ពិធី​ដង្ហែ​ក្បួន​លំអាន​អរិយធម៌​នៅ​ខែត្រ​សៀមរាប

ក្រុម​ប្រទេស​ចំនួន ១៣ ដែល​មក​ចូល​រួម​ដង្ហែ​ក្បួន​លំអាន​អរិយធម៌​ចម្រុះ​ជាតិ​សាសន៍​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន បាន​ធ្វើ​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ​នៃ​ពុទ្ធ​ប្រវត្តិ​ជូន​មហា​ជន​រាប់​ម៉ឺន​នាក់​ទស្សនា នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មេសា ជា​បន្ត​ទៀត។
ដោយ ហង្ស សាវយុត
2010-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៦-មេសា-២០១០៖ ក្បួន​ដូនជី​កាន់​ផ្កា​ឈូក​នៅ​ក្នុង​ការ​ដង្ហែ​ក្បួន​លំអាន​អរិយធម៌​នៃ​បុណ្យ​ពិសាខ​បូជា នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប។
២៦-មេសា-២០១០៖ ក្បួន​ដូនជី​កាន់​ផ្កា​ឈូក​នៅ​ក្នុង​ការ​ដង្ហែ​ក្បួន​លំអាន​អរិយធម៌​នៃ​បុណ្យ​ពិសាខ​បូជា នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប។
RFA/Hang Savyouth

កាល​ពី​រាត្រី​ថ្ងៃ​ពុធ ទី​២៨ ខែ​មេសា ក្បួន​ដង្ហែ​លំអាន​អរិយធម៌​ដ៏​ធំ​មួយ​ក្នុង​ពិធីបុណ្យ​ពិសាខ​បូជា ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​ធំ​នៅ​បរិវេណ​ប្រាសាទ​បាយ័ន ដោយ​មាន​ពិធី​បំបួស​នាគ, ក្បួន​រថយន្ត​តុបតែង, ក្បួន​រទេះ​គោ, ព្រះ​សង្ឃ, តាជី, ដូនជី, មន្ត្រី​រាជ​ការ, សិស្ស, និស្សិត និង​ក្រុម​របាំ​រាប់​ពាន់​នាក់ ចូលរួម​ព្យុហយាត្រា ជាមួយ​មហា​ជន​រាប់​ម៉ឺន​នាក់​ឈរ​អបអរ និង​អុជ​ទៀន​ធូប បួងសួង​តាម​បរិវេណ​យ៉ាង​កុះករ។

លោក ស ខេង ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​បើក​ពិធី​ដង្ហែ​ក្បួន​លំអាន​អរិយធម៌ កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​មេសា បាន​មាន​ប្រសាសន៍ ថា កម្ពុជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដោយ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​​ការ​រៀបចំ​ពិធី​ដង្ហែ​ក្បួន​លំអាន​អរិយធម៌​ឡើង ស្រប​ពេល​ជាមួយ​បុណ្យ​វិសាខ​បូជា ដែល​ជា​ពិធី​បុណ្យ​នៃ​ព្រះ​ពុទ្ធ​សាសនា​ផង​នោះ។

លោក ស ខេង បាន​អំពាវនាវ​ថា តាម​រយៈ​ពិធី​នេះ​គឺ​លោក​ចង់​ឲ្យ​មាន​ការ​ត​ភ្ជាប់​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត​ពី​តំបន់​សៀមរាប​អង្គរ ទៅ​កាន់​តំបន់​បេតិកភណ្ឌ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ និង​ចង់​ឲ្យ​មាន​ការ​ហោះ​ហើរ​ផ្ទាល់​ចេញ​ពី​ទីក្រុង Borobudur នៃ​ប្រទេស​ឥណ្ឌូណេស៊ី មក​កាន់​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។

លោក ស ខេង បាន​ថ្លែង​ថា ៖ «ខ្ញុំ​ចាត់​ទុក​ព្រឹត្តិការណ៍​ដ៏​អធិកអធម​នេះ ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ចូលរួម​ដល់​ការ​កសាង​សេដ្ឋកិច្ច​បៃតង​នៃ​សម័យ​សកល​សកលភាវូបនីយកម្ម ដែល​ផ្សារភ្ជាប់​ជាមួយ​វប្បធម៌ សាសនា និង​ជំរុញ​ផង​ដែរ​នូវ​ទំនាក់​ទំនង​ការទូត​ដែល​មិន​អាច​កាត់​ថ្លៃ​បាន រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់ និង​សកល​លោក»

