កិច្ចប្រជុំនោះ គឺផ្ដោតលើស្ថានការណ៍ការងាររបស់ពលករចំណាកស្រុក និងវិធានការគាំពារពលករទាំងនោះ នៅកន្លែងការងារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១២ បានអំពាវនាវសុំឲ្យប្រទេសជាសមាជិកអាស៊ាន ទាំង ១០ ប្រកាន់យកគោលការណ៍មនុស្សធម៌ និងច្បាប់ការងារ ដើម្បីគាំពារពលករចំណាកស្រុក នៅកន្លែងការងារ ជៀសវាងការរំលោភសិទ្ធិមនុស្សលើពលករ ដែលធ្វើការនៅក្នុងប្រទេសជាសមាជិកអាស៊ានទាំងនោះ។
ការទាមទារនេះ នៅគ្រាដែលប្រទេសសមាជិកអាស៊ាន ចំនួន ១០ គ្រោងបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ ២០១៥។ នៅពេលនោះហើយ នឹងមានលំហូរពលករជំនាញពីប្រទេសមួយ ទៅប្រទេសមួយទៀត នៅក្នុងតំបន់ និងមានលំហូរទំនិញពាណិជ្ជកម្មដោយសេរី។
ប្រទេសកម្ពុជា គឺជាប្រទេសនាំចេញពលករដ៏ធំមួយ ទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ពលករដែលមានជំនាញតិចតួច គប្បីត្រូវបានការពារសិទ្ធិ ស្របតាមសេចក្ដីថ្លែងការណ៍របស់អាស៊ានកន្លងមក។
លោក ហ៊ុន សែន៖ «នៅក្នុងក្របខ័ណ្ឌអាស៊ាន មានប្រទេសមួយចំនួន ជាប្រទេសនាំពលករចូល ហើយប្រទេសមួយចំនួនធំទៀត ជាប្រទេសនាំពលករចេញ រួមទាំងកម្ពុជាផងដែរ។ ប្រការនេះ បានគូសរំលេចអំពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហការក្នុងចំណោមប្រទេសអាស៊ាន ដើម្បីការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសក៍»។
ប្រទេសសមាជិកអាស៊ាន ចំនួន ១០ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០០៩ កន្លងទៅនេះ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយ ដើម្បីលើកកម្ពស់សិទ្ធិពលករ និងបានបង្កើតគណៈកម្មការមួយ ដើម្បីអនុវត្តន៍តាមសេចក្ដីថ្លែងការណ៍នេះ។
រហូតមកដល់ពេលនេះ អាស៊ាននៅមិនទាន់មានកិច្ចព្រមព្រៀងជាក់លាក់ណាមួយនៅឡើយទេ ស្ដីពីកិច្ចគាំពារសិទ្ធិពលករចំណាកស្រុកទាំងនោះ។
ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលតែងតែឃ្លាំមើលការរំលោភសិទ្ធិពលករកម្ពុជា មានប្រសាសន៍ថា កន្លងមក ពលការិនីកម្ពុជា បានរងការធ្វើបាប នៅប្រទេសម៉ាឡេស៊ី និង ថៃ ជាដើម។
លោក មឿន តុលា៖ «យើងគាំទ្រចំពោះការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី ...ជាក់ស្ដែងពលករខ្មែរ នៅប្រទេសម៉ាឡេស៊ីនៅតែទទួលរងនូវការធ្វើបាប ការបង្ខំឲ្យធ្វើការថែមម៉ោងហួសពី ៨ ម៉ោងក្នុងមួយថ្ងៃ ហើយនិងមិនមានរបបអាហារហូបចុកឲ្យបានគ្រប់គ្រាន់ទេ។ ខ្មែរយើងដែលទៅធ្វើការនៅប្រទេសថៃហ្នឹងក៏ទទួលរងនូវការដាក់ឲ្យស្ថិតនៅក្រោមលក្ខខណ្ឌហាក់ដូចជាទេសភាពដែរ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សេង សក្កដា ធ្លាប់បានអះអាងថា មានពលការិនីកម្ពុជាចំនួន ៥ ម៉ឺននាក់ ធ្វើការនៅប្រទេសម៉ាឡេស៊ីកន្លងមក។
របាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ឈ្មោះថា យូមែនរាយវ៉ចឆ៍ (Human Rights Watch) ដែលបានចេញផ្សាយនៅខែមីនា ឆ្នាំ ២០១១ កន្លងទៅនេះ បានរកឃើញថា ពលការិនីកម្ពុជា ធ្វើការងារនៅប្រទេសម៉ាឡេស៊ី បានរងការធ្វើបាប និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ពលការិនីទាំងនោះ បានរងការបោកប្រាស់គ្រប់ជំហាន។
របាយការណ៍ស៊ើបអង្កេតប្រចាំឆ្នាំ នៅឆ្នាំ ២០១១ ចេញផ្សាយដោយក្រសួងការបរទេស សហរដ្ឋអាមេរិក បានដាក់ឈ្មោះប្រទេសកម្ពុជា ក្នុងលំដាប់លេខ ២។ គឺមានន័យថា កម្ពុជាមានកេរ្តិ៍ឈ្មោះល្អបង្គួរ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ។
ប៉ុន្តែរបាយការណ៍នេះ បានចាត់ទុកប្រទេសកម្ពុជា ជាប្រភពនៃការជួញដូរមនុស្ស កន្លែងឆ្លងកាត់ និងកន្លែងសំចតសម្រាប់បុរស ស្ត្រី និងកុមារ សម្រាប់នាំចេញទៅប្រទេសថៃ និងម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
