លោក ធន សារាយ ប្រធានអង្គការអាដហុក ដែលបំពេញកិច្ចការគាំពារសិទ្ធិមនុស្ស បានថ្លែងថា កន្លងមកស្ថាប័នអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា បានបំពេញតួនាទីរៀងៗខ្លួន ដូចជា ការតស៊ូមតិ ការផ្តល់សេវាច្បាប់ ការលើកកម្ពស់សិទ្ធិសេរីភាព និងធ្វើកិច្ចការទាក់ទងមនុស្សធម៌ ជាដើម។
លោក ធន សារាយ មានប្រសាសន៍ដូច្នេះថា ៖ «នេះហើយជាចំណុចសំខាន់ៗ ក៏ប៉ុន្តែអ្វីដែលយើងបានជួយនេះ នៅមានកម្រិតនៅឡើយ ដូចជា បញ្ហាកំណែទម្រង់ស្ថាប័នធំៗ នៅក្នុងប្រទេសយើងនេះ គឺថា ហាក់ដូចជានៅមានកម្រិតនៅឡើយ ដោយសារថា យើងសង្កេតឃើញ នៅមានកង្វះនូវឆន្ទៈនយោបាយរបស់អ្នកដឹកនាំយើង នៅក្នុងការធ្វើយ៉ាងណាឲ្យស្ថាប័នទាំងអស់នោះ មានលក្ខណៈប្រជាធិបតេយ្យ មានតុល្យភាពរវាងអំណាចនីតិប្រតិបត្តិ ក៏ដូចជាស្ថាប័នផ្សេងៗទៀត ដែលជាអ្នកជួយត្រួតពិនិត្យ ការប្រើប្រាស់នូវអំណាចរបស់នីតិប្រតិបត្តិនេះ»។
អង្គការសង្គមស៊ីវិល តាមមន្ត្រីក្រសួងមហាផ្ទៃគឺលោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានឲ្យដឹងថា មានចំនួនជាង ២.០០០អង្គការនោះ គឺត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ក្រោយវត្តមានរបស់អជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា ឬហៅកាត់ថា អ៊ុនតាក់ (UNTAC)។
មរតកសំខាន់របស់ អ៊ុនតាក់ ដែលក្រៅពីការបង្កើតឲ្យមានអង្គការសង្គមស៊ីវិលរាប់រយនោះ ក៏បានជួយឲ្យពលរដ្ឋខ្មែរអាចជ្រើសរើសតំណាងរបស់ខ្លួនតាមរយៈការបោះឆ្នោតនោះផងដែរ។
រហូតមកបច្ចុប្បន្ន កម្ពុជាបានដំណើរការបោះឆ្នោតជាតិចំនួន៤លើករួចមកហើយ។ ក៏ប៉ុន្តែ លោក ធន សារាយ បានថ្លែងថា ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលនោះ គឺស្ថាប័នដឹកនាំសំខាន់ៗនៅកម្ពុជា នៅមិនទាន់រឹងមាំ នឹងអាចបម្រើប្រយោជន៍ឲ្យពលរដ្ឋជាទូទៅនៅឡើយ។
លោក ធន សារាយ មានប្រសាសន៍ថា ៖ «យើងខ្ញុំគិតថា រឿងកំណែទម្រង់សំខាន់ៗ ដូចជាប្រព័ន្ធយុត្តិធម៌ ដូចជាយន្តការនៃការដោះស្រាយជម្លោះនៅប្រទេសកម្ពុជានេះ ត្រូវតែពង្រឹងបន្ថែមបញ្ហាតម្លាភាពនៅក្នុងការឲ្យមានអភិបាលកិច្ចល្អ ជាពិសេសរឿងបញ្ហាទាក់ទងទៅនឹងធនធានធម្មជាតិ ដែលមានការបែងចែកមិនសូវបានល្អ ជាពិសេសអ្នកក្រ ការគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួន កាន់តែបាត់ទៅៗ»។
បញ្ហានៅប្រទេសកម្ពុជា ត្រូវបានចូលរួមចំណែកដោះស្រាយដោយអង្គការសង្គមស៊ីវិលក្នុងស្រុកនិងអង្គការសង្គមស៊ីវិលអន្តរជាតិដែលរួមមានទាំងស្ថាប័នរបស់អង្គការសហប្រជាជាតិផងដែរ។
ក៏ប៉ុន្តែ លោក ធន សារាយ មានប្រសាសន៍ថា អង្គការទាំងពីរប្រភេទនេះ គឺមានរបៀបធ្វើការខុសគ្នា៖ «ខ្ញុំគិតថា ខាងអង្គការអន្តរជាតិ គេក៏ធ្វើកិច្ចការប្រហែលនឹងអង្គការជាតិដែរ ប៉ុន្តែគេហាក់ដូចជាមាន គេហៅថា ទំនាក់ទំនងច្រើនជាមួយនឹងស្ថាប័នរដ្ឋនៅក្នុងការអនុវត្តនូវផែនការរបស់គេ។ យើងខាងអង្គការសង្គមស៊ីវិល ខាងក្នុងស្រុកក៏យើងខិតខំដែរ ក៏ប៉ុន្តែគ្រាន់តែថា កិច្ចការខ្លះ ដោយសារថា ជាប្រទេសរបស់យើង យើងចង់ឲ្យកិច្ចការដែលបម្រើសេវាកម្ម ក៏ដូចជាផ្ដល់នូវជំនួយខាងសម្ភារៈដល់ប្រជាពលរដ្ឋយើង គឺថា មានលក្ខណៈយុត្តិធម៌ សមធម៌ច្រើន។ អង្គការបរទេស ក៏គេគិតអំពីសមធម៌ហ្នឹងដែរ ក៏ប៉ុន្តែគ្រាន់តែគេមិនសង្កត់ធ្ងន់ខ្លាំងពេកទេ គេមិនចង់ឲ្យមន្រ្តីនៅក្នុងរដ្ឋាភិបាលខ្លះ លោកមិនសប្បាយចិត្តនឹងគាត់»។