ផែន​របាំ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ក្បួន​ដង្ហែ​លំអាន​អរិយធម៌​នៃ​ពិធី​បុណ្យ​វិសាខ​បូជា នៅ​បរិវេណ​ប្រាសាទ​បាយ័ន ក្នុង​ខែត្រ​សៀមរាប។ (RFA/Hang Savyouth)
ផែន​របាំ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ក្បួន​ដង្ហែ​លំអាន​អរិយធម៌​នៃ​ពិធី​បុណ្យ​វិសាខ​បូជា នៅ​បរិវេណ​ប្រាសាទ​បាយ័ន ក្នុង​ខែត្រ​សៀមរាប។ RFA/Hang Savyouth

អ្នក​ស្រី អ៊ិន សំអាត ដែល​ខំ​ស្កាត់​មក​តាំង​ពី​ខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ថា គោល​បំណង​របស់​គាត់​គឺ​ចង់​បាន​កុសល​តាម​រយៈ​បុណ្យ​នេះ និង​ចង់​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​បាន​នៅ​គង់វង្ស​រហូត​ដល់ ៥​ពាន់​ព្រះ​វស្សា ៖ «សុំ​ឲ្យ​ប្រទេស​ជាតិ​យើង​រីក​ចម្រើន​រុងរឿង! សូម​ឲ្យ​មាន​ចិត្ត​ត្រជាក់​ដូច​ព្រះ​ពុទ្ធ ចេះ​ខន្តី អធន រវាង​គ្នា​និង​គ្នា!»

ចំណែក​លោក នី សុគន្ធ ជា​អាណិកជន​ខ្មែរ​ដែល​ខំ​ស្កាត់​មក​តាំង​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​នៃ​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​តែ​ឃើញ​នៅ​បរទេស​គេ​ធ្វើ​បុណ្យ​ព្រះ​ពុទ្ធ​សាសនា​ធំ​ៗ ហើយ​នេះ​ជា​លើក​ទី​មួយ​ដែល​លោក​បាន​ចូលរួម​ផ្ទាល់​នៅ​ស្រុក​ខ្មែរ។

លោក នី សុគន្ធ បាន​បញ្ជាក់​ថា ៖ «មាន​អារម្មណ៍​ថា រំភើប​សប្បាយ​រីករាយ​បំផុត បាន​ធ្វើ​បុណ្យ​កុសល​ដើម្បី​តម្កល់​ទៅ​អនាគត ​ហើយ​និង​សុំ​សេចក្ដី​សុខ​សប្បាយ​នៅ​ពេល​បច្ចុប្បន្ន»

ព្រះ​ភិក្ខុ​ទេវ​សត្ថា ពឿយ មេត្តា ជា​ប្រធាន​សមណ​និស្សិត​ខ្មែរ​នៅ​ប្រទេស​ឥណ្ឌា ដែល​បាន​និមន្ត​មក​ចូលរួម​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​បរិវេណ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប បាន​មាន​ព្រះ​ថេរ​ដីកា​ថា ពិធី​បុណ្យ​វិសាខ​បូជា គឺ​ប្រទេស​ទាំង​អស់​នៃ​ពុទ្ធ​សាសនិក​ជន​តែង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ ១៥​កើត ខែ​ពិសាខ ជា​រៀងរាល់​ឆ្នាំ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត ទ្រង់​ត្រាស់​ដឹង​នូវ​សម្ពោធិញ្ញាណ និង​ថ្ងៃ​ដែល​ព្រះ​អង្គ​យាង​ចូល​បរិនិព្វាន។

ព្រះ​ភិក្ខុ​ទេវ​សត្ថា ​ពឿយ មេត្តា បាន​មាន​ព្រះ​ថេរ​ដីកា​ទៀត​ថា ព្រះ​អង្គ​នៅ​ឯ​បរទេស​គឺ​ធ្លាប់​ឃើញ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ធំ​ៗ​ណាស់ ដូច​ជា​បុណ្យ​វិសាខ​បូជា និង​មាឃ​បូជា គឺ​មាន​មនុស្ស​ច្រើន​ជា​អន្តរជាតិ ប៉ុន្តែ​នេះ​គឺ​ជា​លើក​ទី​១ ដែល​ព្រះ​អង្គ​មាន​មោទនភាព​ជា​ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ បាន​ឃើញ​រាជ​រដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​ទាញ​ប្រទេស​អ្នក​កាន់​ពុទ្ធ​សាសនា​អន្តរជាតិ មក​ធ្វើ​បុណ្យ​វិសាខ​បូជា​ក្នុង​ទីលាន​អង្គរ​នៃ​ប្រទេស​ខ្មែរ ដើម្បី​បាន​បង្ហាញ​អ្វី​ៗ​ទាំង​អស់​ថា ព្រះ​ពុទ្ធ​សាសនា​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​មិន​អន់​ជាង​កន្លែង​ដទៃ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល