ក្នុងទឹកប្រាក់ជាង ៤០លានដុល្លារសហរដ្ឋអាមេរិកនោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ប្រាក់ចំនួន ៣៥លានដុល្លារ ហើយរដ្ឋាភិបាលកម្ពុជា ផ្ដល់ប្រាក់ចំនួនជាង ៥លានដុល្លារ។
នាយក ADB ប្រចាំប្រទេសកម្ពុជា លោក Arjun Goswami (អារជុន ហ្គោស្វាមី) បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលនឹងទទួលបានអង្ករនិងការឧបត្ថម្ភផ្សេងទៀត គឺរស់នៅក្នុងខេត្តចំនួន៧ ជុំវិញបឹងទន្លេសាប គឺខេត្តកំពង់ធំ សៀមរាប បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យនិងពោធិ៍សាត់ ហើយនិងតំបន់អនាធិបតេយ្យផ្សេងទៀត នៅទីក្រុងភ្នំពេញ ដែលADB ចាត់ទុកតំបន់ទាំងនេះថាជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ។
លោក Arjun Goswami មានប្រសាសន៍ថា ៖ «គម្រោងនេះ នឹងផ្តោតលើប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ហើយអ្នកដែលនឹងទទួលផលពីគម្រោងនេះ គឺជាអ្នកដែលគ្មានដីធ្លី អ្នកធ្វើស្រែចម្ការ គ្រួសារស្ត្រីមេម៉ាយ កសិករ ដែលមានប្រាក់ចំណូលទាបបំផុត ហើយនិងពលរដ្ឋ ដែលរស់នៅតំបន់អនាធិបតេយ្យ»។
លោក Arjun Goswami បានមានប្រសាសន៍ថា ជំនួយស្បៀងអាហារបន្ទាន់របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ នឹងជួយប្រជាជនកម្ពុជាដែលក្រីក្របំផុតចំនួន ៥សែននាក់ ឲ្យរួចផុតពីភាពអត់ឃ្លាន ហើយថា ប្រជាកសិករក្រីក្រនឹងទទួលបានគ្រាប់ពូជនិងជីដើម្បីបង្កើនទិន្និផលដាំដុះ។
ក្នុងចំណោមទឹកប្រាក់ ៣៥លានដុល្លារសហរដ្ឋអាមេរិក ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ឲ្យនោះ មាន ១៧,៥លានដុល្លារ ជាជំនួយឥតសំណង ហើយ ១៧,៥លានដុល្លារទៀតជាប្រាក់កម្ចី។
ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ តម្លៃអង្ករនៅកម្ពុជា បានកើនឡើងទ្វេដង ហើយតម្លៃសាច់និងត្រីបានកើនឡើងពី៣០ ទៅ ៥០ភាគរយ ចំណែកឯប្រជាកសិករវិញ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារថ្លៃជីឡើងជិតបីដង ហើយថា គ្រួសារក្រីក្រជាច្រើនបានលក់ទ្រព្យសម្បត្តិរបស់ខ្លួន និងទទួលយកប្រាក់កម្ចីដែលមានអត្រាការប្រាក់ខ្ពស់ដើម្បីទិញម្ហូបអាហារ ដែលជាហេតុធ្វើឲ្យភាពក្រីក្រកាន់តែធ្ងន់ធ្ងរឡើង។
ADB ក៏បានឲ្យដឹងទៀតថា កុមារម្នាក់ក្នុងចំណោមកុមារបីនាក់នៅកម្ពុជាត្រូវទទួលរងនូវកង្វះអាហារូបត្ថម្ភ។
លោក Arjun Goswami បានឲ្យដឹងថា ជំនួយរបស់ ADB គឺសំដៅជាចម្បងលើការការពារកុមារកម្ពុជា កុំឲ្យរងផលប៉ះពាល់ដែលបណ្ដាលមកពីកង្វះអាហារូបត្ថម្ភ ដែលអាចរារាំងដល់ការលូតលាស់ទាំងផ្លូវកាយនិងបញ្ញារបស់ពួកគេ និងជាមូលហេតុបណ្ដាលឲ្យមានជំងឺផ្សេងៗ។
គម្រោងផ្ដល់ជំនួយស្បៀងអាហារបន្ទាន់នេះ គ្រោងនឹងមានដំណើរការរយៈពេលបីឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០០៨នេះ។
គួរជម្រាបថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៣៥% រស់នៅក្រោមបន្ទាត់ក្រីក្រ ហើយក្រុមជំនាញខាងផ្នែកសេដ្ឋកិច្ច ក៏បានជំរុញឲ្យរដ្ឋាភិបាលខិតខំប្រឹងប្រែងកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រផងដែរ៕
