មតិ​ជុំវិញ​របាយការណ៍​នៃ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន

ក្រុម​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន បាន​ជួប​ប្រជុំ​លើក​ទី​១ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ៩ ខែ​មករា នេះ ដោយ​បាន​ពិភាក្សា និង​អនុម័ត​លើ​របាយការណ៍​នៃ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ដើម្បី​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

0:00 / 0:00

ក្រុម​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន (ASEAN Intergovernmental Commission on Human Rights) បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ប្រឹងប្រែង​ដើម្បី​បញ្ចប់​សេចក្ដី​ព្រាង​នេះ​នៅ​ឆ្នាំ​២០១២។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស និង​គណបក្ស​នយោបាយ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា សុទ្ធ​តែ​សំដែង​ការ​គាំទ្រ និង​ចង់​បាន​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​មួយ​ចេញ​ពី​ក្រុម​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) រួម​គ្នា​បង្កើត​ឡើង​សម្រាប់​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​នេះ។

ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ពួកគេ​ក៏​មាន​ការ​ព្រួយបារម្ភ​ណាស់​ដែរ ខ្លាចក្រែង​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ មិន​មាន​តម្លាភាព និង​មិន​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ។

ការ​ស្វាគមន៍​ផង និង​ការ​ព្រួយ​ផង បាន​កើត​មាន​ដំណាល​គ្នា បន្ទាប់​ពី​ក្រុម​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន​ចំនួន ១០​ប្រទេស បាន​ជួប​ប្រជុំ​គ្នា ដើម្បី​ជំរុញ​លើ​ការ​ពិភាក្សា និង​អនុម័ត​ទៅ​លើ​សេចក្ដីព្រាង សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន ឱ្យ​បាន​កើត​ចេញ​ជា​រូបរាង​ឆាប់ៗ​នោះ។

លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ប្រធាន​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន។ លោក​បាន​មាន​ប្រសាសន៍​ថា សេចក្ដីព្រាង​នៃ​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​មួយ ដែល​ផ្ដើម​ចេញ​ពី​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដោយ​នឹង​បន្ថែម​ចំណុច​ផ្សេងៗ​ទៀត នឹង​កើត​ចេញ​ជា​រូបរាង​ឡើង​នៅ​ពេល​ខាង​មុខ សម្រាប់​ផលប្រយោជន៍​នៃ​ប្រទេស​ក្នុង​តំបន់។

លោក ឱម យ៉ិនទៀង៖ «សេចក្ដី​ថ្លែងការណ៍​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ គឺ​មាន​តម្លៃ​សម្រាប់​ពិភពលោក​ទាំង​មូល ដូច្នេះ​យើង​ក៏​ជឿជាក់​ថា សេចក្ដី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន នឹង​មាន​តម្លៃ​ជាក់ស្ដែង​សម្រាប់​រដ្ឋ​របស់​អាស៊ាន។ យើង​ចង់​ឱ្យ​សិទ្ធិ​មនុស្ស​អាស៊ាន​ហ្នឹង គឺ​លែង​និយាយ​ថា ពលរដ្ឋ​កម្ពុជា ពលរដ្ឋ​ថៃ លែង​និយាយ​ពលរដ្ឋ​ម៉ាឡេស៊ី ហើយ​ក្នុង​ហ្នឹង​នឹង​បញ្ជាក់​ពលរដ្ឋ​អាស៊ាន ដែល​គោលដៅ​របស់​យើង​ឃើញ​ហើយ​ថា សហគមន៍​មួយ​វាសនា​តែ​មួយ​នោះ​ឯង»

ក្រុម​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ថា គេ​នឹង​ប្រឹងប្រែង​រួម​គ្នា ដើម្បី​ជំរុញ​ឱ្យ​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ នេះ។

គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជានិច្ចជាកាល តែង​រិះគន់​រដ្ឋាភិបាល​ថា មិន​បាន​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ពេញលេញ​នោះ ក៏​បាន​សំដែង​ការ​គាំទ្រ និង​ចង់​បាន​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ​ដែរ។

លោក យឹម សុវណ្ណ ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​រដ្ឋ​សភា។ លោក​បាន​មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​គាំទ្រ​ព្រឹត្តិការណ៍​ទាំងឡាយ​ណា​ដែល​ចូលរួម​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​បណ្ដា​ប្រទេស​នៃ​សមាជិក​សមាគម​អាស៊ាន ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌​ទាំង​អស់​គ្នា ទាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក។

ទោះ​យ៉ាង​ណា លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​រំលោភ​លើ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ឱ្យ​បាន​ជ្រះស្រឡះ មុន​នឹង​ចូលរួម​ចំណែក​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ៖ «យើង​ឃើញ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​កាន់​តែ​ច្រើន​ឡើងៗ ដោយសារ​តែ​អ្នក​កាន់អំណាច​រំលោភ​យក​ដី​ធ្លី​របស់​គាត់​ដោយ​ខុសច្បាប់ ហើយ​ពុំ​មាន​សំណង​សមរម្យ និង​យុត្តិធម៌។ យើង​ឃើញ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នក​ដែល​មាន​ទស្សនៈ​ខុស​ពី​រដ្ឋាភិបាល ក៏​ត្រូវ​បាន​រឹតត្បិត ហើយ​មាន​អ្នក​ខ្លះ​ទៀត ចាប់​ទាំង​ពី​រាស្ត្រ​សាមញ្ញ រហូត​ដល់​តំណាងរាស្ត្រ គឺ​ត្រូវ​ទទួល​រង​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​កាត់ទោស​យ៉ាង​អយុត្តិធម៌។ នេះ​គឺ​សុទ្ធ​តែ​ជា​ឧបសគ្គ​ដែល​ប្រទេស​កម្ពុជា យើង​ត្រូវ​តែ​ដោះស្រាយ​មុន​នឹង​ខ្លួន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់»

ចំណែក​សង្គម​ស៊ីវិល​បាន​យល់​ឃើញ​ថា ប្រទេស​អាស៊ាន​ទាំង​ឡាយ​នោះ គឺ​ជា​ភាគី​នៃ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែរ ដូច្នេះ​គេ​ចង់​បាន​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​មួយ ដែល​មាន​ស្តង់ដារ​ឱ្យ​ខ្ពស់​ជាង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​សម្រាប់​រដ្ឋ​របស់​អាស៊ាន។

លោក អ៊ូ វីរៈ ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ដំណើរ​ការ​នៃ​ការ​ធ្វើ​សេចក្ដី​ព្រាង​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន មក​ដល់​ពេល​នេះ ត្រូវ​ជួប​ភាព​កករ​ល្អក់​ដោយសារ​តែ​ខ្វះ​តម្លាភាព និង​ការ​ពិភាក្សា ទាំង​ជាមួយ​សាធារណជន និង​សង្គម​ស៊ីវិល។ ក៏​ប៉ុន្តែ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​កេរដំណែល​នេះ​ឱ្យ​បាន​ច្រើន​បំផុត ប្រធាន​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន គួរ​តែ​ធានា​ថា សេចក្ដី​ព្រាង​នៃ​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ ត្រូវ​តែ​មាន​តម្លាភាព​ពិត​ប្រាកដ។

លោក អ៊ូ វីរៈ៖ «យើង​អត់​មាន​ជំនឿ។ ទី​១ គឺ​ដំណើរការ​នៃ​សេចក្ដី​ថ្លែងការណ៍​នៅ​ពេល​បច្ចុប្បន្ន​មិន​ទាន់​ធ្វើ​ជា​តម្លាភាព​នៅ​ឡើយ​ទេ គឺ​មាន​ការ​សង្ស័យ​ច្រើន​មិន​ទុក​ចិត្ត។ ចំណុច​ទី​២ ដោយសារ​នៅ​ក្នុង​សមាជិក​អាស៊ាន ជា​ប្រទេស​ដែល​ផ្ដាច់ការ​ច្រើន គឺ​ពិបាក​ក្នុង​ការ​ជជែក​គ្នា ដើម្បី​ឱ្យ​មាន​សេចក្ដី​ប្រកាស​ល្អ​ណាស់ ហើយ​ចំណុច​ទី​៣ លើ​យន្តការ​អាស៊ាន​មួយ គឺ​ទាល់តែ​យល់ព្រម​រួម ហើយ​ការ​យល់ព្រម​រួម​ហ្នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​តែ​មួយ មិន​យល់​ព្រម​ក៏​អាច​រារាំង​បាន ហើយ​ប្រសិន​បើ​ប្រទេស​ដែល​ទាប​ជាងគេ​ហ្នឹង ក៏​អាច​រារាំង​ឱ្យ​ស្តង់ដារ​ហ្នឹង​ទៅ​ទាប​ជាង​គេ​ដែរ។ បញ្ហា​ទាំង​៣​ហ្នឹង ចំពោះ​ខ្ញុំ គឺ​ពិបាក​ក្នុង​ការ​ទុក​ចិត្ត​ណាស់»

ចំណែក​អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ជា​នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO)។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​គាំទ្រ​នូវ​ការ​បង្កើត​សេចក្ដីថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ ពីព្រោះ​សង្គម​ស៊ីវិល​ចង់​បាន​ជា​យូរ​មក​ហើយ ក៏​ប៉ុន្តែ​អ្នកស្រី​ចង់​ឃើញ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ាន​ក្ដី គណៈកម្មការ​សម្រាប់​ស្ត្រី សម្រាប់​កុមារ​ក្ដី គឺ​ឱ្យ​មាន​ជំហរ​ខ្លាំង ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​អាស៊ាន។
អ្នកស្រី ពុង ឈីវកេក៖ «អាស៊ាន​គឺ​មាន​ប្រទេស​សមាជិក ១០ យើង​ងាក​ទៅ​មើល​ទៅ​ឃើញ​ថា នៅ​ក្នុង​ប្រទេស​នីមួយៗ​សុទ្ធ​តែ​មាន​បញ្ហា​ច្រើន ឬ​ក៏​តិច ដូច្នេះ​យើង​ឃើញ​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​ហ្នឹង គឺ​នៅ​មាន​ខ្សោយ​ណាស់។ អ៊ីចឹង​យើង​ចង់​ឱ្យ​ឃើញ​ថា ធ្វើ​ឱ្យ​មាន​តម្លាភាព​ទៅ ពេល​ដែល​សេចក្ដី​ព្រាង​ហ្នឹង​បើក​ចំហ​ឱ្យ​ពួក​សង្គម​ស៊ីវិល​ចូល​រួម​ផង ហើយ​ពេល​ណា​ធ្វើ​បាន​ជា​សេចក្ដី​ព្រាង​មក ចែក​ចាយ​ឱ្យ​សង្គម​ស៊ីវិល ទុក​ពេល​ច្រើន​ដើម្បី​ឱ្យ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​អាស៊ាន​ហ្នឹង​ជួយ​ផ្ដល់​ជា​យោបល់»

គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ រហូត​ដល់​ទី​១៩ ខែ​កុម្ភៈ គេ​មាន​គម្រោង​នឹង​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​២ ដើម្បី​ពិភាក្សា​អំពី​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន នៅ​លេខាធិការដ្ឋាន​អាស៊ាន នា​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី បន្ត​ទៀត៕