លោក ម៉ាន់ ឈឿន ជាអភិបាលរងក្រុងភ្នំពេញបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា នៅក្រោយចូលឆ្នាំខែ្មរ សាលាក្រុងភ្នំពេញនឹងរៀបចំចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយនឹងតំណាងក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់មួយឈ្មោះ International Environment ឬបរិស្ថានអន្តរជាតិដែលមានបទពិសោធន៍ក្នុងការកែច្នៃសំរាមស្អុយរលួយឲ្យក្លាយជាប្រភពថាមពលនាពេលខាងមុខ។
លោក ម៉ាន់ ឈឿន មានប្រសាសន៍យ៉ាងដូច្នេះ ៖ «គេមកសុំថ្ពក់ដៃជាមួយយើងដើម្បីរៀបចំទីលានចាក់សំរាមស្ទឹងមានជ័យហ្នឹង ឲ្យទៅជាតំបន់មួយដែលធានាបាននូវបរិស្ថានល្អ ហើយយើងនឹងគ្របដីប្រហែលជា ១,៦តឹក ១,៨តឹក ហើយគេនឹងបុកទុយោទៅក្នុងដីទៅ វាចេញជាហ្គាសមេតាននោះ បង្វិលវាឲ្យទៅជាថាមពលអគ្គិសនីវិញ»។
ការអនុញ្ញាតខាងលើនេះនៅគ្រាដែលកន្លែងចាក់សំរាមនៅស្ទឹងមានជ័យទំហំជាង៦ហិកតារនោះ គេនឹងត្រូវបិទជាស្ថាពរនៅខែឧសភា ឬខែមិថុនាខាងមុខនេះដោយសារសាលាក្រុងភ្នំពេញមានកន្លែងសម្រាប់ចាក់សំរាមថ្មីមួយនៅជើងឯកខាងត្បូងជាយទីក្រុងភ្នំពេញទំហំជាង២០ហិកតារ។
ប្រភពពីមន្រ្តីសាលាក្រុងភ្នំពេញនៅមិនទាន់អាចបញ្ជាក់បានភ្លាមៗនៅទ្បើយទេអំពីចំនួនទឹកប្រាក់នៃការវិនិយោគនិងរយៈពេលនៃការធ្វើវិនិយោគនោះ ប៉ុន្តែប្រភពបានឲ្យដឹងថា សាលាក្រុងភ្នំពេញបានបញ្ជាឲ្យមន្ទីរសាធារណការ មន្ទីរបរិស្ថាន និងរដ្ឋាករគ្រប់គ្រងសំណល់រឹងនិងសំណល់រាវ ធ្វើការងារលើបញ្ហានេះនៅមុនការឈានដល់ការចុះហត្ថលេខានាពេលខាងមុខ។
លោកស្រី ខាន់ កាលីណា អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ចម្ងាយប្រមាណ៥០០ម៉ែត្រពីកន្លែងចាក់សំរាម បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីត្រេកអរនឹងគម្រោងកែច្នៃសំរាមស្អុយរលួយឲ្យក្លាយជាថាមពលប្រើប្រាស់បាននាពេលខាងមុខនេះ។
លោកស្រី ខាន់ កាលីណា ថ្លែងយ៉ាងដូច្នេះ ៖ «កាកសំណល់ដែលយើងបោះចោល ហើយច្នៃមកជាថាមពលដែលអាចប្រើប្រាស់នៅក្នុងតម្លៃថោក ក៏ជាចំណែកមួយដែលអាចជួយសេដ្ឋកិច្ចពួកយើង ជាពិសេសរស់នៅជិតគំនរសំរាម បានរបស់ប្រើថោក រស់មានសុខភាពល្អ ... មានន័យថា យើងសប្បាយចិត្តខ្លាំងមែនទែន»។
នៅមិនទាន់អាចទាក់ទងស្ថានទូតអាល្លឺម៉ង់ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនរបស់អាល្លឺម៉ង់ បានភ្លាមៗទេ ដើម្បីសុំការបំភ្លឺបន្ថែមនៅជុំវិញបញ្ហាខាងលើនេះនៅគ្រាដែលកម្ពុជាកំពុងប្រារព្ធពិធីចូលឆ្នាំប្រពៃណីខែ្មររយៈពេលបីថៃ្ង។
ប្រភពបានអះអាងថា គម្រោងកែច្នៃសំរាមនៅស្ទឹងមានជ័យឲ្យក្លាយជាប្រភពថាមពលប្រើប្រាស់នោះគឺផែ្នកមួយរក្សាបរិស្ថានល្អនៅទៅកន្លែងនោះ នៅគ្រាដែលប្រជាពលរដ្ឋរស់នៅទីនោះបានត្អូញត្អែរថា ក្លិនសំរាមស្អុយរលួយបានធ្វើឲ្យពួកគេពិបាកទ្រាំនិងបង្កឲ្យមានជំងឺផ្លូវដង្ហើមនិងផ្តាសាយជាប្រចាំ៕