សេចក្ដីណែនាំរបស់សាលាក្រុងភ្នំពេញ ចុះថ្ងៃទី២៥ ខែមករា បានប្រកាសឲ្យមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជីវករ និងពលរដ្ឋរស់នៅទីក្រុងភ្នំពេញ មិនឲ្យលក់ ចែកចាយ និងដុតផាវជាដាច់ខាត ក្នុងថ្ងៃបុណ្យចូលចិន វៀតណាម ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខសង្គម។
បទបញ្ជានេះចុះហត្ថលេខាដោយលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានជំរុញទៅមន្ត្រីពាក់ព័ន្ធក្រោមឱវាទត្រូវទប់ស្កាត់ឲ្យបានការធ្វើចរាចរផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម នៅដើមខែកុម្ភៈខាងមុខ។
លោក កើត ឆែ នាយរងខុទ្ទកាល័យសាលារាជធានីភ្នំពេញ បានថ្លែងថា សេចក្ដីណែនាំពីការទប់ស្កាត់គ្រឿងផ្ទុះដូចជាដុតផាវ ឬកាំជ្រួច នៅក្នុងពិធីបុណ្យចូលឆ្នាំចិន មន្ត្រីទទួលខុសត្រូវតាមមូលដ្ឋានត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកស្រី ច័ន្ទ សំណាង ចៅសង្កាត់ឫស្សីកែវ មានប្រសាសន៍ថា បម្រាមមិនឲ្យលក់ និងដុតគ្រឿងផ្ទុះផ្សេងៗនាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ខាងមុខនេះ ក្រុមប្រឹក្សាសង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន បានចុះណែនាំពលរដ្ឋ និងអាជីវករយ៉ាងយកចិត្តទុកដាក់បំផុត។
លោកស្រីបន្តថា បម្រាមមិនឲ្យលក់ និងដុតគ្រឿងផ្ទុះក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម របស់អាជ្ញាធរក្រុង ប្រយោជន៍ដើម្បីទប់ស្កាត់បទល្មើស និងមហន្តរាយផងទាំងពួង ដែលអាចនឹងកើតមានក្នុងពិធីនេះ មានដូចជាបទល្មើសឆក់ប្លន់ ឬអគ្គីភ័យជាដើម។
លោកស្រី ច័ន្ទ សំណាង ចៅសង្កាត់ឫស្សីកែវ មានប្រសាសន៍ថា ៖ «ជាគោកការណ៍នៅក្នុងមូលដ្ឋានរបស់នាងខ្ញុំហ្នឹង ខាងសណ្ដាប់ធ្នាប់ ឬខាងគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងពិធីបុណ្យតែងតែជម្រាបជូនជាមួយប្រជាពលរដ្ឋទូទៅថា មិនឲ្យដុតផាវ ឬបញ្ចេញសំឡេងអីដែលនាំឲ្យរំខាន មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ»។
លោក ឃឹម សុខុន មន្ត្រីប៉ូលិសការពារសន្តិសុខផ្សារគីឡូម៉ែត្រលេខ៦ មានទីតាំងក្នុងខណ្ឌឫស្សីកែវ បានថ្លែងថា នៅមូលដ្ឋាននេះ បន្ទាប់ពីទទួលបទបញ្ជាពីថ្នាក់លើរួចមក សមត្ថកិច្ចគ្រប់ជំនាញបានផ្សព្វផ្សាយដល់ក្រុមអាជីវករ ក៏ដូចជាពលរដ្ឋ ហាមមិនឲ្យលក់ និងដុតផាវនៅថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ជាដាច់ខាត។
លោកមានប្រសាសន៍បន្ថែម ៖ «បានណែនាំគាត់ហើយមិនឲ្យលក់ ឬមានដុតមានអីទេ ព្រោះបទបញ្ជាពីសាលាក្រុងបានមានបទបញ្ជាថា ឲ្យយើងដើរប្រាប់នៅតាមផ្សារទាំងអស់ មិនឲ្យមានលក់ផាវ មិនឲ្យមានដុតនៅតាមទីផ្សារ ឬនៅតាមផ្លូវទីសាធារណៈទេ»។
ឆ្លើយតបការអំពាវនាវនេះ បុរសជាអាជីវករម្នាក់នៅក្រុងភ្នំពេញឈ្មោះ រស់ សំអុន មានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោកមិនបានទទួលយកគ្រឿងផ្ទុះដូចជាផាវ ឬកាំជ្រួចជាដើម យកមកលក់នៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នេះទេ ព្រោះលោកយល់ថា សម្ភារៈទាំងនេះអាចបង្កឲ្យកើតមានអគ្គីភ័យ និងបទល្មើសផ្សេងៗ។
អាជីវកររូបនេះចង់ឲ្យអាជីវករដទៃទៀត ត្រូវបញ្ឈប់នាំចូលគ្រឿងផ្ទុះ មានដូចជាផាវ ឬកាំជ្រួច មកលក់ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម តទៅទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ ដែលអាចនឹងកើតមានឡើង។
បុរសជាអាជីវករឈ្មោះ រស់ សំអុន មានប្រសាសន៍ដូច្នេះ ៖ «តម្លង់ដល់អ្នកជិតខាង ហើយខ្លាចជាពិសេស គឺគ្រោះអគ្គីភ័យ»។
ទោះជាបែបនេះក្តី សាធារណៈជនបានកត់សម្គាល់ថា បទបញ្ជារបស់អាជ្ញាធរក្រុង ហាក់មិនមានប្រសិទ្ធភាពទេ ព្រោះឃើញមានក្រុមហ៊ុន និងគេហដ្ឋានមន្ត្រីរដ្ឋាភិបាល ឬអ្នកមានស្ដុកស្ដម្ភជាប់សែស្រឡាយកូនចៅចិនមួយចំនួនបានដុតផាវ ឬកាំជ្រួចកងរំពង ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន-វៀតណាម យ៉ាងអនាធិបតេយ្យដដែល។
យ៉ាងណាក៏ដោយ បទបញ្ជាលោក កែប ជុតិមា ក៏បានសង្កត់ធ្ងន់ថា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះ បើមាននរណាម្នាក់ប្រឆាំងនឹងសេចក្ដីណែនាំ បង្កឲ្យមានសំឡេងផ្ទុះដូចជាដុតផាវ ដុតកាំជ្រួចជាដើម នៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
