ក្រុមហ៊ុនទេសចរណ៍ខ្លះបាននិយាយថា គេបានចំណាយប្រាក់ខាតប្រមាណពី ៥០ ទៅ ៦០%បន្ថែមទៀត សម្រាប់ការទទួលខុសត្រូវចំពោះកញ្ចប់លក់ទៅឲ្យភ្ញៀវទេសចរណ៍ដែលបានកក់តាំងពី៥ ទៅ ៦ខែមុន ហើយទើបមកធ្វើទេសចរណ៍នៅកម្ពុជា ស្របពេលដែលទំនិញឡើងថ្លៃ ។
ក្រុមហ៊ុនទេសចរណ៍ខ្លះមានការព្រួយបារម្ភនៅពេលដែលដំឡើងថ្លៃទេសចរណ៍ឲ្យស្របនឹងតម្លៃទំនិញទីផ្សារថា អាចនឹងធ្វើឲ្យចំនួនអ្នកទេសចរណ៍មានការស្រុតចុះ ។
ប៉ុន្តែមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានអះអាងថាបញ្ហាទំនិញឡើងថ្លៃនោះ មិនបានធ្វើឲ្យប៉ះពាល់អ្វីដល់វិស័យទេសចរណ៍ទេ ហើយរដ្ឋាភិបាលពុំដែលបានទទួលរបាយការណ៍ណាមួយ ស្តីពីវិបតិ្តក្រុមហ៊ុនទេសចរណ៍ដែលប៉ះពាល់ដោយសារទំនិញឡើងថ្លៃនោះនៅឡើយ ។
ក្នុងរយៈពេលជិតបីខែចុងក្រោយនេះនៅឯខេត្តសៀមរាប ខណៈពេលដែលទំនិញឡើងថ្លៃបានធ្វើឲ្យអ្នកមានរបរដែលទទួលកម្រៃពីទេសចរណ៍បាននិយាយថា ការរកស៊ីនិងប្រកបការងាររបស់ពួកគេត្រូវធ្លាក់ចុះ ។
ប្រធានក្រុមហ៊ុនទេសចរណ៍ អឺរ៉ាស៊ីត្រាវែល លោក មឿង សុន បានមានប្រសាសន៍ថា ប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីទំនិញសព្វសារពើនៅកម្ពុជាបានឡើងថ្លៃ ក្រុមហ៊ុនទេសចរណ៍របស់លោកដែលបានលក់កញ្ចប់ទេសចរណ៍ទៅឲ្យបរទេសរួចហើយ ត្រូវបានទទួលចេញលុយបន្ថែមទៀត ទៅលើថ្លៃរថយន្តដឹកជញ្ជូន ថ្លៃម្ហូបអាហារ និងថ្លៃមគ្គុទ្ទេសជាដើម បន្ទាប់ពីទំនិញលើទីផ្សារបានឡើងថ្លៃ ខុសពីការលក់កាលពីពេលមុននោះ ។
លោក មឿង សុន បានឲ្យដឹងថា ៖ «ដោយសារទំនិញឡើងថ្លៃក្នុងមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនខ្ញុំខាតប្រហែល ១០% នៃតម្លៃកញ្ចប់ ហើយយើងខាតបង់ប្រាក់ចំណេញរបស់យើង វាចូលសឹងតែ 50-60%» ។
ក្រុមហ៊ុនទេសចរណ៍មួយចំនួនទៀត បានត្អូញត្អែរប្រហាក់ប្រហែលគ្នានេះ ហើយពួកគេនិយាយថា ប្រសិនបើស្ថានភាពទំនិញឡើងថ្លៃជាបន្តទៅទៀត ពួកគេគ្មានជម្រើសគឺត្រូវតែដំឡើងថ្លៃកញ្ចប់ទេសចរណ៍តម្លៃខ្ពស់ ហើយវាអាចនឹងធ្វើឲ្យភ្ញៀវទេសចរណ៍ថយចុះ ពីព្រោះតែតម្លៃវាខ្ពស់ជាងប្រទេសជិតខាង ។
មិនត្រឹមតែក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកទេដែលកំពុងមានវិបត្តិខណៈពេលដែលទំនិញឡើងថ្លៃនោះ តែអ្នកលក់ដូរបន្តិចបន្តួចនៅតាមទីបូរាណប្រាសាទ និងអ្នករត់ម៉ូតូឌុបដឹកភ្ញៀវទេសចរណ៍ប្រចាំថ្ងៃក៏បាននិយាយថា គេកំពុងប៉ះពាល់ដល់ជីវភាពដែរ ។
