នៅចំពោះមុខរូបថត និងជើងធូបកន្លែងសែនព្រេន និងគោរពបូជាក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃរបស់សពលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិនោះ យុវជនវ័យក្មេងមួយរូបដែលជាកូនប្រុសច្បងរបស់លោក បានបង្ហាញទឹកមុខក្រៀមក្រំ ស្រងូតស្រងាត់ ដោយគេបានបាត់បង់ឪពុកជាទីស្រឡាញ់ បានឃ្លាតទៅឆ្ងាយសែនឆ្ងាយដោយពុំមានថ្ងៃត្រឡប់វិលវិញ។
យុវជន ឆឺយ ឧត្តមរស្មី អាយុ ១៩ឆ្នាំ បានសម្លឹងទៅរូបថតលោក ឈុត វុទ្ធី បីផ្ទាំង ដែលថតក្នុងពេលវេលា និងវ័យខុសគ្នា គឺរូបលោកនៅពីក្មេង វ័យកណ្ដាល និងរូបដែលថតថ្មី មិនយូរប៉ុន្មានមុនគាត់ស្លាប់។
យុវជនរូបនេះបានរំលឹកពីគុណសម្បត្តិរបស់ឪពុកដែលជាមនុស្សម្នាក់គួរឲ្យគោរព និងយកជាគំរូតាម៖ «ទង្វើដែលគាត់ធ្វើនេះ ប្រជាជនខ្មែររាប់ម៉ឺននាក់គាំទ្រគាត់ ស្រឡាញ់គាត់ ដោយទាំងខ្ញុំជាកូនបានគាំទ្រគាត់។ ខ្ញុំមានការព្រួយបារម្ភខ្លាំងពេលដែលគេគំរាមកំហែងពីមុនមកតាមទូរស័ព្ទ តាមការឃាត់ឡានគាត់ផ្សេងៗទៀត ដូចជាគេភ្ជង់កាំភ្លើងជាដើម។ ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយ ទីមួយគាត់ជាឪពុកដ៏ល្អ អ្នកស្នេហាជាតិមួយដ៏ល្អ ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ ទាំងអ្នកស្រឡាញ់ គាត់ទាំងក្នុងប្រទេស ក្រៅប្រទេស ហើយគាត់មានចំណេះដឹង រៀនសូត្រសាលាយោធានៅរុស្ស៊ី ហ្នឹង ៦ឆ្នាំហើយ»។
ចំពោះមុខផ្សែងធូបទៀនពេលគោរពវិញ្ញាណក្ខន្ធឪពុក យុវជនរូបនេះបានសច្ចាថា គេនឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីស្នងនូវវីរភាពរបស់ឪពុករបស់គេ៖ «ខ្ញុំមានឆន្ទៈថា នឹងខំប្រឹងរៀនធ្វើជាមនុស្សមួយដែលខ្លាំងដូចគាត់អ៊ីចឹង។ ខ្ញុំមានឆន្ទៈខាងហ្នឹងខ្លាំងណាស់ សូម្បីតែម៉ាក់ខ្ញុំក៏ស្រឡាញ់ខាងហ្នឹងណាស់ដែរ ប៉ុន្តែគ្រាន់ថា ខ្ញុំអត់មានធនធាន សំខាន់ណាស់ធនធានមនុស្សក្នុងខ្លួនហ្នឹង ខ្ញុំអត់ទាន់រៀនបានជ្រៅជ្រះ។ បើមានអ្នកណាជួយជ្រោមជ្រែងខ្ញុំនឹងធ្វើការងារនេះបន្តទៀត ហើយខ្ញុំនឹងព្យាយាមសិក្សាពីគាត់ឲ្យបានច្រើនតាមឯកសារគាត់បន្សល់ទុកឲ្យខ្ញុំ ហើយខ្ញុំនឹងខិតខំធ្វើតទៅទៀត»។
ឧត្តមរស្មី បានឲ្យដឹងថា អត់ពីឪពុកគេត្រូវក្លាយជាសសរទ្រូងសម្រាប់គ្រួសារ ជាពិសេសប្អូនស្រីពីរនាក់តូចៗទៀត។
