កម្ពុជា​គ្រោង​សម្ពោធ​ជើង​ហោះហើរ​​ពី​ប្រទេស​កាតារ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ថោង ខុន គ្រោង​សម្ពោធ​បើក​ជើង​យន្តហោះ​លើក​ដំបូង​រវាង​ទីក្រុង ដូហា (Doha) ប្រទេស​កាតារ (Qatar) មក​រាជធានី​ភ្នំពេញ ឆ្លង​កាត់​ទីក្រុង​ហូជីម៉ិញ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

0:00 / 0:00

គម្រោង​ហោះហើរ​ដោយ​ត្រង់​នោះ គេ​គ្រោង​ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​រវាង​ទីក្រុង​ដូហា ប្រទេស​ក្វាតា មក​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​ឆ្លង​កាត់​ទីក្រុង​ហូជីម៉ិញ ប្រទេស​វៀតណាម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​តំបន់​អារ៉ាប់ មក​ទស្សនា​ប្រទេស​កម្ពុជា ជាពិសេស​ប្រាសាទ​អង្គរវត្ត និង​តំបន់​ទេសចរណ៍​មួយ​ចំនួន​ទៀត នៅ​ឆ្នាំ​២០១៣។

ក្រៅ​ពី​នេះ ក្រសួង​ទេសចរណ៍​កម្ពុជា មាន​ផែនការ​ត​ភ្ជាប់​ជើង​ហោះហើរ​ដោយ​ផ្ទាល់​នៅ​ឆ្នាំ​២០១៣ នេះ រវាង​ទីក្រុង​ឌូបៃ (Dubai) ប្រទេស​អារ៉ាប់រួម (United Arab Emirates) មក​ខេត្ត​សៀមរាប រវាង​ប្រទេស​ប៊្រុយណេ (Brunei) មក​ខេត្ត​សៀមរាប និង​រវាង​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) មក​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ថា ក្រសួង​ទេសចរណ៍​គ្រោង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​តំបន់​អារ៉ាប់ ឲ្យ​កើន​នៅ​ឆ្នាំ​២០១៣ ជាង​ឆ្នាំ​២០១២ កន្លង​មក​នេះ៖ «សំខាន់​ទាក់ទាញ​ភ្ញៀវ​ដំបូង​ទីផ្សារ​អារ៉ាប់ ប៉ុន្តែ​សង្ឃឹម​ថា នៅ​ទីផ្សារ​អារ៉ាប់​ហ្នឹង​ក៏​វា​មាន​ទេសចរ​អន្តរជាតិ​ច្រើន​ដែរ។ ជា​កន្លែង​ប្រមូល​ផ្តុំ​ទេសចរ​អន្តរជាតិ​ច្រើន​ដែរ មិន​មែន​តែ​យក​តែ​ទេសចរ​អារ៉ាប់​ទេ វា​មាន​ទេសចរ​អន្តរជាតិ»

ជាមួយ​គ្នា​នេះ អ្នក​ចាត់​ចែង​ទូទៅ​នៃ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ជាវ លីហេង បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​កន្លែង ដែល​ជា​តំបន់​មាន​សក្ដានុពល​ទេសចរណ៍​នៅ​តំបន់​អាស៊ី និង​ពិភពលោក៖ «ប្រទេស​មួយៗ ឲ្យ​តែ​មាន Direct flight ហោះហើរ​ដោយ​ត្រង់​អ៊ីចឹង គឺ​ប្រទេស​កម្ពុជា រីក​ចំរើន​លឿន​ណាស់​ក្នុង​មួយ​ឆ្នាំៗ។ បច្ចុប្បន្ន​អង្គរវត្ត​គឺ​លេខ​១ នៅ​លើ​ពិភពលោក ហើយ​ទី​២ យើង​មាន​បូកគោ ហើយ​ឥឡូវ​យើង​មាន​ប្រាសាទ​ព្រះវិហារ ហើយ​បន្ត​ទៀត​យើង​មាន​មណ្ឌលគិរី និង​រតនគិរី ហើយ​កំពង់សោម គឺ​ល្អ​ណាស់។ កំពង់សោម គឺ​នៅ​រាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ គឺ​ប្រជាជន​កម្ពុជា​ទៅ​ហ្នឹង​ដើរ​កម្សាន្ត​ល្អ​ណាស់»

លោក​បាន​អះអាង​ថា ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ទស្សនា​កម្ពុជា ច្រើន​ជាង​គេ​នៅ​ដើម​ឆ្នាំ​២០១៣ កន្លង​មក​នេះ គឺ​ជនជាតិ​វៀតណាម ស្ថិត​នៅ​លំដាប់​លេខ​១ ភ្ញៀវ​ទេសចរ​ជនជាតិ​ម៉ាឡេស៊ី លំដាប់​លេខ​២ និង​ភ្ញៀវ​ទេសចរ​ជនជាតិ​សិង្ហបុរី លំដាប់​លេខ​៣។ គេ​មក​ទស្សនា​កម្ពុជា ដោយសារ​តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​មិន​ប្រើប្រាស់​ទិដ្ឋាការ ឬ វីសារ (Visa) នៅ​តំបន់​អាស៊ាន។

របាយការណ៍​ជា​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២ កន្លង​មក​នេះ បាន​កើន​ដល់​ចំនួន ៣,៥​លាន​នាក់ នៅ​គ្រា​ដែល​ក្រសួង​ទេសចរណ៍​បាន​គ្រោង​ទុក​ចំនួន​តែ ៣,៣​លាន​នាក់។

ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ទស្សនា​កម្ពុជា ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១២ កន្លង​មក​នេះ គឺ​ជនជាតិ​វៀតណាម ស្ថិត​នៅ​លំដាប់​លេខ​១ ជនជាតិ​កូរ៉េ​ខាង​ត្បូង ស្ថិត​នៅ​លំដាប់​លេខ​២ និង​ជនជាតិ​ចិន​ដី​គោក ស្ថិត​នៅ​លំដាប់​លេខ​៣។

លោក ថោង ខុន បាន​អះអាង​ថា ក្រសួង​ទេសចរណ៍​គ្រោង​បង្កើន​ភ្ញៀវ​ទេសចរ​ដល់​ចំនួន ៣,៨​លាន​នាក់​នៅ​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។