អ្នកវិភាគ៖ កម្ពុជាពុំទាន់ដើរតាមគន្លងនីតិរដ្ឋ
2013.02.14

តើប្រទេសមួយដែលហៅថាជាប្រទេសមាននីតិរដ្ឋ មានកត្តាអ្វីខ្លះសម្រាប់វាស់វែងនោះ?
អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដែលកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិល ហើយមេដឹកនាំនយោបាយខ្មែរគ្រប់បក្ស បានព្រមព្រៀងគ្នាថានឹងដឹកនាំប្រទេសមួយនេះឲ្យដើរតាមគន្លងនីតិរដ្ឋ ប្រជាធិបតេយ្យ ឯករាជ្យ អធិបតីភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ អ្វីជាខ្នាតគោលសំខាន់នោះ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលមានអន្តរជាតិជាអ្នកជួយដឹងឮក្នុងរឿងនេះផង។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួនបានសង្កេតឃើញថា ការដឹកនាំសង្គមបច្ចុប្បន្ននេះ កំពុងតែរសាត់ឆ្ងាយកិច្ចព្រមព្រៀងសន្តិភាព និងពុំទាន់ដើរចំគន្លងនីតិរដ្ឋនោះទេ។
ចំណុចខ្លះៗដែលពួកគាត់ងាយនឹងមើលឃើញនោះ មានជាអាទិ៍ ប្រទេសមានច្បាប់ទោះបីជាច្បាប់នោះមិនទាន់គ្រប់ជ្រុងជ្រោយយ៉ាងណាក្តី ប៉ុន្តែកត្តាសំខាន់ ច្បាប់នោះពុំត្រូវបានគេអនុវត្តឲ្យបានត្រឹមត្រូវ ឬអនុវត្តពុំបានស្មើមុខគ្នារវាងអ្នកមាន និងអ្នកក្រនោះឡើយ។
សំឡេងពលរដ្ឋ៖ «សព្វថ្ងៃនេះ បើតាមខ្ញុំយល់ឃើញ កម្ពុជា ពុំទាន់មានការគោរពច្បាប់ឲ្យបានពេញលេញសម្រាប់ខ្ញុំជាជនរងគ្រោះទេ តែចំពោះអ្នកមានលុយមានអំណាច ភាគច្រើនគាត់គោរពបានល្អណាស់ (តុលាការកាត់ក្តីឲ្យបានត្រឹមត្រូវបានឈ្នះ)។ តែចំពោះអ្នករងគ្រោះ អ្នកមានបញ្ហាដីធ្លី ភាគច្រើនគឺអត់ដែលមានយុត្តិធម៌សម្រាប់ពួកខ្ញុំទេ តាមពិនិត្យជាក់ស្តែង មន្ត្រីមួយចំនួនថ្នាក់លើថ្នាក់ក្រោម ដែលគាត់មិនគោរពច្បាប់ វាកើតឡើងតែពីអំពើពុករលួយពីអ្នកមានអំណាច អ្នកមានលុយមិនគោរពច្បាប់ អាងតែប្រាក់ អាងតែអំណាច មានលេសយកប្រព័ន្ធមកគាបសង្កត់លើជនក្រីក្រ នេះជាក់ស្តែង យកខុសជាត្រូវ យកខ្មៅជាស ក្នុងប្រទេសកម្ពុជា ខ្ញុំថាអត់មានការគោរពច្បាប់រដ្ឋាភិបាល និយាយតែមាត់ អត់មានការពិតជាមួយប្រជាពលរដ្ឋទេ»។
នីតិរដ្ឋបានន័យថា រដ្ឋ ប្រទេស ឬនគរមួយ ដែលប្រកាន់យកគោលការណ៍ច្បាប់ជាធំ។ ស្នូលសំខាន់នៃនីតិរដ្ឋ គឺច្បាប់ ឬគោលការណ៍ច្បាប់ ហើយច្បាប់នោះត្រូវតែតាក់តែងឡើងសម្រាប់ផលប្រយោជន៍រួមក្នុងសង្គម ហើយត្រូវអនុវត្តឲ្យមានតម្លាភាព។ ជនគ្រប់រូបត្រូវស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា ហើយត្រូវអនុវត្តឲ្យបានស្មើភាពគ្នា ដោយមិនរើសអើងចំពោះបុគ្គល ឬភាគីណាមួយឡើយ។