ចំពោះរូបគេក៏ត្រូវការពេលវេលាច្រើនទៅមុខទៀតដែរ ដើម្បីរៀនសូត្របណ្ដុះឆន្ទៈតាមគំរូវីរភាពរបស់ឪពុកដែលជាអ្នកធ្វើការ ដើម្បីប្រយោជន៍មនុស្សជាតិទូទៅ និងសង្គមជាតិ៖ «ទោះបីគាត់ស្លាប់ ដូចបងឃើញអ៊ីចឹង គាត់មានមោទនភាពណាស់ កេរ្តិ៍ឈ្មោះគាត់ល្បីសុះសាយពេញពិភពលោក អ៊ីចឹងខ្ញុំជាកូនក៏គ្មានអ្វីដែរ គ្រាន់តែបានមោទនភាពពីគាត់ដែលមានឪពុកល្អអ៊ីចឹង»។
ដើម្បីធ្វើការងារឲ្យបានល្អដូចឪពុក ទាល់តែគេខិតខំរៀនឲ្យមានធនធានចំណេះដឹងនៅក្នុងខ្លួនច្រើនសម្បូរបែបដូចឪពុក។
ក្នុងវ័យប្រមាណ ១៩ឆ្នាំ ឆឺយ ឧត្តមរស្មី ទើបនឹងបញ្ចប់ការសិក្សាត្រឹមមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១១ ហើយតាំងពីដើមឆ្នាំ២០១២ គេបានធ្វើការជាមួយឪពុកក្នុងនាមជាជំនួយការធ្វើរបាយការណ៍។ ការងារនេះជាការរៀនសូត្រផង និងយកបទពិសោធន៍ពីឪពុក និងសហការីជាជនបរទេសមួយចំនួនទៀត។
យុវជន ឆឺយ ឧត្តមរស្មី៖ «គោលបំណងរបស់គាត់ ចង់ឲ្យខ្ញុំរៀនច្បាប់ ប៉ុន្តែការងារជាប់រវល់ពេកគាត់ថា ឲ្យនៅជួយធ្វើការងារគាត់សិនទៅ ព្រោះការងារគាត់ហ្នឹងក៏ខ្លាំងដូចនៅសាលាដែរ ព្យាយាមរៀនជាមួយគាត់ឲ្យបានច្រើនទៅ។ ហើយខ្ញុំស្ដាប់តាមគាត់ រៀនជាមួយគាត់ ហើយគាត់ថា នឹងមកវិញឲ្យខ្ញុំចូលរៀនសាលា អេស៊ីអ៊ី (ACE) ភាសាអង់គ្លេស ដល់ពេលអ៊ីចឹងទៅ ជាអាក់ខាន។ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចកើតឧបទ្ទវហេតុដ៏អាក្រក់ដែលខ្ញុំមិនអាចទទួលយកបាន ខ្ញុំមានការសោកស្ដាយខ្លាំង ប៉ុន្តែយើងមិនដឹងធ្វើម៉េច ព្រោះខ្ញុំជាបង្គោលគ្រួសារបន្ទាប់ពីគាត់»។
ថ្វីត្បិតពេលនេះ ការងារឪពុករបស់ខ្លួនជាការងារមួយប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ដូចបានបង្ហាញឲ្យឃើញជាក់ស្ដែងនៅពេលនេះស្រាប់ក៏ដោយ ក៏គេមិនរុញរាចង់ដកខ្លួនថយពីគន្លងការងាររបស់ឪពុកគេឡើយ៖ «ដំបូងឡើយខ្ញុំខ្លាច ពេលគាត់ធ្វើការងារដំបូងៗ ប៉ុន្តែយូរទៅខ្ញុំលែងខ្លាចហើយ»។
ចំណែកលោកស្រី សំ ចាន់ធី ជាប្រពន្ធសពលោក ឈុត វុទ្ធី បានសម្ដែងនូវក្ដីរីករាយ និងមានភាពកក់ក្ដៅចំពោះការតាំងចិត្តរបស់កូនបែបនេះ៖ «កូន (មាន) យោបល់អ៊ីចឹងខ្ញុំសប្បាយចិត្ត ព្រោះថា អង្គការនេះគាត់បង្កើតឡើងដោយខ្លួនឯង ដោយញើសឈាមរបស់គាត់»។