បុរសអ្នករត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវម្នាក់នៅប្រាសាទបាយ័ន លោក ស ឡៃ បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃគាត់រកបានកម្រៃពីការដឹកភ្ញៀវតែ ១០ដុល្លារប៉ុណ្ណោះ ហើយបើកាច់កិននិងថ្លៃសាំងវានៅសល់តែ៥ដុល្លារ ប៉ុន្តែនៅពេលទំនិញឡើងថ្លៃមុខរបររបស់គាត់បានជួបនូវជីវភាពលំបាក ពីព្រោះមិនអាចដំឡើងថ្លៃបានទៅតាមទំនិញទេ ។
លោក ស ឡៃ បានឲ្យដឹងថា ៖ «សូម្បីតែទឹកសុទ្ធអីឡើងអស់ហើយ អង្ករក៏ឡើងថ្លៃ ស្អីក៏ឡើងថ្លៃដែរ ។ រកបានបន្តិចបន្តួចកូនហ្នឹងបានស៊ីពេលព្រឹកអី ទុកទិញអីវ៉ាន់នំចំណីអីឲ្យវាហូប ដល់ពេលអ៊ីចឹងអតើចំណីព្រឹកឲ្យវា» ។
នៅខេត្តសៀមរាបគិតមកដល់ថ្ងៃទី៤ ខែឧសភា តម្លៃទំនិញលើទីផ្សារបានឡើងខ្ពស់ ដូចជាប្រេងសាំងមួយលីត្រថ្លៃ ៥១០០រៀល ប្រេងម៉ាស៊ូតថ្លៃ ៤៨០០រៀលក្នុងមួយលីត្រ អង្ករ៣៥០០រៀលមួយគីឡូក្រាម ត្រី ១២០០០រៀល និងសាច់ជ្រូក ១៩០០០រៀលមួយគីឡូក្រាមជាដើម ។ តម្លៃនេះបានថ្លៃជាងច្រើនបើប្រៀបធៀប កាលពីជាងបីខែមុនថ្លៃអង្ករតែ ២៨០០រៀល ក្នុងមួយគីឡូក្រាមនិងត្រីរ៉ស់តម្លៃតែ ៩០០០រៀលប៉ុណ្ណោះ ។
ក្រុមអាជីវករលក់ដូរនៅតាមផ្សារបាននិយាយថា នៅពេលទំនិញឡើងថ្លៃពួកគេលក់មិនសូវដាច់ទេ ក៏ប៉ុន្តែគេត្រូវតែលក់ថ្លៃ ពីព្រោះតែការទិញមកក្នុងតម្លៃខ្ពស់ទៅហើយ ។
ស្រ្តីជនជាតិអាល្លឺម៉ង់ម្នាក់ដែលមកទស្សនាប្រាសាទអង្គរធំ កញ្ញា Alice Huche បានមានប្រសាសន៍ថា បញ្ហាទំនិញឡើងថ្លៃនៅកម្ពុជា វាមិនជាប៉ះពាល់ទេសម្រាប់រូបនាងដែលចាយលុយអឺរ៉ូមកពីសហគមន៍អឺរ៉ុប ក៏ប៉ុន្តែនាងធ្លាប់ទៅកម្សាន្តនៅប្រទេសថៃ និងប្រទេសវៀតណាម តម្លៃទំនិញសព្វសារពើកម្រិតថោកជាងកម្ពុជាឆ្ងាយ ។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា លោក ថោង ខុន បានមានប្រសាសន៍ថា បញ្ហាទំនិញឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាទេ ។ លោក ថោង ខុន បានមានប្រសាសន៍ថា បើគិតស្ថិតិទេសចរណ៍មកកាន់ប្រទេសកម្ពុជាក្នុងរយៈពេល ២ខែឆ្នាំ២០០៨ មានចំនួនកើនឡើង ១៧%លើសពីឆ្នាំ២០០៧ ក្នុងរយៈពេល ២ខែដូចគ្នា ។
លោក ថោង ខុន បានបញ្ជាក់ថា រដ្ឋាភិបាលពុំដែលបានទទួលរបាយកាណ៍ពីក្រុមហ៊ុនទេសចរណ៍ណាមួយ កើតមានវិបត្តិនៅពេលទំនិញឡើងថ្លៃនោះទេ ៖ «វាធម្មតាទេកាលណាប្រេងឡើងថ្លៃ យន្តហោះឡើងថ្លៃសំបុត្រដែរ ថ្លៃសំបុត្រយន្តហោះទេ វាមិនមែនទំនិញឡើងថ្លៃនៅស្រុកខ្មែរទេ មិនមែនទេ ប៉ុន្តែនៅតែមានភ្ញៀវមកហ្នឹង» ។