ជាមួយគ្នានោះដែរ តុលាការត្រូវតែជាសសរទ្រូងសំខាន់ក្នុងការទ្រទ្រង់ឲ្យមាននីតិរដ្ឋ ប៉ុន្តែទាល់តែតុលាការនោះ ឬចៅក្រម និងព្រះរាជអាជ្ញា ត្រូវមានជំហរឯករាជ្យប្រកាន់នូវវិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវល្អ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានសង្កេតឃើញថា កម្ពុជា បច្ចុប្បន្ននៅមិនទាន់អាចនិយាយបានថាជាប្រទេសនីតិរដ្ឋនោះទេ។ បញ្ហានេះ ដោយសារគេសង្កេតឃើញគោលការណ៍របស់អ្នកដឹកនាំដែលជំរុញឲ្យគោរពច្បាប់ មានតែរូបរាង ប៉ុន្តែការអនុវត្តនៅមានចំណុចខ្វះខាតច្រើន ដូចជាការតាក់តែងច្បាប់មួយចំនួន ធ្វើឡើងពុំទាន់មានតម្លាភាព ដោយមានការកេងចំណេញ ឬមានចរិតនយោបាយច្រើនជាងការស្វែងរកយុត្តិធម៌សម្រាប់សង្គមជាតិទាំងមូល។
ចំពោះការផ្សព្វផ្សាយច្បាប់ឲ្យពលរដ្ឋ ឬសាធារណជនបានដឹងនោះ ក៏នៅមានកម្រិតទាបដែរ រីឯប្រព័ន្ធតុលាការវិញ ក៏កំពុងស្ថិតនៅក្រោមសម្ពាធនយោបាយ ដែលមិនទាន់អាចឲ្យពលរដ្ឋជឿទុកចិត្តបាននៅឡើយ៖ «សព្វថ្ងៃនេះ តុលាការយើងឃើញហើយ រឿងចាប់ឃុំឃាំងនេះ បើយើងអ្នកតូចតាចទេ គឺចាប់គ្រឹបៗដាក់ឃុំឃាំងតែម្តង តែបើអ្នកធំច្រើនតែរួចខ្លួន ដូចជាករណីលោក ឈូក បណ្ឌិត នៅក្រៅឃុំ ហើយក៏រួចខ្លួនទៅទៀត អាហ្នឹងមិនមែនជានីតិរដ្ឋទេ»។
ប្រទេសជាតិមួយដែលអាចអភិវឌ្ឍន៍ឆាប់រហ័សទៅបាន អាស្រ័យដោយមានយុត្តិធម៌សង្គម និងមានអ្នកដឹកនាំប្រកាន់នូវនីតិរដ្ឋ។
អ្នកវិភាគឯករាជ្យមួយរូបទៀត គឺលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា សព្វថ្ងៃរដ្ឋាភិបាលបានបង្ហាញថា កំពុងអនុវត្តគោលនយោបាយរបស់ខ្លួន ដោយដើរលើផ្លូវនីតិរដ្ឋ ប៉ុន្តែធាតុពិត ពុំទាន់អាចធ្វើឲ្យមាននីតិរដ្ឋបានទេ។ លោកបានលើកហេតុផលខ្លះៗមកបង្ហាញថា អ្វីដែលមិនទាន់អនុវត្តតាមនីតិរដ្ឋ ដោយសារប្រព័ន្ធយុត្តិធម៌មិនទាន់ឯករាជ្យពេញលេញ ការអនុវត្តច្បាប់ពុំទាន់មានតម្លាភាព ប្រព័ន្ធគ្រប់គ្រងរដ្ឋនៅតែមានអ្នកខ្លាំង អ្នកមានអំណាចគាបសង្កត់អ្នកទន់ខ្សោយ នៅតែមានសែស្រឡាយបក្ខពួកនិយម ព្រមទាំងមានធាតុផ្សំជាច្រើនទៀត ដែលមិនទាន់អាចឲ្យប្រទេសនេះជាប្រទេសនីតិរដ្ឋបាន។
លោកបណ្ឌិត សុខ ទូច៖ «យើងឃើញហើយសព្វថ្ងៃ ប្រព័ន្ធយុត្តិធម៌ អ្នកខ្លះចាប់ភ្លាមកាត់ទោសភ្លាម អ្នកខ្លះទៅ ទុកយូរខុសអាជ្ញាយុកាល ទម្រាំមានការផ្ដន្ទាទោស ឬមានការកាត់ក្តីហ្នឹង រឿងគ្រាន់តែមួយប៉ប្រិចភ្នែកអាចចេញជាចម្លើយ»។
បើទោះបីជាមានការលើកឡើងបែបនេះក្តី ក៏មន្ត្រីរដ្ឋាភិបាលតែងតែបដិសេធន៍ថា រដ្ឋាភិបាលពុំបានដាក់សម្ពាធណាមួយទៅលើប្រព័ន្ធយុត្តិធម៌ ឬតុលាការនោះទេ។ តុលាការកំពុងធ្វើការងាររបស់ខ្លួនដោយអនុលោមទៅតាមច្បាប់ និងវិជ្ជាជីវៈ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោកមានប្រសាសន៍ពន្យល់ថា នីតិរដ្ឋមិនអាចកើតមានពីការសុបិន្ដ ឬជាការប្រទានពីព្រះមកនោះទេ។ នីតិរដ្ឋ គឺកើតចេញពីមហាជនរបស់រដ្ឋមួយ រួមទាំងប្រជាជនដែលស្ថិតក្នុងរង្វង់រដ្ឋាភិបាលដែលជាអ្នកអនុវត្ត និងជាអ្នកបង្កើតច្បាប់ រហូតដល់ប្រជាពលរដ្ឋដែលជាអ្នកប្រតិបត្តិច្បាប់ ដោយពុំមានអ្នកណាមួយដែលឈរពីចម្ងាយជាអ្នកចង្អុលប្រាប់ក្រៅពីអ្នកចូលរួមនេះទេ។