សម្រាប់លោកឧត្តមសេនីយ៍ ខៀវ សុភ័គ នៃក្រសួងមហាផ្ទៃវិញ លោកយល់ឃើញថា ជំនួយជាច្រើនលានដុល្លារអាមេរិក បានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈអង្គការសង្គមស៊ីវិល បើទោះបីជាគេមិនដឹងចំនួនថវិកាសរុបក៏ដោយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានចាត់ទុកអង្គការសង្គមស៊ីវិលនៅកម្ពុជាថា យ៉ាងហោចមានពីរប្រភេទជាសំខាន់ ៖ «ព្រោះ NGOs វាមានច្រើនផ្នែក ផ្នែកកសិកម្ម ផ្នែកឧស្សាហកម្ម ផ្នែកសេវាកម្មអី។ ទោះជាយ៉ាងណាក៏ដោយ យើងចាត់ទុកថា NGO ក៏ជាដៃគូរួមអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាលរបស់យើងហ្នឹង។ ក៏ប៉ុន្តែទន្ទឹមនឹងហ្នឹង ក៏មាន NGO មួយចំនួនតូចទេ ដែលគាត់មិនបានប្រព្រឹត្តនូវតួនាទីរបស់គាត់ តាមការចុះឈ្មោះរបស់គាត់ ព្រោះថា រាល់អង្គការ NGO ក្រៅរដ្ឋាភិបាល ឬក៏សមាគមអីៗ គឺថា ត្រូវតែប្រតិបត្តិតាមយើងហៅថា មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើឧបករណ៍ឲ្យគណបក្សនយោបាយ ប៉ុន្តែ NGO ឬក៏សមាគមខ្លះ គាត់មិនបានបំពេញនូវតួនាទីហ្នឹងទេ គាត់បានចេញមុខ ប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំទាស់តែម្ដង ដោយអ្នកខ្លះ បានធ្វើឧបករណ៍ឲ្យគណបក្សនយោបាយទៀតផង»។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍បន្តថា អ្វីដែលរដ្ឋាភិបាលចង់ឲ្យសង្គមស៊ីវិលចូលរួមជាសំខាន់នោះ គឺការបណ្តុះបណ្តាលធនធានមនុស្ស។
ម្តងម្កាលអង្គការសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាលខ្មែរ បានប្រឈមការខ្វែងគំនិតគ្នាចំពោះយន្តការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ជាពិសេសលើផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនិងផលប៉ះពាល់នៃសិទ្ធិមនុស្សជាទូទៅ។
ឆ្លើយតបនឹងការលើកឡើងរបស់លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ដែលថា អង្គការសង្គមស៊ីវិលខ្លះដើរតួជាអ្នកប្រឆាំងរដ្ឋាភិបាលនោះ លោក ធន សារាយ អធិប្បាយយ៉ាងដូច្នេះថា ៖ «ខ្ញុំគិតថា នេះជារឿងយល់ច្រឡំទេ ពីព្រោះអង្គការសង្គមស៊ីវិលមិនមែនធ្វើដើម្បីផលប្រយោជន៍នយោបាយទេ ខុសពីខាងក្រុមអ្នកនយោបាយ ដែលគេធ្វើដើម្បីចង់បានសំឡេងឆ្នោត។ យើងជួយ គឺយើងជួយក្នុង ន័យដែលមានឧត្ដមគតិថា យើងចង់ឲ្យសង្គមមួយ ដែលមានសមធម៌ មានការលូតលាស់សេដ្ឋកិច្ច គឺថា ឲ្យផលមកឲ្យទាំងអស់គ្នាដែលសម្រាប់បម្រើសង្គម ដល់ប្រជាពលរដ្ឋជាទូទៅតែប៉ុណ្ណោះឯង»។
លោក អ៊ូ វីរៈ ប្រធានអង្គការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ៖ «បើសិនជាចង់ឲ្យសង្គមស៊ីវិល និយាយហើយ រដ្ឋាភិបាលទទួលខុសត្រូវ ទី១ ទាល់តែយើងជាសង្គមស៊ីវិល ត្រូវតែនិយាយពីរឿងត្រូវ និយាយការពិតសិន ដល់ពេលយើងនិយាយការពិត និយាយត្រូវ ខ្ញុំថា អាហ្នឹងគឺជាចំណុចចាប់ផ្ដើម។ ទីពីរ ទាល់តែយើងមានការចូលរួមពីប្រជាពលរដ្ឋជាទូទៅ អង្គការសង្គមស៊ីវិល គ្រាន់តែជាមនុស្សដែលសកម្មក្នុងការតស៊ូមតិ ប៉ុន្តែមានចំនួនតិច ហើយមិនមែនជាអ្នកសម្រេចជោគវាសនានៃប្រទេសជាតិតែឯងទេ អ៊ីចឹងទាល់តែប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់នៃប្រទេសជាតិយើង ជាអ្នកចូលរួមដើម្បីជំរុញ ទើបមានប្រសិទ្ធភាព»៕
