រដ្ឋាករទឹកប្រកាសឲ្យចុះបញ្ជីដើម្បីទិញមូលបត្រ

ដំណើរការចុះបញ្ជីដើម្បីទិញមូលបត្រ គឺចាប់ផ្ដើមពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ សំរាប់ក្រុមហ៊ុនឯកជននានានៅប្រទេសកម្ពុជា នៅមុនពេលរដ្ឋាករទឹកស្វយ័តកម្ពុជា គ្រោងដាក់លក់មូលបត្រជាផ្លូវការ នៅខែមេសា ឆ្នាំ២០១២ ខាងមុខនេះ។
រដ្ឋាករទឹកស្វយ័តកម្ពុជា បានត្រៀមលក់មូលបត្រជាច្រើនដែលមានតំលៃសរុបចំនួនជាង ១៣លានដុល្លារអាមេរិក។ ការត្រៀមលក់មូលបត្រនេះ គឺក្រោយពេលដែលរដ្ឋាករទឹកស្វយ័តកម្ពុជា បានចុះឈ្មោះជាផ្លូវការរួចហើយ ជាដៃគូជាមួយក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា កន្លងមក។
គេសង្កេតឃើញមានតំណាងក្រុមហ៊ុនឯកជន ជាតិ និងអន្តរជាតិចំនួនជាង ២០០នាក់ មកចូលរួមក្នុងការប្រកាសឲ្យចុះបញ្ជីនោះ។
អគ្គនាយករដ្ឋាករទឹកស្វយ័តកម្ពុជា លោក ឯក សុនចាន់ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា នៅជំហានដំបូងនេះ គឺមានក្រុមហ៊ុនឯកជនបរទេសជាច្រើន គ្រោងចុះបញ្ជីដើម្បីទិញមូលបត្រ ប៉ុន្តែតំណាងក្រុមហ៊ុនកម្ពុជា ក្នុងស្រុក នៅមានអារម្មណ៍ថា ទីផ្សារមូលបត្រនេះគឺរឿងថ្មីសំរាប់ពួកគាត់។
លោក ឯក សុនចាន់៖ «ជាអារម្មណ៍របស់ខ្ញុំ ខ្ញុំមានទំនុកចិត្តខ្ពស់ ទោះយ៉ាងណាក៏ដោយ មិនមានសល់ (មូលបត្រ) ទេ។ លក់លើកទី១ ៧០% ១០% របស់ភាគហ៊ុនដែលត្រូវទុកឲ្យនិយោជិករដ្ឋាករទឹកហ្នឹង គឺ ១០០% គាត់ទិញហើយ។ ក៏ប៉ុន្តែអ្វីដែលយើងចង់បាននោះ គឺចង់បានសាធារណជនបានចូលរួមច្រើន។ ស្ថាប័នក៏ដោយ ហៅវិនិយោគិនសាធារណៈហ្នឹងបានចូលរួមច្រើនវាជាការប្រសើរ»។
នាយករងនៃប្រតិបត្តិការទីផ្សារមូលបត្រកម្ពុជា លោក ឡាម៉ូន សូឡី (Lamun Solei) បានមានប្រសាសន៍ថា អតិថិជនអាចបញ្ជាទិញមូលបត្រតាមប្រព័ន្ធអេឡិចត្រនិក (Electronic) ឬអ៊ីម៉ែល (Email)៖ «ប៉ុន្តែវិនិយោគិននៅពេលគាត់ចង់ទិញមូលបត្រ មិនមែនទៅក្នុងទីផ្សារមូលបត្រដោយផ្ទាល់ទេ គឺការទិញលក់ធ្វើតាមរយៈក្រុមហ៊ុនមូលបត្រដែលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា និងជាសមាជិករបស់ក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា»។
អ្នកជំនាញខាងទីផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ដំណើរការទិញ និងលក់មូលបត្រ គឺធ្វើនៅឯអាគារពាណិជ្ជកម្មកាណាឌីយ៉ា (Canadia) ឬទីផ្សារមូលបត្រនៅរាជធានីភ្នំពេញ ចំនួន ២ដងក្នុងមួយថ្ងៃ។ លើកទី១ នៅម៉ោង ៨.៣០នាទីព្រឹក និងលើកទី២ នៅម៉ោង ១១.៣០នាទីថ្ងៃត្រង់។
ក្រោយពីការទិញ និងលក់មូលបត្ររួចហើយ ក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា និងចេញរបាយការណ៍ស្តីពីលទ្ធផលនៃការបញ្ជាទិញមូលបត្រជូនអតិថិជននីមួយៗ។ បើសិនណាមានអតិថិជនណាមួយចង់កែតម្រូវកំហុសនានា គឺត្រូវធ្វើឲ្យបានមុនម៉ោង ១១.៣០នាទីថ្ងៃត្រង់។
អ្នកជំនាញខាងទីផ្សារមូលបត្រកម្ពុជា បានបន្តថា បើសិនណាគ្មានអតិថិជនណាតវ៉ា ឬកែតម្រូវកំហុសទេ គឺក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា និងអតិថិជនដែលទិញ និងលក់មូលបត្រនោះ ត្រូវទូទាត់សាច់ប្រាក់ក្រោយការទិញ និងលក់មូលបត្រនោះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។