ទោះយ៉ាងណាក្រុមអាជីវករនិងប្រជាពលរដ្ឋជាច្រើនចង់ឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍យ៉ាងណាឲ្យទំនិញលើទីផ្សារបានចុះថ្លៃមកវិញ ។
មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសកម្ពុជា បានដឹកនាំធ្វើបាតុកម្មប្រឆាំងទំនិញឡើងថ្លៃម្តងរួចមកហើយកាលពីថ្ងៃទី៧ ខែមេសា ហើយគណបក្សមួយនេះមានគម្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងទំនិញឡើងថ្លៃម្តងទៀត ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍យ៉ាងដូច្នេះ ៖ «បញ្ហាទំនិញឡើងថ្លៃ ប្រាក់ខែកម្មករមិនគ្រប់គ្រាន់ ប្រាក់ខែមន្រ្តីរាជការមិនគ្រប់គ្រាន់ ប្រជារាស្ត្រនៅទីក្រុងភ្នំពេញ ហើយទូទាំងប្រទេសកម្ពុជា ជីវភាពកំពុងតែស្រុតចុះដោយសារទំនិញចេះតែឡើងថ្លៃ ដូច្នេះយើងសំណើឲ្យរដ្ឋាភិបាលយកការអនុវត្ត ។ ហើយបើរដ្ឋាភិបាលបច្ចុប្បន្ន គណបក្សកាន់អំណាចបច្ចុប្បន្ន មិនព្រមអនុវត្តវិធានការទេ នោះប្រជារាស្រ្តខ្មែរនឹងមានជម្រើស ក្នុងការបោះឆ្នោតខែកក្កដា ខាងមុខនេះ» ។
ចំណែករដ្ឋាភិបាលនៃប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់មិនទាន់បង្ហាញវិធានការណាមួយដើម្បីបញ្ចុះតម្លៃទំនិញលើទីផ្សារនៅឡើយទេ ។ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់គណបក្សប្រឆាំងចំពោះការធ្វើបាតុកម្មប្រឆាំងទំនិញឡើងថ្លៃនោះ ។
លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ៖ «បាតុកម្មប្រឆាំងទំនិញឡើងថ្លៃ ទៅប្រឆាំងអ្នកណា ប្រឆាំងអ្នកលក់ អ៊ីចឹងអ្នកលក់មួយផ្សារក្រុងភ្នំពេញ ផ្សារទូទាំងប្រទេស ក្លាយទៅជាសត្រូវនៃបក្សប្រឆាំងទាំងអស់ ។ បក្សប្រឆាំងកំពុងយកអ្នកលក់ដូរធ្វើជាសត្រូវហើយ អើបើគិតឃើញអ៊ីចឹងតាមដំណើរទៅ ។ ឥឡូវទំនិញឡើងថ្លៃមកពីនរណា ? រដ្ឋមិនមែនលក់ឯណា ក្រែងខ្លួនចង់បានផ្សារសេរី ? ផ្សារសេរីមិនឯកជនលក់ ឲ្យថ្លៃទាបមិនទៅទារឯកជនឲ្យទាប ហើយអ្នកលក់គេសប្បាយណាស់ទៅឬ ?» ។
ក្រុមអ្នកជំនួញនិងអាជីវករខ្លះដែលប្រកបមុខរបរខាតបង់ ដោយសារតែបញ្ហាស្ថានភាពទំនិញឡើងថ្លៃបានបន្ទោសរដ្ឋាភិបាលថា មិនបានចាត់វិធានការបញ្ចុះតម្លៃទំនិញឲ្យបានសមស្របនោះ ដោយសារក្រុមឈ្មួញខ្លះដែលមានអាជីវកម្មផ្តាច់មុខបានធ្វើវិច្ឆេទកម្មដែលធ្វើឲ្យរដ្ឋាភិបាលមិនអាចត្រួតពិនិត្យបាន ៕