លោកស្រីក៏មិនតក់ស្លុតដែរចំពោះការគំរាមកំហែងបាញ់សម្លាប់សកម្មជនការពារព្រៃឈើដូចជាប្តីរបស់គាត់បែបនេះ ពីព្រោះការចូលរួមការពារធនធានធម្មជាតិរបស់ប្រទេសរបស់ខ្លួន ទុកសម្រាប់កូនចៅជំនាន់ក្រោយនោះ គឺជារឿងសំខាន់ជាងអាយុជីវិតរបស់យើងម្នាក់ៗទៅទៀត៖ «ការជំរុញកូន គឺឲ្យដូចជាប៉ាវាអ៊ីចឹង ឲ្យមានឆន្ទៈដូចគ្នា។ ខ្ញុំមិនរុញរានឹងការបាញ់សម្លាប់ ហើយយើងភ័យខ្លាចអ៊ីចឹងទេ គឺត្រូវឲ្យកូនរៀនចេះដឹងមកបន្តវេនទៀត។ ណាមួយយើងគិតអាណិតអ្នកដែលបាត់បង់ព្រៃឈើ ដូចជាជនជាតិភាគតិចអ៊ីចឹង ខ្ញុំអាណិតគាត់ដូចពួកគាត់អាណិតប្ដីខ្ញុំដែរ»។
ទាក់ទងនឹងសុវត្ថិភាពអាយុជីវិតអ្នកដែលធ្វើការដើម្បីប្រយោជន៍ជាតិនេះ លោកបណ្ឌិត ជាម យៀប អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជន និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ស្នើឲ្យអាជ្ញាធរមូលដ្ឋាន រដ្ឋាភិបាល ត្រូវតែជួយថែរក្សាការពារ ធានានូវសុវត្ថិភាពដល់បុគ្គលណា ឬមន្ត្រីណាដែលគេមានឆន្ទៈចូលរួមថែរក្សាសម្បត្តិធម្មជាតិ ឬអ្វីៗទាំងអស់ដែលជាប្រយោជន៍ជាតិនោះ។
លោក ជាម យៀប៖ «អាហ្នឹងចាត់ទុកថា គាត់ជួយដល់រដ្ឋាភិបាលទេ អ៊ីចឹងសមត្ថកិច្ច បរិស្ថានព្រៃឈើ ត្រូវយកចិត្តទុកដាក់ឲ្យមែនទែន មិនត្រូវបណ្ដែតបណ្តោយ ហើយត្រូវការពារគេ ដែលគេជួយការពារដល់ប្រយោជន៍ជាតិនោះ។ ខ្ញុំសូមកោតសរសើរហើយដល់លោក ឈុត វុទ្ធី ដែលគាត់ជាមនុស្សមួយដែលបានទៅរារាំងសម្បត្តិធម្មជាតិរបស់ជាតិ មិនមែនទៅការពាររបស់ផ្ទាល់ខ្លួនគាត់ទេ»។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក កាលពីថ្ងៃទី២៦ ខែមេសា នៅចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខែត្រកោះកុង បន្ទាប់ពីលោក និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីររូបទៀត បានចូលទៅថតរូបភាពគំនរឈើនៅក្នុងក្រុមហ៊ុនកាប់ឈើនៅកន្លែងកើតហេតុនោះ។
ការស្លាប់របស់លោក ត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសសកម្មជនព្រៃឈើ បានសម្ដែងការសោកស្ដាយជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន ដោយគេចាត់ទុកថា ការបាត់បង់វីរជនមួយដ៏សំខាន់ដែលហានបូជាជីវិតដើម្បីការពារផលប្រយោជន៍ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។