កម្ពុជា​គ្រោង​ប្ដឹង​ទៅ​អ​.ស.ប.​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃ

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ បាន​ប្រកាស​ថា កម្ពុជា​នឹង​​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃ បន្ទាប់​ពី​កងទ័ព​កម្ពុជា និង​ថៃ បាន​ប្រយុទ្ធ​តប​ត​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​ជា​លើក​ដំបូង​អស់​រយៈ​ពេល​ជិត ៣​ម៉ោង​រួច​មក។

0:00 / 0:00

កង​ទ័ព​កម្ពុជា និង​ថៃ កាល​ពី​ម៉ោង ៣​ល្ងាច​ថ្ងៃ​សុក្រ ទី​៤ ខែ​កុម្ភៈ បាន​ពើប​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ដែល​បាន​បណ្ដាល​ឲ្យ​កងទ័ព​ខ្មែរ​​ចំនួន​ពីរ​នាក់​ស្លាប់ និង​ពីរ​នាក់​ផ្សេង​ទៀត​​រង​របួស ចំណែក​ឯ​ទាហាន​ថៃ​ចំនួន ៣​នាក់ បាន​រង​របួស និង​ពលរដ្ឋ​ថៃ​ម្នាក់​បាន​ស្លាប់។

ការ​ផ្ទុះ​អាវុធ​បាន​ផ្អាក​នៅ​ម៉ោង ៥ និង ៣០​នាទី​ល្ងាច​ថ្ងៃ​សុក្រ ទី​៤ ខែ​កុម្ភៈ ក្រោយ​ពី​ទាហាន​ថៃ ទាមទារ​ឲ្យ​មាន​ការ​ចរចា​គ្នា។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​នេះ ទាហាន​ខ្មែរ​បាន​ចាប់​ខ្លួន​ទាហាន​ថៃ​បាន​ចំនួន ៤​នាក់ ហើយ​បច្ចុប្បន្ន​នេះ​ទាហាន​ថៃ ៤​នាក់​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ទាហាន​ខ្មែរ។

មន្រ្តី​យោធា​កម្ពុជា និង​ថៃ បាន​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​អ្នក​បង្ក​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​នេះ​។

ផែនទី​ព្រះវិហារ ៤០០
ផែន​ទី​តំបន់​ជម្លោះ​ខ្មែរ-​ថៃ នៅ​ប្រាសាទ​ព្រះវិហារ (RFA)

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ជា​អ្នក​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ ចំណែក​ឯ​ទាហាន​ថៃ បាន​បន្ទោស​ការ​ប្រយុទ្ធ​គ្នា​បណ្ដាល​មក​ពី​ការ​ភ័ន្តច្រឡំ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស កាល​ពី​យប់​ថ្ងៃ​សុក្រ ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ អំពី​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​ទឹក​ដី​កម្ពុជា ៖ «ដោយសារ​តែ​កងទ័ព​ថៃ ប្រមាណ ៣០០​នាក់ នៅ​ចម្ងាយ ៥០០​ម៉ែត្រ​ពី​ជណ្ដើរ​ទី​១​នៃ​ប្រាសាទ​ព្រះវិហារ បាន​ធ្វើ​ការ​បាញ់​កាំភ្លើង​ធំ​ចូល​មក​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា​យើង ចម្ងាយ​ពី ១៨ ទៅ ២០​គីឡូម៉ែត្រ។ កម្ពុជា​នឹង​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ...»

លោក កុយ គួង បន្ថែម​ទៀត​ថា នៅ​មិន​ទាន់​ព័ត៌មាន​លម្អិត ចំពោះ​ការ​ទាមទារ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ទាក់ទង​នឹង​ជម្លោះ​កម្ពុជា-​ថៃ នៅ​ឡើយ​ទេ។

លោក កុយ គួង បន្ថែម​ទៀត​ថា ទោះ​បី​កងទ័ព​កម្ពុជា និង​ថៃ បាន​ប្រយុទ្ធ​គ្នា​ក៏ដោយ ប៉ុន្តែ​ទំនាក់ទំនង​ការ​ទូត​របស់​ប្រទេស​ទាំង​ពីរ​នៅ​មិន​ទាន់​មាន​ការ​ប្រែ​ប្រួល​នៅ​ឡើយ​ទេ។ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ថៃ និង​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ចំ​ពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា-​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​សៀមរាប ដើម្បី​រៀបចំ​ដោះស្រាយ​បញ្ហា​ជម្លោះ​​ព្រំដែន។

