្ងៃទី៣១ សីហា មុនបន្តយុទ្ធសាស្រ្តថ្មីរបស់ពួកគេក្នុងការប្រឆាំងទាមទារឲ្យលោក សាម៉ាក់ ចុះចេញពីតំណែង និងទាមទារឲ្យនាំ លោក ថាក់ស៊ីន ឈីនណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃដែលបានភៀសខ្លួនទៅជ្រកកោននៅប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ ឲ្យត្រឡប់មកប្រឈមមុខនឹងការកាត់ទោសដោយតុលាការថៃ ពីបទកេងប្រវ័ញ្ចប្រាក់ជាតិរាប់ពាន់លានបាត ។
ក្រុមមេដឹកនាំបាតុករថៃទាំង៩រូបនោះបានប្រកាសថា ពួកគេមិនខ្លាចការចាប់ខ្លួនដោយប៉ូលិសថៃនោះទេ និងថាពួកគេបានតែងតាំងអ្នកស្នងតំណែងរបស់ខ្លួនក្នុងការដឹកនាំបាតុកម្មប្រឆាំងបន្តទៅទៀត ដែលក្នុងនោះរួមមានអតីតឧត្តមសេនីយ៍យោធាជាន់ខ្ពស់ គឺលោក ផាន់លុប ពីន ម៉ានី ផងដែរ ៕