ត្រាក់​ប្រឆាំង​គណបក្ស​ប្រជាជន​ត្រូវ​គេ​បាច​នៅ​ក្រុង​ភ្នំពេញ

ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​ចាប់ និង​ប្រមូល​ខិត្តប័ណ្ណ (ត្រាក់) បាន​ចំនួន​ជាង ១០០​សន្លឹក ដែល​បាន​បាច​នៅ​ចំណុច​ក្បែរ​វត្ត​ភ្នំ កណ្ដាល​ក្រុង​ភ្នំពេញ​មួយ​កន្លែង និង​សួន​ច្បារ​ក្នុង​សង្កាត់​ចតុមុខ​មួយ​កន្លែង​ទៀត។
ដោយ កែវ និមល
2010-08-11
Share
ទូច ណារ៉ុថ ៣០៥ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ (រូប​មុខ)។
RFA/Leng Maly

លោក ទូច ណារ៉ុថ ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ សីហា ថា ប៉ូលិស​ចាប់​បាន​ត្រាក់ និង​ឃាត់​ខ្លួន​មនុស្ស​មួយ​រូប​ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​បាច​ត្រាក់​នោះ។

លោក​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បុរស​ដែល​ចាប់​ខ្លួន​នោះ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ឃុំ​ខ្លួន និង​ធ្វើ​ការ​សាកសួរ​ដើម្បី​រក​ប្រភព​ត្រាក់​នោះ និង​បក្ខពួក​របស់​គេ។

ខ្លឹមសារ​ត្រាក់​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន មាន​សរសេរ​ជា​អាទិ​ឲ្យ​ដឹង​ថា ជាតិ​ខ្មែរ​កំពុង​ប្រឈម​នឹង​គ្រោះ​មហន្តរាយ ដោយសារ​នយោបាយ​របស់​វៀតណាម និង​ពួក​ក្បត់​ជាតិ​លក់​ទឹក​ដី ដែល​មាន​គេ​បាន​សរសេរ​ឈ្មោះ​លោក ហេង សំរិន, លោក ជា ស៊ីម និង​លោក ហ៊ុន សែន។

ត្រាក់​នោះ​បាន​សរសេរ​ទៀត​ថា មាន​ជនជាតិ​វៀតណាម​ហូរ​ចូល​មក​រស់​នៅ​ប្រទេស​កម្ពុជា ដោយ​គ្មាន​លិខិត​ឆ្លង​ដែន​តាម​រូបភាព​ជា​អ្នក​ទេសចរណ៍ និង​តាមរយៈ​សមាគម​វៀតណាម​នៅ​២៤​ខេត្ត​ក្រុង។ មាន​ការ​បញ្ជូន​ទាហាន​វៀតណាម​មក​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ជួយ​ខ្មែរ​រឿង​ប្រាសាទ​ព្រះវិហារ និង​ដើម្បី​ការពារ​ក្រុមហ៊ុន​វិនិយោគ​ដែល​រឹបអូស​យក​ដី​ប្រជា​ពលរដ្ឋ។

ខ្លឹមសារ​ត្រាក់​នោះ​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​លេប​យក​ទឹក​ដី​ខ្មែរ​វៀតណាម​បាន​ប្រើ​ក្រុម​ចារកម្ម​សម្ងាត់​សម្លាប់​ខ្មែរ តាម​របៀប​ដាក់​ថ្នាំ​បំពុល ប្រើ​ជាតិ​គីមី​លើ​ចំណី​អាហារ និង​ធ្វើ​ឲ្យ​មាន​ជំងឺ​ផ្សេង​ៗ​ជាដើម។

ខ្លឹមសារ​ត្រាក់​នោះ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​រួម​សាមគ្គី​គ្នា ក្រោក​ឡើង​ដេញ​វៀតណាម និង​ផ្លាស់​ប្ដូរ​អ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។

ត្រាក់​នោះ​សរសេរ​ដោយ​អក្សរ​កុំព្យូទ័រ និង​មាន​ដាក់​ទង់​ជាតិ​ខ្មែរ ដោយ​មាន​ថែម​ផ្កាយ​ចំនួន ៣ លើ​ទង់​ជាតិ​នោះ និង​មាន​សរសេរ​អក្សរ​ធំ​ៗ​ថា "សម្លេង​ខ្មែរ​ជាតិ​និយម"​ទៀត​ផង។

លោក ចាន់ សូវេត បុគ្គលិក​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ អាដហុក បាន​មាន​ប្រសាសន៍​ថា ការ​បាច​ត្រាក់​ជា​ការ​បញ្ចេញ​មតិ​មួយ​ប៉ុណ្ណោះ បើ​សិន​ជា​ការ​សកម្មភាព​បាច​ត្រាក់​នោះ មិន​បណ្ដាល​ឲ្យ​មាន​ចលាចល​សង្គម​ទេ គេ​គ្រាន់តែ​អប់រំ​អ្នក​បាច​នោះ ហើយ​គួរ​ដោះលែង​ទៅ។

ប្រភព​មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ការ​បាច​ត្រាក់​នេះ​ជា​ករណី​លើក​ទី​មួយ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ។

ការ​បាច​ត្រាក់​ប្រឆាំង​វៀតណាម និង​អ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ កើត​មាន​ឡើង​ក្នុង​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ កំពុង​តែ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​យ៉ាង​គ្រោតគ្រាត ទាក់ទង​ជាមួយ​ទំនាស់​តាម​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ជា​ពិសេស​ក្នុង​ពេល​អ្នក​ដឹកនាំ​ថៃ​បាន​គំរាម​ប្រើ​កម្លាំង​យោធា​វាយ​លុក​មក​លើ​ប្រទេស​កម្ពុជា៕

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Anonymous says:
Aug 11, 2010 02:17 AM

together should be think.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល