អាជ្ញាធរខ្មែរចាប់បញ្ជូនសង្ឃថៃ៦អង្គទៅថៃវិញពីបទឆ្លងដែនខុសច្បាប់
2009.07.01
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ថា សង្ឃថៃទាំង៦អង្គបានភូតកុហកអាជ្ញាធរព្រំដែនខ្មែរ ៖ «ព្រះអង្គលោកមានពុទ្ធដិកាប្រាប់ទំនាក់ទំនងព្រំដែនហ្នឹង ថាមកតែត្រឹមមាត់បឹងត្រកួនទេ»។
លោកឧត្ដមសេនីយ៍ត្រី ហ៊ុន ហ៊ាន បានថ្លែងបន្តថា សង្ឃថៃ៦អង្គត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺនៅមួយថ្ងៃបន្ទាប់ពីប៉ូលិសបាននាំលោកសង្ឃទាំងនោះពីវត្តរលំជ្រៃកាលពីយប់ថ្ងៃទី២៩ ខែមិថុនានោះ ៖ «យើងអនុវត្តអប់រំនិងបញ្ជូនទៅតាមច្រកអន្តរជាតិ»។
ប្រធានផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក លោក ទុយ ឆាយ៉ា បានថ្លែងថា ព្រះសង្ឃថៃទាំង៦អង្គត្រូវបានកម្លាំងប៉ូលិសស្រុកចាប់បញ្ជូនដឹកតាមរថយន្តពីវត្តរលំជ្រៃទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីវេលាម៉ោង១០យប់ នាថ្ងៃច័ន្ទ ដោយសំអាងថា សង្ឃថៃទាំងនោះចូលទឹកដីខ្មែរមិនមានការជូនដំណឹងនិងគ្មានច្បាប់អនុញ្ញាត។
លោក ទុយ ឆាយ៉ា មានប្រសាសន៍យ៉ាងដូច្នេះ ៖ «អត់បានរាយការណ៍សុំយោបល់ បើតាមមើលបងអភិបាលស្រុកក៏អត់បានដឹងផង»។
ព្រះចៅអធិការវត្តរលំជ្រៃ ព្រះនាម ឡាន់ លាង បានមានថេរដីកាថា សង្ឃថៃទាំង៩អង្គមានឋានៈជាព្រះចៅអធិការវត្ត ដែលនិមន្តមកពីវត្តផ្សេងគ្នាក្នុងខេត្តស្រះកែវនៃប្រទេសថៃ។
សង្ឃថៃទាំងនោះបាននិមន្តចូលមកប្រទេសកម្ពុជាតាមច្រកបឹងត្រកួន ដោយបាននាំយករូបព្រះបដិមាដែលមានកម្ពស់ពីរតឹកចំនួន៨០អង្គ និងរូបព្រះបដិមាដែលមានទំហំតូចៗសម្រាប់ពាក់នឹងក ២.០០០អង្គទៀត ដើម្បីរៀបពិធីអភិសេកនៅក្នុងវត្តរលំជ្រៃ។
ព្រះអង្គមានពុទ្ធដីកាបន្តថា លោកសង្ឃថៃបីអង្គទៀតក្នុងចំណោម៩អង្គ ដែលប៉ូលិសមិនបាននាំខ្លួនទៅកាន់ស្នងការប៉ូលិសខេត្តដើម្បីសាកសួរនោះ ក៏បាននិមន្តដោយអង្គឯងត្រឡប់ទៅកាន់ប្រទេសថៃវិញហើយ។ ជាមួយគ្នានេះ ព្រះអង្គមានពុទ្ធដីកាថា៖ «និយាយទៅជាកំហុសរបស់អាត្មាទេ...»។
ក្រុមអ្នកភូមិបានថ្លែងដោយសង្ស័យថា រូបព្រះបដិមាកំពស់២តឹក ចំនួន ៨០អង្គ និងរូបព្រះបដិមារអង្គតូច ២.០០០អង្គ គឺសង្ឃថៃទាំងនោះមានបំណងយកមកធ្វើពិធីអភិសេកនៅវត្តរលំជ្រៃរបស់ខ្មែរដើម្បីយកត្រឡប់ទៅបំពាក់ឲ្យទាហានថៃការពារខ្លួន។
ប៉ុន្តែការលើកឡើងនេះ ត្រូវបានចៅអធិការវត្តរលំជ្រៃបដិសេធថា រូបព្រះបដិមាទាំងនោះ គឺទុកចែកឲ្យប្រជាពលរដ្ឋខ្មែរទៅវិញ។
គួរបញ្ជាក់ថា នៅវត្តរលំជ្រៃ មានទីតាំងស្ថិតនៅឃុំភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នមានព្រះសង្ឃខ្មែរប្រមាណ២៣អង្គ គង្គនៅវត្តនោះ។ កន្លងមក ព្រះសង្ឃថៃក៏ធ្លាប់ធ្វើបុណ្យកឋិនទានដង្ហែ មកកាន់វត្តនេះផងដែរ៕