ភាព​ចម្រូង​ចម្រាស​ជុំវិញ​ការបូម​ខ្សាច់​ចាក់​លុប​បឹងកក់​

ប្រជាពលរដ្ឋ​ជាច្រើន​បាន​ធ្វើការ​តវ៉ា​ទាមទារ​សំណង​សមរម្យ​មួយ​ជា​ថ្នូរ​នឹង​ការ​ចាកចេញ ពី​តំបន់​បឹងកក់ មុន​នឹង​ការ​បូម​ខ្សាច់​បញ្ចូល​ក្នុង​បឹង​នេះ។

0:00 / 0:00

ចំណែក​ឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ដែល​បាន​ចាកចេញ ក៏​បាន​សម្ដែង​ភាព​មិន​សប្បាយ​ចិត្ត។

ប្រជាពលរដ្ឋ​ឈ្មោះ សុផល ដែល​មាន​​លំនៅ​នៅ​បឹងកក់ បាន​អះអាង​ថា លោក​មិន​ចុះចេញ​ពី​ផ្ទះ​នេះ​ដោយ​ទទួល​យក​សំណង​ចំនួន ៨.៥០០​ដុល្លារ​ដូច​ដែល​សាលាក្រុង​ភ្នំពេញ​បាន​ប្រកាស​នោះ​ទេ ហើយ​សូម​ឲ្យ​ក្រុមហ៊ុន​មក​ដោះស្រាយ​ផ្ទាល់​ជាមួយ​នឹង​ពួកគាត់​តាម​តម្លៃ​ទីផ្សារ​សេរី​ជា​មុន​សិន មុន​នឹង​បន្ត​ការបូម​ខ្សាច់​បញ្ចូល​បឹងកក់​នេះ ៖ «មុន​ដំបូង យើង​ត្រូវ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​សិន»

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ៖ «ខ្ញុំ​រស់នៅ​ទី​នេះ​តាំងពី​ឆ្នាំ​១៩៩៣។ ការអភិវឌ្ឍ​របស់​ក្រុង​ហ្នឹង យើង​មិន​ជំទាស់​ទេ ប៉ុន្តែ​ធ្វើម៉េច​ដោះស្រាយ​ឲ្យ​ប្រជាជន​ឲ្យ​សមស្រប»

បើ​តាម​មន្ត្រី​សាលាក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​គ្រួសារ​ហើយ ដែល​បាន​ស្ម័គ្រ​ចិត្ត​ចាកចេញ​ពី​បឹងកក់​តាម​ការស្នើ​របស់​សាលាក្រុង​ភ្នំពេញ។ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ទល់​មុខ​នឹង​ទុយោ​បូម​ខ្សាច់​បញ្ចូល​ក្នុង​បឹងកក់​បាន​អះអាង​ថា ពួកគាត់​បាន​រើ​ផ្ទះ​ទាំង​បង្ខំ ៖ «តែ​បើ​យើង​ថា យើង​ដាច់​ខាត​យើង​មិន​ចេញ គេ​នឹង​បូម​ពន្លិច​យើង​ហើយ»

បឹងកក់១

ចំណែកឯ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា ការដែល​គាត់​បាន​យល់ព្រម​ទទួល​យក​សំណង​ផ្ទះ​មួយ​ខ្នង ដែល​​មាន​ទំហំ ៤​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​តាម​សាលាក្រុង ព្រោះ​គាត់​តែងតែ​បារម្ភ​ពី​សុវត្ថិភាព​សន្តិសុខ​នៅ​ក្នុង​តំបន់​បឹងកក់​នេះ ម្យ៉ាងវិញ​ទៀត ម្តងម្កាល ទឹក​នៅ​ក្នុង​បឹងកក់​នោះ​មាន​ក្លិន​ស្អុយ ៖ «ចង់​ចេញ​យូរ​ដែរ​ហើយ ព្រោះ​កន្លែង​ហ្នុង​វា​ស្អុយ»

ឆ្លើយតប​នឹង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​នេះ អភិបាល​រង​ក្រុង​ភ្នំពេញ លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​សំណើ​ទៅ​អភិបាល​ក្រុង​រួច​ហើយ ហើយ​ការ​សម្រេច​ឲ្យ​បូម​ខ្សាច់​ដាក់​បឹង​នោះ​ទៀត គឺ​សាលាក្រុង​ធ្វើ​តាម​តែ​លិខិត ស.ជ.ណ. របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ។