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា-​ថៃ បាន​សន្យា​គ្នា​ក្រោយ​ពី​មាន​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-​ថៃ​ថា ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ជម្លោះ និង​រក្សា​សន្តិភាព​សម្រាប់​ប្រទេស​ទាំង​ពីរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ឲ្យ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ ចាប់​ផ្តើម​ឡើង បន្ទាប់​ពី​ក្រុម​ទាហាន​ថៃ ចង់​ឈ្លានពាន​ទឹក​ដី​កម្ពុជា។

លោក ឈុំ សុជាត បន្ថែម​ថា មក​ទល់​ពេល​នេះ កងទ័ព​កម្ពុជា នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ស្ដី​អំពី​ចំនួន​កងទ័ព​កម្ពុជា​ស្លាប់ និង​រង​របួស​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​បរទេស​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា កងទ័ព​កម្ពុជា ចំនួន​ពីរ​នាក់​ស្លាប់ និង​របួស​ពីរ​នាក់។

ចំណែក​ឯ​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​រថក្រោះ​​​ថៃ​​ចំនួន​ពីរ​គ្រឿង​ត្រូវ​បាន​បំផ្លាញ និង​បន្ទាយ​ទាហាន​ថៃ ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ថា ផ្ទះ​ក្រហម​ក៏​ត្រូវ​បាន​បាញ់​បំផ្លាញ​ដោយ​កងទ័ព​កម្ពុជា។

លោក​បន្ត​ថា មេដឹកនាំ​យោធា​របស់​កម្ពុជា និង​ថៃ អាច​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​កុម្ភៈ​នេះ ដើម្បី​ចរចា​គ្នា​ទាក់ទង​ដើម្បី​បញ្ចៀស​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រសាទ​ព្រះវិហារ ៖ «ធម្មតា​កម្ពុជា​មិន​ដែល​បង្ក​រឿង​ជាមួយ​ថៃ​ទេ មាន​តែ​ថៃ​ទេ ដែល​គាត់​បង្ក​រឿង​ជាមួយ​យើង​មុន»

អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ លោក ប្រាយុត ចាន់អូចា (Prayuth Chan-Ocha) កាល​ពី​ថ្ងៃ​សុក្រ ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ដក​ស្រង់​សម្ដី​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កម្ពុជា និង​ថៃ ហាក់​បី​ដូច​ជា​បណ្ដាល​មក​ពី​ការ​ភ័ន្តច្រឡំ​រវាង​កង​ទ័ព​កម្ពុជា និង​ថៃ។ លោក​បន្ត​ថា កងទ័ព​កម្ពុជា និង​ថៃ បាន​ចាប់​ផ្ដើម​ចរចា​គ្នា​ជុំវិញ​ការ​ប្រយុទ្ធ​គ្នា​នេះ។

ទោះ​បី​ជា​អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ បាន​អះអាង​ថា ការ​ផ្ទុះ​អាវុធ​បណ្តាល​មក​ពី​ការ​យល់​ច្រឡំ​ក៏ដោយ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​បន្ទោស​កងទ័ព​កម្ពុជា ជា​អ្នក​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​មុន ហើយ​ទាហាន​ថៃ បាន​បាញ់​តប​ត​កងទ័ព​កម្ពុជា​ជា​ក្រោយ។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ថៃ និង​កម្ពុជា កើត​ឡើង​ក្រោយ​ពេល​ដែល​ថៃ បាន​គំរាម​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។

លោក អភីស៊ិត វេតឆាឈីវ៉ាក់ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​មករា ឆ្នាំ​២០១១ បាន​គំរាម​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា ជា​ជម្រើស​ចុង​ក្រោយ​បង្អស់។ ការ​តានតឹង​ផ្នែក​នយោបាយ​នេះ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​ថៃ បាន​ទាមទារ​ឲ្យ​យោធា​កម្ពុជា ទម្លាក់​ទង់​ជាតិ​ខ្មែរ​ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ ប៉ុន្តែ​កម្ពុជា បាន​បដិសេធ​មិន​ព្រម​តាម​សំណើ​របស់​ថៃ។

ករណី​មួយ​ទៀត​ដែល​បណ្តាល​ឲ្យ​ទំនាក់ទំនង​ឲ្យ​កម្ពុជា-​ថៃ វិល​ទៅ​រក​ភាព​ល្អក់​កករ​នឹង​គ្នា​វិញ​នោះ គឺ​ដោយសារ​តុលាការ​ទីក្រុង​ភ្នំពេញ បដិសេធ​មិន​ព្រម​ដោះលែង​សមាជិក​ក្រុម​អាវ​លឿង​ថៃ ចំនួន​ពីរ​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​ឆ្លង​ដែន​ចូល​មក​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី កាល​ពី​យប់​ថ្ងៃ​សុក្រ មាន​​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បូក​សរុប​ការ​ខូចខាត​របស់​ភាគី​កម្ពុជា នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ដឹង​ថា សម្ភារៈ និង​បន្ទាយ​ខាង​ភាគី​កងទ័ព​ថៃ បាន​ខូចខាត​មួយ​ចំនួន។

លោក ផៃ ស៊ីផាន បាន​បន្ត​ថា ការ​ប្រយុទ្ធ​គ្នា​លើក​ចុង​ក្រោយ​នេះ ភាគី​កម្ពុជា បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ ដូច​ជា​កាំភ្លើង​ផ្លោង​ជាដើម ដើម្បី​តប​ត​នឹង​ទាហាន​ថៃ ៖ «ក្នុង​នាម​ជា​អ្នក​ការពារ យើង​ការពារ​ខ្លួន ប្រើ​អាវុធ​មួយ​ចំនួន​ដែរ ប៉ុន្តែ​អាវុធ​ម៉េច​ខ្ញុំ​មិន​ដឹង​ទេ គ្រាន់តែ​ឮ​ថា ប្រើ​អាវុធ​មួយ​គឺ BM ដែរ ដោយសារ​ថៃ​ចេះ​តែ​បង្កើន​ទ័ព​វា...»

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​នៅ​ខេត្ត​សៀមរាប រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក កាស៊ិត ភិរម្យ (Kasit Piromya) បាន​អះអាង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។

លោក​បាន​ព្រមាន​រួច​ជា​ស្រេច​ហើយ​ថា ជម្លោះ​រវាង​កម្ពុជា និង​ថៃ មិន​ត្រូវ​មាន​ភាគី​ទី​បី​លូក​ដៃ​ចូល​នោះ​ទេ ៖ "បញ្ហា​ព្រំដែន ជា​ពិសេស​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ជា​បញ្ហា​ដ៏​ពិបាក​ដោះស្រាយ​សម្រាប់​ភាគី​សង​ខាង។ ដូច្នោះ​ភាគី​ទាំង​សង​ខាង​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់ ទោះ​ពី​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​ក៏ដោយ ការ​ប្រយុទ្ធ​គ្នា​នេះ​កើត​ឡើង​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ខ្ញុំ​បាន​​ជជែក​ជាមួយ​អាជ្ញាធរ​កម្ពុជា និង​មន្ត្រី​ទូត​ថៃ​ហើយ យើង​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​បាន"

អត្ថាធិប្បាយ​របស់​លោក កាស៊ីត ភិរម្យ ហាក់​បី​ដូច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​របស់​កម្ពុជា ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​កងទ័ព​ថៃ។

រដ្ឋាភិបាល​ថៃ​ធ្លាប់​បាន​បដិសេធ​មិន​ព្រម​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សមាគម​អាស៊ាន​ជួយ​សម្រុះសម្រួល​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ ម្ដង​រួច​ហើយ កាល​ពី​ឆ្នាំ​២០១០។ ថៃ​ទាមទារ​ឲ្យ​កម្ពុជា វិល​ទៅ​រក​ការ​ចរចា​ជា​លក្ខណៈ​ទ្វេ​ភាគី ក្រោយ​ពេល​ដែល​កម្ពុជា បាន​ជូន​ដំណឹង​ទៅ​អង្គការ​សហប្រជាជាតិ និង​ប្រធាន​សមាគម​អាស៊ាន​អំពី​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ។

ទោះ​ជា​មាន​ការ​សន្យា​ពី​ភាគី​ថៃ ក្នុង​ការ​ចរចា​ជា​លក្ខណៈ​ទ្វេ​ភាគី​ក៏ដោយ ប៉ុន្តែ​ការ​ចរចា​ជា​លក្ខណៈ​ទ្វេ​ភាគី​បាន​ជួប​ភាព​ទាល់ច្រក ដោយសារ​តែ​សភា​ថៃ មិន​ព្រម​ផ្ដល់​សច្ចាប័ន​លទ្ធផល​នៃ​ការ​ចរចា​កម្ពុជា និង​ថៃ ឆ្នាំ​២០០០៕