បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ចំនួន​ជាង​១០០​ត្រូវ​បាន​បោះ​រួចរាល់

មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ កុម្ភៈ ថា បង្គោល​ខណ្ឌ​សីមា​កម្ពុជា​-​វៀតណាម​ដែល​ជាប់​៩​ខេត្ត​នៃ​ប្រទេស​កម្ពុជា​នោះ គេ​បោះ​បាន​ជាង​១០០​បង្គោល​ហើយ​ក្នុង​បង្គោល​សរុប​ជាង​៣០០​ដែល​គេ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១២​ខាង​មុខ។
ដោយ ហ្សាការីយ៉ា
2009.02.27

លោក វ៉ា គឹមហុង ទេស​រដ្ឋមន្រ្តី​និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​បាន​មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​នៃ​ប្រទេស​ទាំង​ពីរ​គឺ​កម្ពុជា​-​វៀតណាម​បាន​ព្រមព្រៀង​គ្នា​ទៅ​លើ​គម្រោង​មេ​ក្នុង​ការបោះ​បង្គោល​ព្រំដែន​នេះ​តាំងពី​ឆ្នាំ​២០០៥​មក ហើយ​គ្រោង​នឹង​បញ្ចប់​នៃ​ការបោះ​បង្គោល​ព្រំដែន​នៅ​ឆ្នាំ​២០១២ ដោយ​ផ្អែក​លើ​គម្រោង​មេ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​នោះ។

លោក​បាន​បន្ត​ថា ខេត្ត​ដែល​ជាប់​នឹង​ព្រំដែន​វៀតណាម​ដែល​គេ​ត្រូវ​បោះ​បង្គោល​នោះ​មាន​៩ គឺ​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ចាម កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ និង​កំពត។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ៖ «យើង​៣១៤​បង្គោល ពិបាក​ដែរ​រឿង​បោះ​បង្គោល មិន​មែន​យើង​បោះ​បង្គោល​ដី​ឯ​ណា យើង​បាន​ឯកភាព​គ្នា​ហើយ ធ្វើ​ម៉េច​ឥឡូវ។ ហើយ​ទី​១ ថៃ​បង្គោល​នៅ​ប្រាសាទ​ព្រះវិហារ​មួយ​បោះ​មិន​បាន​ផង ធ្វើ​ម៉េច? ថា​ស្រួល​ឯ​ណា ឥឡូវ​បោះ​បង្គោល​ព្រំដែន ឲ្យ​សុរិយោដី​ទៅ​បោះ​អ៊ីចឹង?»

ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការបោះ​បង្គោល​ព្រំដែន​នេះ គឺ​អូស​បន្លាយ​ពេល​យូរ​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​តំបន់​ព្រំដែន​នា​ពេល​កន្លង​មក​រង​ទុក្ខ​នូវ​ការបាត់បង់​ដី​ស្រែ​ដោយសារ​វៀតណាម​បាន​ខិត​ចូល​មក​ខាង​កម្ពុជា។

លោក​បញ្ជាក់​ថា ការកំណត់​និង​បោះ​បង្គោល​ព្រំដែន​នេះ​គណៈកម្មាធិការ​កម្ពុជា​គួរតែ​ផ្អែក​លើ​ផែនទី​ឲ្យ​បាន​ច្បាស់លាស់។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «ផែនទី​អន្តរជាតិ ផែនទី​ប្រទេស​កម្ពុជា ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ដែល​សម្ដេច​ព្រះ​នរោត្ដម សីហនុ កាលពី​សម័យ​សង្គមរាស្រ្ដ​និយម លោក​បាន​យក​ផែនទី​កម្ពុជា​យក​ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ ហើយ​ផែនទី​នោះ​គឺ​មាន​កំណត់​ព្រំដែន​ត្រឹមត្រូវ​ដែល​ខ្ញុំ​យល់​ឃើញ​ថា ទាល់តែ​ផ្អែក​លើ​មូលដ្ឋាន​បែប​ហ្នឹង បាន​ការកំណត់​ព្រំដែន​មាន​លក្ខណៈ​ត្រឹមត្រូវ។ បង​ប្អូន​កុំ​មើល​តែ​ខាង​លិច​មាន​បញ្ហា​ប្រាសាទ​ព្រះវិហារ ជាមួយ​នឹង​ប្រទេស​ថៃ ប៉ុន្តែ​ខាង​កើត​ក៏​យួន​លេប​ទឹក​ដី​ខ្មែរ​ក៏​ច្រើន​ណាស់​ដែរ»

សូម​ជម្រាប​ថា នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៨​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៣​-​២៥ អនុ​គណៈកម្មាធិការ​ព្រំដែន​បច្ចេកទេស​រួម គឺ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស គឺ​លោក ឡុង វិសាឡូ និង​គណៈប្រតិភូ​វៀតណាម គឺ​លោក Nguyen Hong Thao ដែល​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ជាតិ​របស់​ក្រសួង​ការបរទេស​វៀតណាម និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ព្រំដែន​រួម​កម្ពុជា​វៀតណាម​ផង​នោះ។ គឺ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ស្នើ​ឲ្យ​មាន​ការកែ​សម្រួល​ទៅ​លើ​ផែនការ​មេ​ដែល​គ្រប់គ្រង​ការកំណត់​បោះ​បង្គោល​ព្រំដែន​សម្រាប់​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១២។

យោង​តាម​លោក​ទេស​រដ្ឋមន្រ្តី វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​វៀតណាម​ប្រវែង​១២៧០​គីឡូម៉ែត្រ៕

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។