ក្រុមគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន (ASEAN Intergovernmental Commission on Human Rights) បានប្ដេជ្ញាចិត្តរួមគ្នាប្រឹងប្រែងដើម្បីបញ្ចប់សេចក្ដីព្រាងនេះនៅឆ្នាំ២០១២។
ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលកំពុងធ្វើការងារពាក់ព័ន្ធនឹងសកម្មភាពការពារសិទ្ធិមនុស្ស និងគណបក្សនយោបាយមួយចំនួននៅក្នុងប្រទេសកម្ពុជា សុទ្ធតែសំដែងការគាំទ្រ និងចង់បានសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សមួយចេញពីក្រុមប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) រួមគ្នាបង្កើតឡើងសម្រាប់លើកស្ទួយសិទ្ធិមនុស្សនៅក្នុងតំបន់នេះ។
ក៏ប៉ុន្តែទន្ទឹមគ្នានេះ ពួកគេក៏មានការព្រួយបារម្ភណាស់ដែរ ខ្លាចក្រែងសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាននោះ មិនមានតម្លាភាព និងមិនមានការគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ។
ការស្វាគមន៍ផង និងការព្រួយផង បានកើតមានដំណាលគ្នា បន្ទាប់ពីក្រុមគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ានចំនួន ១០ប្រទេស បានជួបប្រជុំគ្នា ដើម្បីជំរុញលើការពិភាក្សា និងអនុម័តទៅលើសេចក្ដីព្រាង សេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាន ឱ្យបានកើតចេញជារូបរាងឆាប់ៗនោះ។
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ដែលជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន។ លោកបានមានប្រសាសន៍ថា សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ានមួយ ដែលផ្ដើមចេញពីសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយនឹងបន្ថែមចំណុចផ្សេងៗទៀត នឹងកើតចេញជារូបរាងឡើងនៅពេលខាងមុខ សម្រាប់ផលប្រយោជន៍នៃប្រទេសក្នុងតំបន់។
លោក ឱម យ៉ិនទៀង៖ «សេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺមានតម្លៃសម្រាប់ពិភពលោកទាំងមូល ដូច្នេះយើងក៏ជឿជាក់ថា សេចក្ដីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាន នឹងមានតម្លៃជាក់ស្ដែងសម្រាប់រដ្ឋរបស់អាស៊ាន។ យើងចង់ឱ្យសិទ្ធិមនុស្សអាស៊ានហ្នឹង គឺលែងនិយាយថា ពលរដ្ឋកម្ពុជា ពលរដ្ឋថៃ លែងនិយាយពលរដ្ឋម៉ាឡេស៊ី ហើយក្នុងហ្នឹងនឹងបញ្ជាក់ពលរដ្ឋអាស៊ាន ដែលគោលដៅរបស់យើងឃើញហើយថា សហគមន៍មួយវាសនាតែមួយនោះឯង»។
ក្រុមគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន បានធ្វើការប្ដេជ្ញាចិត្តថា គេនឹងប្រឹងប្រែងរួមគ្នា ដើម្បីជំរុញឱ្យសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាន កើតឡើងក្នុងឆ្នាំ២០១២ នេះ។
គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចជាកាល តែងរិះគន់រដ្ឋាភិបាលថា មិនបានគោរពសិទ្ធិមនុស្សឱ្យបានពេញលេញនោះ ក៏បានសំដែងការគាំទ្រ និងចង់បានសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាននេះដែរ។
លោក យឹម សុវណ្ណ ជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី និងជាសមាជិករដ្ឋសភា។ លោកបានមានប្រសាសន៍ថា គណបក្សរបស់លោកគាំទ្រព្រឹត្តិការណ៍ទាំងឡាយណាដែលចូលរួមជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងបណ្ដាប្រទេសនៃសមាជិកសមាគមអាស៊ាន ដើម្បីការអភិវឌ្ឍប្រកបដោយសមធម៌ទាំងអស់គ្នា ទាំងនៅក្នុងតំបន់ និងពិភពលោក។
