លោកវរសេនីយ៍ត្រី ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោកទីក្រុងភ្នំពេញទទួលបន្ទុកការងារវាស់វែងគ្រោះថ្នាក់បានមានប្រសាសន៍ឲ្យដឹងថា បុរសជនជាតិប៊ែលហ្សិកអាយុ៤៨ឆ្នាំនោះបានគ្រោះថ្នាក់តាំងពីយប់ថ្ងៃទី២៥មកម៉្លេះ។
លោកវរសេនីយ៍ត្រី ប៉ែន ឃុន បានបញ្ជាក់ថា ៖ «ពេលដែលគាត់ជិះម៉ូតូតាមបណ្ដោយផ្លូវ២០៦ គាត់ដួលម៉ូតូម្ដងហើយ។ ពេលដែលដួលហ្នឹងគាត់លើកម៉ូតូមកវឹងមក មកជួបនឹងឡានគេដែលទើបតែចេញពីការដ្ឋាន។ បុកចំពីក្រោយកង់មុខបន្តិចបណ្ដាលឲ្យគាត់ស្លាប់នៅកន្លែងកើតហេតុតែម្ដងទៅ»។
លោកបានមានប្រសាសន៍ទៀតថា គ្រោះថ្នាក់នោះបានកើតឡើងក៏ដោយសារតែបុរសជនជាតិប៊ែលហ្សិកនោះស្រវឹងស្រាផងដែរ ហើយបើជនរងគ្រោះបានពាក់មួកសុវត្ថិភាពនោះក៏ប្រហែលមិនគ្រោះថ្នាក់ដល់ស្លាប់ឡើយ។
លោកវរសេនីយ៍ត្រី ប៉ែន ឃុន មានប្រសាសន៍ទៀតថា នគរបាលចរាចរណ៍នឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកធ្វើដំណើរដោយទោចក្រយានយន្តមិនពាក់មួកសុវត្ថិភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩នេះទៅ ក្នុងមួយករណីល្មើសជាទឹកប្រាក់៣០០០រៀល។
កាលពីពេលថ្មីៗកន្លងមកនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសមន្ត្រីរាជការទាំងអស់ត្រូវពាក់មួកសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុនោះ៕