មេធាវី​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​បឹងកក់ លោក ជូង ជូងី បាន​ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការបូម​ជា​បណ្តោះ​​អាសន្ន​សិន និង​ឲ្យ​ក្រុមហ៊ុន​ចូល​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់។

ប្រធាន​នាយកដ្ឋាន​ជលសាស្រ្ត​និង​ការងារ​ទន្លេ ហើយ​ជា​អ្នក​គ្រប់គ្រង​ការបូម​ខ្សាច់​ចេញ​ពី​ទន្លេ​នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម លោក ម៉ៅ ហាក់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុមហ៊ុន​អនុវត្ត​តាម​ផែនការ​នោះ ការបូម​ខ្សាច់​ចូល​បឹងកក់​នេះ មិន​បណ្ដាល​ឲ្យ​លិច​លង់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ឡើយ។ ប៉ុន្តែ​លោក​ព្យាយាម​មិន​អត្ថាធិប្បាយ​អំពី​ផល​ប៉ះពាល់​ក្នុង​ការបូម​ខ្សាច់​បញ្ចូល​បឹង​នេះ​ឡើយ។

លោក ម៉ៅ ហាក់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​ផ្ដល់​លក្ខណៈ​បច្ចេកទេស​ទៅ​គាត់​ហើយ បើ​សិន​ជា​គាត់​អនុវត្ត​នូវ​បច្ចេកទេស​ហ្នឹង គឺ​ពុំ​មាន​ផល​ប៉ះពាល់​អី​ទេ»

ចំណែក​ឯ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ប្រាជ្ញ ស៊ុន មាន​ប្រសាសន៍​ថា ការបូម​ខ្សាច់​ដាក់​បឹងកក់​នោះ​មិន​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ​នោះ​ទេ ព្រោះ​ក្រសួង​បរិស្ថាន​បាន​សិក្សា​និង​សម្រួល​អំពី​បរិស្ថាន​ជុំវិញ​បឹង​នោះ​រួច​ហើយ ៖ «មាន​ក្រុមហ៊ុន មាន​ខាង​[ទីប្រឹក្សា] គេ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ហ្នឹង បើ​ប៉ះពាល់​អី គេ​ដោះស្រាយ​ផ្នែក​ដែល​ប៉ះពាល់​អស់​ហើយ បាន​គេ​ចាប់​ផ្ដើម​អនុវត្ត»

តាម​មេធាវី​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​បូម​ខ្សាច់​បញ្ចូល​បឹង គឺ​ខុស​នឹង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ត្រង់​មាត្រា​ទី​៥៨ ដែល​បាន​ចែង​ថា បឹងកក់​គឺ​ជា​បឹង​ធម្មជាតិ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​គឺ​រដ្ឋ​មិន​អាច​ធ្វើ​សម្បទាន ឬ​ជួល​បាន​ទេ ហើយ​ខុស​នឹង​អនុក្រឹត្យ​លេខ​១២៩ របស់​រដ្ឋាភិបាល​ដែល​កំណត់​ថា ការជួល​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​ឲ្យ​លើស​ពី​១៥​ឆ្នាំ​ឡើយ។

ពាក់ព័ន្ធ​នឹង​ការទាមទារ​របស់​ប្រជាពលរដ្ឋ​នៅ​បឹងកក់​នេះ​ដែរ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​នៃ​គណបក្ស​សម​រង្ស៊ី​លោក សុន ឆ័យ មាន​ប្រសាសន៍​ថា លោក​កំពុង​រង់ចាំ​ចម្លើយ​ពី​ក្រសួង​បរិស្ថាន ហើយ​លោក​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹង​មក​រដ្ឋសភា​ផង​ដែរ ៖ «ហើយ​លើក​នេះ​ទៀត យើង​ក៏​ត្រូវ​បញ្ជាក់​ដែរ ន័យ​ក្នុង​ការបញ្ឈប់​សកម្មភាព​បូម​នេះ គឺ​ត្រូវ​តែ​មាន​ការ​បញ្ជាក់​ពីរ។ ទី​១ ពី​ក្រសួង​បរិស្ថាន​ម្ដង​ទៀត ហើយ​និង​ការតវ៉ា​ផ្លូវការ​ពី​ប្រជា​ពលរដ្ឋ»