ទោះយ៉ាងណា លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា លោកចង់ឃើញរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហារំលោភលើសិទ្ធិមនុស្សមួយចំនួនឱ្យបានជ្រះស្រឡះ មុននឹងចូលរួមចំណែកធ្វើសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាននោះ៖ «យើងឃើញមានប្រជាពលរដ្ឋរងគ្រោះកាន់តែច្រើនឡើងៗ ដោយសារតែអ្នកកាន់អំណាចរំលោភយកដីធ្លីរបស់គាត់ដោយខុសច្បាប់ ហើយពុំមានសំណងសមរម្យ និងយុត្តិធម៌។ យើងឃើញសិទ្ធិសេរីភាពបញ្ចេញមតិរបស់អ្នកដែលមានទស្សនៈខុសពីរដ្ឋាភិបាល ក៏ត្រូវបានរឹតត្បិត ហើយមានអ្នកខ្លះទៀត ចាប់ទាំងពីរាស្ត្រសាមញ្ញ រហូតដល់តំណាងរាស្ត្រ គឺត្រូវទទួលរងនូវការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីកាត់ទោសយ៉ាងអយុត្តិធម៌។ នេះគឺសុទ្ធតែជាឧបសគ្គដែលប្រទេសកម្ពុជា យើងត្រូវតែដោះស្រាយមុននឹងខ្លួនចូលរួមចំណែកក្នុងការជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងតំបន់»។
ចំណែកសង្គមស៊ីវិលបានយល់ឃើញថា ប្រទេសអាស៊ានទាំងឡាយនោះ គឺជាភាគីនៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែរ ដូច្នេះគេចង់បានសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ានមួយ ដែលមានស្តង់ដារឱ្យខ្ពស់ជាងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សសម្រាប់រដ្ឋរបស់អាស៊ាន។
លោក អ៊ូ វីរៈ ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកបានមានប្រសាសន៍ថា ដំណើរការនៃការធ្វើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាន មកដល់ពេលនេះ ត្រូវជួបភាពកករល្អក់ដោយសារតែខ្វះតម្លាភាព និងការពិភាក្សា ទាំងជាមួយសាធារណជន និងសង្គមស៊ីវិល។ ក៏ប៉ុន្តែដើម្បីទាញយកផលប្រយោជន៍ពីកេរដំណែលនេះឱ្យបានច្រើនបំផុត ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន គួរតែធានាថា សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាននេះ ត្រូវតែមានតម្លាភាពពិតប្រាកដ។
លោក អ៊ូ វីរៈ៖ «យើងអត់មានជំនឿ។ ទី១ គឺដំណើរការនៃសេចក្ដីថ្លែងការណ៍នៅពេលបច្ចុប្បន្នមិនទាន់ធ្វើជាតម្លាភាពនៅឡើយទេ គឺមានការសង្ស័យច្រើនមិនទុកចិត្ត។ ចំណុចទី២ ដោយសារនៅក្នុងសមាជិកអាស៊ាន ជាប្រទេសដែលផ្ដាច់ការច្រើន គឺពិបាកក្នុងការជជែកគ្នា ដើម្បីឱ្យមានសេចក្ដីប្រកាសល្អណាស់ ហើយចំណុចទី៣ លើយន្តការអាស៊ានមួយ គឺទាល់តែយល់ព្រមរួម ហើយការយល់ព្រមរួមហ្នឹងអនុញ្ញាតឱ្យប្រទេសតែមួយ មិនយល់ព្រមក៏អាចរារាំងបាន ហើយប្រសិនបើប្រទេសដែលទាបជាងគេហ្នឹង ក៏អាចរារាំងឱ្យស្តង់ដារហ្នឹងទៅទាបជាងគេដែរ។ បញ្ហាទាំង៣ហ្នឹង ចំពោះខ្ញុំ គឺពិបាកក្នុងការទុកចិត្តណាស់»។
ចំណែកអ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ជានាយិកាអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO)។ អ្នកស្រីបានមានប្រសាសន៍ថា អ្នកស្រីគាំទ្រនូវការបង្កើតសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាននេះ ពីព្រោះសង្គមស៊ីវិលចង់បានជាយូរមកហើយ ក៏ប៉ុន្តែអ្នកស្រីចង់ឃើញគណៈកម្មការសិទ្ធិមនុស្សអាស៊ានក្ដី គណៈកម្មការសម្រាប់ស្ត្រី សម្រាប់កុមារក្ដី គឺឱ្យមានជំហរខ្លាំង ដើម្បីដោះស្រាយបញ្ហាដែលកើតមាននៅក្នុងប្រទេសអាស៊ាន។
អ្នកស្រី ពុង ឈីវកេក៖ «អាស៊ានគឺមានប្រទេសសមាជិក ១០ យើងងាកទៅមើលទៅឃើញថា នៅក្នុងប្រទេសនីមួយៗសុទ្ធតែមានបញ្ហាច្រើន ឬក៏តិច ដូច្នេះយើងឃើញថា គណៈកម្មការសិទ្ធិមនុស្សរបស់អាស៊ានហ្នឹង គឺនៅមានខ្សោយណាស់។ អ៊ីចឹងយើងចង់ឱ្យឃើញថា ធ្វើឱ្យមានតម្លាភាពទៅ ពេលដែលសេចក្ដីព្រាងហ្នឹងបើកចំហឱ្យពួកសង្គមស៊ីវិលចូលរួមផង ហើយពេលណាធ្វើបានជាសេចក្ដីព្រាងមក ចែកចាយឱ្យសង្គមស៊ីវិល ទុកពេលច្រើនដើម្បីឱ្យសង្គមស៊ីវិលក្នុងប្រទេសអាស៊ានហ្នឹងជួយផ្ដល់ជាយោបល់»។
គណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ានឱ្យដឹងថា នៅថ្ងៃទី១៧ រហូតដល់ទី១៩ ខែកុម្ភៈ គេមានគម្រោងនឹងជួបប្រជុំគ្នាជាលើកទី២ ដើម្បីពិភាក្សាអំពីសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បន្តទៀត៕
