គ្រួសារសព និងអ្នកចូលរួមជាច្រើនរយនាក់ក្នុងពិធីដង្ហែសពលោក ឈុត វុទ្ធី យកទៅបញ្ចុះ បានសំដែងទុក្ខក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់សកម្មជនព្រៃឈើម្នាក់នេះ។
ព្រះសង្ឃ មន្ត្រីសង្គមស៊ីវិល និងអ្នកតំណាងរាស្ត្របក្សប្រឆាំង បានថ្លែងថ្កោលទោសចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី ជាប្រធានអង្គការការពារធនធានធម្មជាតិ។
លោក ឈុត វុទ្ធី បាននាំអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរនាក់ចូលទៅទីតាំងកាប់ឈើមួយកន្លែងនៅចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ហើយត្រូវខ្មាន់កាំភ្លើងនៅតំបន់នោះបាញ់សម្លាប់ នៅពេលលោកបើករថយន្តចេញមកវិញ។
របាយការណ៍របស់កងរាជអាវុធហត្ថខេត្តកោះកុង បានអះអាងថា មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី រួចហើយ ធ្វើអត្តឃាតខ្លួនឯង ដោយបាញ់កាំភ្លើងចំនួន ២គ្រាប់។ ប៉ុន្តែអ្នកស៊ើបអង្កេតរបស់អង្គការមិនមែនរដ្ឋាភិបាលមិនជឿលើរបាយការណ៍នោះឡើយ។
នៅក្នុងឱកាសប្រារព្ធពិធីបញ្ចុះសពលោក ឈុត វុទ្ធី ប្រជាសហគមន៍ស្ថិតនៅជុំវិញតំបន់ព្រៃឡង់ និងគ្រួសារសពលោក ឈុត វុទ្ធី បានទទូចសុំឲ្យរដ្ឋាភិបាលវែករកមុខអ្នកនៅពីក្រោយខ្នងនៃហេតុការណ៍បាញ់សម្លាប់នេះ។
ទន្ទឹមគ្នានេះដែរ ភរិយារបស់សពលោក ឈុត វុទ្ធី គឺអ្នកស្រី សំ ចាន់ធី បានអំពាវនាវឲ្យរដ្ឋាភិបាលគិតគូរដល់សុវត្ថិភាពសន្តិសុខសម្រាប់គ្រួសារគាត់ ដោយគាត់បារម្ភខ្លាចជនមិនស្គាល់មុខដែលនៅពីក្រោយខ្នងឃាតកមកតាមសម្លាប់សមាជិកគ្រួសារគាត់បន្តទៀត។
ចំណែកប្រជាសហគមន៍ព្រៃឡង់ ក៏មានបំណងស្នើឲ្យមានការឆ្លាក់រូបលោក ឈុត វុទ្ធី ធ្វើពីឈើប្រណិតដាក់តាំងនៅកណ្ដាលព្រៃឡង់ ដើម្បីឲ្យពួកគាត់គោរព និងចងចាំពីវីរភាពដ៏ឆ្នើមក្នុងការចេញមុខ មិនខ្លាចស្លាប់ការពារព្រៃឈើដែលកំពុងប្រឈមមុខបាត់បង់យ៉ាងគំហុក។
លោកស្រី វង្ស ផាន តំណាងប្រជាសហគមន៍ព្រៃឡង់ មកពីខេត្តស្ទឹងត្រែង មានប្រសាសន៍ទាំងក្ដុកក្ដួល និងសម្រក់ទឹកភ្នែកថា ទីតាំងដែលពួកគាត់ចង់តាំងរូបចម្លាក់នោះ គឺជាកន្លែងប្រជាសហគមន៍តែងតែធ្វើពិធីបន់ស្រន់គោរពបូជា ស្ថិតនៅតំបន់ដំណាក់ធំព្រំប្រទល់ខេត្តកំពង់ធំ ជាប់មួយខេត្តព្រះវិហារ និងខេត្តក្រចេះ។
មន្ត្រីសម្របសម្រួលកម្មវិធីពង្រឹងអំណាចសហគមន៍ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ។ លោកមានប្រសាសន៍នៅក្នុងពិធីបញ្ចុះសពនោះថា ជីវិតលោក ឈុត វុទ្ធី ពេលនេះបានបញ្ចប់ហើយ តែបេសកកម្មរបស់លោកមិនទាន់ចប់សព្វគ្រប់ឡើយ ហើយបំណងប្រាថ្នារបស់លោកពាក់ព័ន្ធនឹងបញ្ហាអភិរក្សព្រៃឈើក៏នៅមិនទាន់បានទទួលពេញលេញនៅឡើយដែរ។
តែទោះយ៉ាងណាក្តីសកម្មជនព្រៃឈើដទៃទៀតដែលធ្លាប់ធ្វើការជាមួយលោក ឈុត វុទ្ធី បានសច្ចាថា នៅតែបន្តសកម្មភាពទៅមុខទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ទាក់ទងករណីនេះ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំបង្កើតគណៈកម្មាធិការដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មលើសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធហត្ថមួយរូបឈ្មោះ អ៊ិន រតនា។
គណៈកម្មការនេះ មានស្ថាប័នចម្រុះ រួមមានអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងក្រសួងអធិការកិច្ច។
ការបង្កើតគណៈកម្មាធិការនេះ ដើម្បីស៊ើបអង្កេតរកការពិតថា តើការស្លាប់របស់លោក ឈុត វុទ្ធី ដោយសារតែមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា ជាអ្នកបាញ់សម្លាប់ រួចបាញ់សម្លាប់ខ្លួនឯង កាលពីថ្ងៃទី២៦ ខែមេសា ឬមានឃាតកផ្សេងទៀតជាអ្នកបាញ់សម្លាប់អ្នកទាំង ២នោះ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។