អាជ្ញាធរ​រារាំង​អ្នក​បឹង​កក់​មិន​ឲ្យ​​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​ ហ៊ុន សែន

អ្នក​បឹង​កក់​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា បាន​ព្យាយាម​ដើរ​ដង្ហែ​ញត្តិ​ដោយ​ចេញ​ពី​ក្រោម​ដើម​ពោធិ៍​ខាង​មុខ​វត្ត​បទុមវតី ទៅ​ដាក់​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះលែង​អ្នក​តំណាង​ពួកគេ ១៥​នាក់​ពី​ពន្ធនាគារ​ព្រៃស ប៉ុន្តែ​ការ​ប៉ុនប៉ង​នោះ​ត្រូវ​បរាជ័យ ដោយសារ​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ រារាំង។

0:00 / 0:00

អ្នក​បឹង​កក់​ខក​ចិត្ត​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​កម្លាំង​សមត្ថកិច្ច ហាម​ប្រាម​មិន​អោយ​ដើរ​ក្បួន​នាំ​យក​ញត្តិ​ទៅ​ជូន​លោក​នាយករដ្ឋមន្ត្រី​ដល់​ខាង​មុខ​ផ្ទះ។ ក្រុម​អ្នក​ភូមិ​បាន​ស្រែក​ដង្ហោយ​ហៅ​រក​ជំនួយ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី​ពី​ចម្ងាយ គឺ​ពី​ទីតាំង​ដែល​អាជ្ញាធរ​បាន​ដាក់​រនាំង និង​ពង្រាយ​កម្លាំង​ប្រមាណ ៥០​នាក់ ស្ទាក់​ចាំ​អ្នក​បឹង​កក់ ដែល​ស្ថិត​នៅ​ជ្រុង​ខាង​កើត​សួន​ច្បារ​វិមាន​ឯករាជ្យ​ក្បែរ​នាគ​បាញ់​ទឹក។

ស្រ្តី​អ្នក​ភូមិ​បឹង​កក់​ម្នាក់​បាន​សុំ​អង្វរ​សមត្ថកិច្ច​អោយ​អនុញ្ញាត្ត​អោយ​ពួកគេ​ប្រមាណ ១០០​នាក់​នោះ​បាន​ដើរ​ហែ​យក​ទៅ​ប្រគល់​អោយ​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី។ តំណាង​រូប​នោះ​បញ្ជាក់​ថា គេ​ចង់​បាន​ដំណោះ​ស្រាយ​សម្រាប់​អ្នក​តំណាង ១៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស គឺ​ពួក​ជាប់​ឃុំ​ដោយ​ពុំ​មាន​កំហុស។

បើ​ទោះ​ជា​ពុំបាន​អនុញ្ញាត​អោយ​អ្នក​ភូមិ​បឹង​កក់ បាន​យក​ញត្តិ​ទៅ​ខាង​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ក៏​ពិត​មែន​ក៏​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លោក គង់ ចំរើន នៅ​រង់ចាំ​ទទួល​យក​ញត្តិ​នៅ​ក្រោម​ដើម​ពោធិ៍​ខាង​មុខ​វត្ត​បទុមវតី។

បើ​ទោះជា​បែប​ណា ក្រុម​អ្នក​ភូមិ​នៅ​តែ​ទទូច​ធ្វើ​ដំណើរ​ទៅ​ខាង​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី។ ភ្លាមៗ​នោះ គេ​បាន​ព្រមាន​អ្នក​ភូមិ​ថា បើ​នៅ​តែ​រឹង​ទទឹង គេ​នឹង​ចាត់វិធានការ​តាម​ច្បាប់។

ក្រុម​អ្នក​ភូមិ​បឹង​កក់​បាន​សម្រេច​ចិត្ត​រំសាយ​ការ​តវ៉ា នៅ​ពេល​ដែល​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ឡាន​មក​ត្រៀម​សម្រាប់​ដឹក​អ្នក​តវ៉ា ប្រសិន​បើ​ឈាន​ដល់​ការ​ចាប់​ខ្លួន។

ភូមិ​​កក់​ម្នាក់ អ្នកស្រី បូ ឆវី មាន​ប្រសាសន៍​ថា ពួក​គាត់​ចង់​យក​ញត្តិ​ទៅ​ដល់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ដោយ​ហេតុ​ថា ពួក​គេ បាន​ប្រគល់​ញត្តិ​ទៅ​អោយ​មន្ត្រី​ខុទ្ទកាល័យ​នៅ​ក្រោម​ដើម​ពោធិ៍​ខាង​មុខ​វត្ត​បទុមវតី​នោះ​ច្រើន​ដង​មក​ហើយ​នៅ​តែ​គ្មាន​ដំណោះស្រាយ។ អ្នកស្រី​ចាត់​ទុក​ការ​រា​រាំង​របស់​អាជ្ញាធរ​គឺ​ជា​ចេតនា​បិទបាំង​ព័ត៌មាន​ពី​ទង្វើ​អាក្រក់​របស់​មន្រ្តី​ថ្នាក់​ក្រោម មិន​អោយ​នាយក​រដ្ឋមន្ត្រី​បាន​ដឹង។

អ្នកស្រី បូ ឆវី បន្ត​ថា ពួកគេ​ត្រូវ​ការ​ដំណោះស្រាយ​បន្ទាន់ ដែល​អាច​ជួយ​អោយ​អ្នក​ភូមិ​ទាំង ១៥​នាក់​រួច​ទោស ដ្បិត​អ្នក​ដែល​បាន​តវ៉ា​ដោយ​អត់​អាហារ​នៅ​ក្នុង​ពន្ធនាគារ​នោះ មាន​សុខ​ភាព​ទ្រុឌ​ទ្រោម​ដែល​ពុំ​អាច​អោយ​ពួកគេ​ទ្រាំ​ទ្រ​បាន​យូរ​ឡើយ។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​រារាំង​អ្នក​ភូមិ​បឹង​កក់ ថា​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​បាន​ជំរុញ​អោយ​មាន​ការ​យកចិត្ត​ទុក​ដាក់​នាំ​យក​ញត្តិ​ពួកគេ​ទៅ​ដល់​លោក​នាយករដ្ឋមន្ត្រី។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី គឺ​ជា​ជម្រើស​ចុងក្រោយ​ដែល​ពួក​គេ​គិត​ថា អាច​ផ្ដល់​ដំណោះស្រាយ​ជួយ​អ្នក​តំណាង​ពួកគេ​មកវិញ។

ប្រភព​ពី​អ្នក​ភូមិ​បាន​អោយ​ដឹង​ថា មក​ដល់​ពេល​នេះ មាន​តំណាង​អ្នក​​បឹង​កក់​ចំនួន ៧​នាក់​ហើយ​បាន​តវ៉ា​ដោយ​អត់​អាហារ​ក្នុង​ពន្ធនាគារ ហើយ​ពួក​គេ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ទ្រុឌ​ទ្រោម​សុខភាព​ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។