មន្ត្រី​កសិកម្ម​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​សារធាតុ​គីមី​ក្នុង​ម្ហូប​អាហារ

មន្ត្រី​ជំនាញ​ផ្នែក​សារធាតុ​គីមី និង​ម្ហូប​អាហារ​ព្រមាន​ថា ចំណី​អាហារ​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា មាន​ផ្ទុក​សារធាតុ​ពុល​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ណាស់។

0:00 / 0:00

ចំណី​អាហារ​សម្រាប់​មនុស្ស​ទទួល​ទាន​ភាគ​ច្រើន ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​សារធាតុ​គីមី​ពុល​ច្រើន​ណាស់។

យោង​តាម​បណ្ដាញ​ព័ត៌មាន​អូស្ត្រាលី (Networks News) មន្ត្រី​ជំនាញ​ផ្នែក​សារធាតុ​គីមី និង​ម្ហូប​អាហារ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​ស្រី​បណ្ឌិត ចេក សុថា បាន​រក​ឃើញ​ថា ផលិតផល​ម្ហូប​អាហារ​ចំនួន ៤១% ទៅ​៨០% នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ផ្ទុក​សារធាតុ​គីមី​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។

ទាក់ទង​នឹង​បញ្ហា​នេះ មជ្ឈ​មណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា​សេដាក់ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​កម្ពុជា​មាន​សហជីព​ទ្រទ្រង់​អ្នក​បរិភោគ​ចំណី​អាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​គុណភាព​ល្អ​ប្រសើរ​ឡើង។ ពី​ព្រោះ​សហជីព​ទ្រទ្រង់​អ្នក​បរិភោគ នឹង​ចាត់​វិធានការ​នានា​ជួយ​ធ្វើ​ឲ្យ​ផលិតផល​ម្ហូប​អាហារ​នៅ​លើ​ទីផ្សារ​មាន​សុវត្ថិភាព មិន​ប៉ះ​ពាល់​ដល់​សុខភាព​ដែល​បាន​ជា​ប្រយោជន៍​ដល់​អតិថិជន ឬ​អ្នក​ទិញ​គ្រប់​រូប។

តាម​ការ​ស្រាវជ្រាវ​របស់​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​ស្រី​បណ្ឌិត ចេក សុថា បាន​បង្ហាញ​ថា មាន​សារធាតុ​ពីរ​ប្រភេទ គឺបូរាក់ (borax) និង​ហ្វក់ម៉ល (formalin)។ សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​សុខភាព​នេះ គេ​ឃើញ​មាន​នៅ​ក្នុង​ផលិតផល​មួយ​ចំនួន ដូច​ជា​នៅ​ក្នុង​សាច់​ក្រក ត្រី​ងៀត គុយទាវ ម្ហូប​សមុទ្រ និង​ប្រហិត​សាច់​គោ​ជា​ដើម។

លោក យ៉ង សាំង​កុម៉ា នាយក​អង្គការ​សេដាក់ បាន​មាន​ប្រសាសន៍​ថា អតិថិជន ឬ​ក្រុម​អ្នក​ទិញ និង​ប្រើប្រាស់​ផលិតផល​ចំណី​អាហារ គូរ​តែ​អំពាវនាវ​ដល់​អ្នក​ជំនួញ និង​អ្នក​ផលិត​ចំណី​អាហារ​ទាំង​អស់​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​សុខភាព​ប្រជា​ពល​រដ្ឋ​ខ្មែរ។ ដូច្នេះ​ការ​បង្កើត​ឲ្យ​មាន​សហជីព​ទ្រទ្រង់​អ្នក​បរិភោគ ឬ​អ្នក​ទទួល​ទាន វា​ជា​ការ​ល្អ​ប្រសើរ​ណាស់៕