រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក RAIS YATIM ចង់ឃើញប្រទេសថៃព្យាយាមជៀសវាងជម្លោះព្រំដែនជាមួយនឹងកម្ពុជា កុំឲ្យមានភាពស្មុគស្មាញថែមទៀត ពីព្រោះថៃនឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ទាំង១០ នៅថ្ងៃខាងមុខនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន អា.អេហ្វ.ប៉េ. ការស្នើឡើងរបស់លោក RAIS YATIM នេះ បានធ្វើឡើងមុនពេលដែលលោកអញ្ជើញទៅជួបលោក ស៊ុមឆៃ វង់សាវ៉ាត នាយករដ្ឋមន្ត្រីថៃ នាទីក្រុងបាងកក នៅថ្ងៃពុធនេះ។
ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលម៉ាឡេស៊ីនឹងបញ្ជូនរូបលោក RAIS YATIM ដោយពាំនាំនូវសារពិសេសពីលោក ABDULLAS AHMAD BADAWI នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឲ្យទៅជូននាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន សូមឲ្យប្រទេសទាំងពីរជៀសវាងនូវការប៉ះទង្គិចដោយអាវុធ ហើយសូមឲ្យមានការផ្តើមពិភាក្សាគ្នាដោយសន្តិវិធី។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបញ្ជាក់ថា លោកសង្ឃឹមអស់ពីដួងចិត្តថា នឹងមានការចរចាផ្សះផ្សាមួយដើម្បីបញ្ចប់ការប៉ះទង្គិចដោយអាវុធនេះ៕