បើតាម​ឯកសារ​ចម្លង​នៃ​កិច្ចសន្យា​ជួល​បឹង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន រវាង​សាលាក្រុង​ភ្នំពេញ​ជាមួយ​នឹង​ក្រុមហ៊ុន ស៊ូកាគូ អ៊ិន ក្នុង​តម្លៃ ចិត​សិប​ប្រាំ​បួន​លាន ពីរ​ពាន់​ដុល្លារ​ សម្រាប់​រយៈពេល​ដំបូង ៩៩​ឆ្នាំ ថ្លៃ​ឈ្នួល​នេះ បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ការដោះស្រាយ​គោលនយោបាយ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៤.២៥២​គ្រួសារ។ ហើយ​ភាគី​ក្រុមហ៊ុន​និង​បាន​ទទួល​ទីតាំង​បឹងកក់​ចំនួន ១៣៣​ហិកតារ​មក​គ្រប់គ្រង គឺ​បន្ទាប់​ពី​ភាគី​សាលាក្រុង​បាន​ដោះស្រាយ​បញ្ហា​ដី​រួច​ទាំង​ស្រុង។

នៅ​ក្នុង​កិច្ចសន្យា​ជួល ក្រុមហ៊ុន​មាន​គម្រោង​អភិវឌ្ឍ​តំបន់​បឹងកក់​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វិប្បធម៌ ទេសចរណ៍ លំនៅដ្ឋាន រមណីយដ្ឋាន ជា​ដើម។

ពាក់ព័ន្ធ​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​ខាង​លើ​នេះ​ដែរ វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន ស៊ូកាគូ អ៊ិន ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​ការទាមទារ​របស់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា នៅ​ទីស្នាក់ការ ប៉ុន្តែ​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ​ឆ្លើយ​ថា ប្រធាន​ក្រុមហ៊ុន​មិន​នៅ។

វិទ្យុ​អាស៊ីសេរី​បាន​សុំ​ណាត់ជួប តែ​បុគ្គលិក​រូប​នោះ​ឆ្លើយ​ថា មិន​ទទួល​ដោយ​ឲ្យ​មក​ជួប​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា វិទ្យុ​អាស៊ីសេរី បាន​ទៅ​ដល់​ទីស្នាក់ការ​នោះ​ម្តង​ទៀត ប៉ុន្តែ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​បាន​ប្រាប់​ថា មិន​អាច​ឲ្យ​ជួប​លោក ឡាវ ម៉េងឃីន ដែល​ជា​ប្រធាន​ក្រុមហ៊ុន​បាន​ទេ ត្រូវ​សុំ​ការអនុញ្ញាត​ពី​មន្រ្តី​សាលាក្រុង​ជាមុន​សិន ទើប​អាច​ជួប​លោក​បាន។

នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា វិទ្យុ​អាស៊ីសេរី​បាន​សុំ​ការអនុញ្ញាត​ពី​មន្ត្រី​សាលាក្រុង​ភ្នំពេញ​ដើម្បី​ជួប​លោក ឡាវ ម៉េងឃីន ប៉ុន្តែ​មន្ត្រី​សាលាក្រុង​ភ្នំពេញ​ថា ការចង់់​ជួប​នរណា​ម្នាក់​ក្នុង​ក្រុមហ៊ុន ស៊ូកាគូ អ៊ិន មិន​ពាក់ព័ន្ធ​នឹង​សាលាក្រុង​ភ្នំពេញ​ទេ។

នៅថ្ងៃ​ដដែល​នេះ​ដែរ វិទ្យុ​អាស៊ីសេរី បាន​ទៅ​ដល់​ទីស្នាក់ការ​ក្រុមហ៊ុន​ស៊ូកាគូ អ៊ិន ម្តង​ទៀត ដើម្បី​ជួប​លោក ឡាវ ម៉េងឃីន ប៉ុន្តែ​ត្រូវ​អ្នក​ធ្វើការ​នៅ​ទីនោះ​ប្រាប់​ថា លោក​ទើប​ចេញ​ពី​ទីស្នាក់ការ​អម្បាញ់មិញ​នេះ ហើយ​វិទ្យុ​អាស៊ីសេរី ក៏​បាន​ដាក់​សំបុត្រ​មួយ​ដើម្បី​សុំ​ជួប ព្រមទាំង​ភ្ជាប់​នឹង​សំណួរ​មួយ​ចំនួន ផង​ដែរ។ ហើយ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ដែរ វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក ឡាវ ម៉េងឃីន រាល់​ថ្ងៃ ប៉ុន្តែ​មិន​មាន​ការឆ្លើយ​តប៕