លោកបន្តថា ចំពោះឥរិយាបថរបស់រដ្ឋាភិបាលថ្មីៗនេះ បានធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ជាច្រើន ជាពិសេសលើស្ថាប័ននៃអង្គចៅក្រម៖ «យើងឃើញយ៉ាងហោចណាស់មាន ១៨ចៅក្រម ដែលទើបតែបានចប់វគ្គហ្វឹកហ្វឺនជាចៅក្រមពាណិជ្ជកម្ម ហើយយើងឃើញមានច្រើនតទៅទៀត។ ច្បាប់ដែលពាក់ព័ន្ធក្នុងប្រព័ន្ធយុត្តិធម៌ពីរ ឬបីអាទិត្យទៀត នឹងចេញមួយទៀត ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌។ យើងឃើញពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជាតិមិនមានតែកម្ពុជា ទេ កំពុងជួបបញ្ហាក៏ដូចយើងដែរ ដូច្នេះយើងមិនរត់ចោលបញ្ហាទេ យើងដោះស្រាយតាមប្រព័ន្ធ យើងមិនដោះស្រាយតាមប្រតិកម្មបញ្ច្រាសនឹងសាច់រឿងនោះទេ។ ដូច្នេះការដឹកនាំស្រុកមួយតាមបែបនីតិរដ្ឋ គឺមានប្រព័ន្ធច្បាប់សម្រាប់ទទួលគ្រប់គ្រងនៅក្នុងការដោះស្រាយនេះឯង»។
តែទោះយ៉ាងណា លោកទទួលស្គាល់ថា នៅក្នុងសង្គមមនុស្សគ្មានប្រទេសណាមាននីតិរដ្ឋពេញលេញទេ រាប់ទាំងកម្ពុជា ផង ពីព្រោះសេចក្តីត្រូវការរបស់សង្គមនោះទេ ដែលបង្ហាញថាគេកំពុងត្រូវការអ្វីខ្លះ។
ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ វិញ យល់ឃើញថា ការកែទម្រង់ប្រព័ន្ធច្បាប់ជារឿងមួយ ប៉ុន្តែការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋក៏ជារឿងមួយសំខាន់ដែរ ដើម្បីឲ្យប្រទេសមួយមាននីតិរដ្ឋ។ លោកសង្កេតឃើញថា ប្រព័ន្ធដឹកនាំរដ្ឋសព្វថ្ងៃកំពុងមានភាពច្របូកច្របល់គ្នារវាងគណបក្ស និងរដ្ឋាភិបាល រហូតដល់តួនាទីរបស់មន្ត្រីរាជការ។ មន្ត្រីរាជការតាំងពីថ្នាក់លើដល់ក្រោម ភាគច្រើនបានចូលជាបក្ខជនរបស់គណបក្សនយោបាយ ហើយបានបម្រើបក្សនយោបាយជាងបម្រើប្រជាពលរដ្ឋ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «សព្វថ្ងៃនេះដូចជាបម្រើផលប្រយោជន៍បក្សប្រព័ន្ធរដ្ឋបាលហ្នឹងជាប្រព័ន្ធត្រួតត្រាប្រជាពលរដ្ឋតាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន ថ្នាក់ភូមិអីអ៊ីចឹង រួចតុលាការដូចគេនិយាយច្រើនហើយ គឺប្រើជាឧបករណ៍គាបសង្កត់ដាក់ទណ្ឌកម្មដល់អ្នកណាដែលប្រឆាំង ឬទិតៀនអីអ៊ីចឹងទៅ»។
ទាក់ទងនឹងបញ្ហានេះ គម្រោងយុត្តិធម៌ពិភពលោក (WJP) ក៏បានសរសេរលំអិតនៅក្នុងរបាយការណ៍របស់ខ្លួនប្រចាំឆ្នាំ២០១២ ថា កម្ពុជា កំពុងធ្លាក់ចុះនូវការគោរពច្បាប់ និងការបោះជំហានឆ្ពោះទៅរកនីតិរដ្ឋ។
អ្នកវិភាគបញ្ហាសង្គមមើលឃើញដែរថា កម្ពុជា នៅមានឧបសគ្គច្រើនក្នុងការទាញឲ្យទៅជាប្រទេសមួយមាននីតិរដ្ឋពេញលេញ ពីព្រោះស្ថាប័នឯករាជ្យមួយចំនួន ដូចជាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការជាដើម ដែលជាសសរទ្រូងច្រូងឲ្យនីតិរដ្ឋងើបឡើងបាននោះ ពុំមានឱកាសគ្រប់គ្រាន់ក្នុងការពង្រឹងសមត្ថភាពជំនាញឲ្យខ្លាំង និងឈរឯករាជ្យដោយខ្លួនឯងបាននៅឡើយ។
ម្យ៉ាងទៀត សិទ្ធិសេរីភាព និងសមត្ថភាព ចំណេះដឹង ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយក្នុងការតវ៉ាតាំងតស៊ូមតិប្រឆាំងទៅនឹងសកម្មភាពរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។