កីឡានាំមកនូវថាមពលកម្លាំង សាមគ្គីភាព និងការអភិវឌ្ឍ នេះជាប្រធានបទ ដែលក្រសួងអប់រំ យុវជន និងកីឡា រួមសហការជាមួយសហព័ន្ធខ្មែរកីឡាប្រណាំងកង់ បានកំណត់ក្នុងកម្មវិធីប្រណាំងកង់ប្រចាំឆ្នាំ២០១០ ដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និង២៤ ឧសភា ដោយជ្រើសយកខេត្តតាកែវ ជាគោលដៅនៃការប្រារព្ធពិធីនេះ។
ថ្លែងនៅមុនពិធីប្រកាសជ័យលាភី អភិបាលរងខេត្តតាកែវ លោក អ៊ិត សុខ បានឲ្យដឹងថា ការប្រណាំងកង់នេះ ជាលើកទីមួយហើយ សម្រាប់ខេត្តតាកែវ។ លោកបន្តថា កម្មវិធីនេះ មានសារសំខាន់ណាស់ចំពោះយុវជន ដែលធ្វើឲ្យពួកគេមានកម្លាំងប្រាជ្ញា ស្មារតីរឹងមាំ ពួកគេអាចជៀសវាងបាននូវអំពើឧបាយមុខទាំងឡាយ ស័ក្ដិសមជាឈ្មោះថាយុវជនជាសសរទ្រូងនៃប្រទេសជាតិ។
លោកមានប្រសាសន៍បន្តទៀតថា ៖ «បើយើងមិនយកចិត្តទុកដាក់រឿងនេះទេ យើងបណ្ដែតបណ្ដោយខ្លួនលុះទៅដោយអំពើមិនល្អ ឧបាយមុខ ផ្សាភ្ជាប់ខ្លួននឹងគ្រឿងញៀន វាសប្បាយតែមួយពព្រិចភ្នែកទេ កើតទុក្ខមួយជីវិត»។
គណៈកម្មការរៀបចំការប្រកួត បានប្រកាសឲ្យដឹងថា កង់ដែលយកមកប្រកួត មានពីប្រភេទ គឺកង់ «គួក» និង «ដៃត្រង់»។ មានកីឡាករចូលរួមចំនួន ៤១នាក់ ជាយុវជនមានអាយុពី ១៨ឆ្នាំឡើងទៅ មកពីស្ថាប័នចំនួន៦ គឺ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រះសីហនុ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងស្ថាប័នធនធានមនុស្ស។
ថ្ងៃច័ន្ទទី២៣ ឧសភាកន្លងទៅ គឺជាវិញ្ញាសាប្រណាំងកង់ «គួក» មានចម្ងាយផ្លូវ ១២០គីឡូម៉ែត្រ ចេញដំណើរពីទីរួមខេត្តកណ្ដាល តាមផ្លូវជាតិលេខពីរ ឆ្ពោះទៅភ្នំដិន ព្រំដែនកម្ពុជា-វៀតណាម និងនៅថ្ងៃទី២៤ ឧសភា ជាថ្ងៃផ្ដាច់ព្រ័ត្រ ជាវិញ្ញាសាប្រណាំងកង់ «ដៃត្រង់» មានចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ ដោយចេញដំណើរពីរង្វង់មូលវិមានឯករាជ្យ ទីរួមខេត្តតាកែវ ឆ្ពោះទៅទីប្រជុំជនអង្គតាសោម តាមផ្លូវជាតិលេខបី រួចត្រឡប់មកកន្លែងដើមវិញ។
តំណាងឲ្យអ្នករៀបចំកម្មវិធី អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ិល កាដូ ថ្លែងបញ្ជាក់ពីគោលបំណង និងសារសំខាន់ក្នុងការរៀបចំកម្មវិធីប្រណាំងកង់ប្រចាំឆ្នាំនេះថា ការប្រកួតប្រណាំងបានផ្ដល់នូវសុខភាព មិត្តភាព ចេះស្រឡាញ់ភូមិសាស្ត្រទឹកដី បរិស្ថាន និងនាំគ្នាការពារ អភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅអនាគត។
លោក ម៉ិល កាដូ មានប្រសាសន៍បន្តថា ៖ «បើកាលណាទុកឲ្យពួកគេទំនេរ បើសិនជាគេងាកទៅរកអាភាពអាប់អួនៃសង្គមមួយចំនួន ធ្វើឲ្យយើងខាតយុវជនយើង»។
ក្នុងការប្រកួតរយៈពេលពីរថ្ងៃនេះ យុវជនអាយុ ១៨ឆ្នាំ ឈ្មោះ ខេង ទី មានទីលំនៅខេត្តព្រះសីហនុ ជាកីឡាករក្នុងក្លឹបក្រសួងមហាផ្ទៃ បានទទួលជ័យលាភីលេខមួយទាំងពីរវិញ្ញាសា គឺ កង់ «គួក» និង «ដៃត្រង់» ជាប់ជាជើងឯកប្រចាំឆ្នាំ២០១០ នេះ។
យុវជន ខេង ទី ថ្លែងស្ទើរមិនចេញ ដោយអារម្មណ៍រំភើបពេកចំពោះជ័យលាភីដ៏កម្រ និងជាលើកដំបូង សម្រាប់ជីវិតកីឡារបស់គេ។
យុវជនរូបនេះគ្រាន់ថ្លែងដោយខ្លីប្រាប់វិទ្យុអាស៊ីសេរីថា គេចង់ឲ្យយុវជនចូលរួមក្នុងវិស័យកីឡាឲ្យបានច្រើនជាងនេះនៅឆ្នាំក្រោយ ព្រោះកីឡានាំមកនូវសុខភាពល្អ ជៀសផុតពីការគំរាមកំហែងដោយគ្រឿងញៀនមកលើយុវជន។
អគ្គនាយករងនៃក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ិល កាដូ បានឲ្យដឹងដែរថា ការប្រណាំងកង់ «គួក» និង «ដៃត្រង់» ពេលនេះ ជាលើទី ២០ហើយ សម្រាប់ឆ្នាំក្រោយក្រសួងគ្រោងនឹងរៀបចំធ្វើនៅខេត្តកោះកុង ភាគនិរតីនៃប្រទេសកម្ពុជា៕