ខ្មែរ​ថៃ​ផ្ទុះ​អាវុធ​ដាក់​គ្នា​មួយ​ប្រាវ​នៅ​ច្រក​ព្រំដែន​ខេត្ត​ពោធិ៍សាត់

ប៉ូលិស​ការពារ​ព្រំដែន​ខ្មែរ​បាន​ពើប​ប្រយុទ្ធ​គ្នា​មួយ​ឈុត​ខ្លី​ជាមួយ​ទាហាន​ថៃ​នៅ​ឯ​ច្រក​ព្រំដែន​ថ្មដារ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា​១១​យប់​នៃ​ថ្ងៃ​ទី​២៩ មករា។
ដោយ មណ្ឌលកែវ
2010.01.30

ប្រភព​ពី​នាយ​ប៉ុស្តិ៍​ប៉ូលិស​អូរសោម ដែល​ជា​ប៉ុស្តិ៍​ជាប់​ព្រំដែន​ថៃ លោក ង៉ា ស៊ីណា បាន​ឲ្យ​ដឹង​ថា ការ​ពើប​ប្រយុទ្ធ​គ្នា​នេះ​បាន​កើត​ឡើង​ក្នុង​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​ប៉ូលិស​ព្រំដែន​កម្ពុជា កំពុង​យាម​ល្បាត​ស្រាប់​តែ​ជួប​ទាហាន​ថៃ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​២០​នាក់​ដើរ​សំដៅ​ចូល​មក ប៉ូលិស​ការពារ​ព្រំដែន​ខ្មែរ​ក៏​បាន​ស្រែក​ឃាត់​មិន​ឲ្យ​ពួកគេ​ចូល​មក​ទៀត ស្រាប់​តែ​ពួក​ទាហាន​ថៃ​ទាំង​នោះ​បាន​បាញ់​រះ​សន្ធាប់​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​មក​លើ​ប៉ូលិស​ខ្មែរ។

លោក ង៉ា ស៊ីណា បន្ត​ថា ប៉ូលិស​ខ្មែរ​ក៏​បាន​បាញ់​តប​ទៅ​វិញ​បណ្តាល​ឲ្យ​ទាហាន​ថៃ​ម្នាក់​ត្រូវ​ស្លាប់​និង​ទាហាន​ថៃ​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស។ លោក ង៉ា ស៊ីណា បាន​ឲ្យ​ដឹង​ថា ចំណែក​ខាង​ប៉ូលិស​ខ្មែរ​ពុំ​មាន​ស្លាប់​ឬ​រង​របួស​ទេ ព្រោះ​ប៉ូលិស​ខ្មែរ​បាន​ត្រៀម​ក្នុង​ស្ថានភាព​ការពារ​រួច​ជា​ស្រេច។

មណ្ឌលកែវ ៖ តើ​ការ​ប៉ះ​ទង្គិច​ហ្នឹង​តាំង​ពី​ពេល​ណា​លោក? ង៉ា ស៊ីណា ៖ ម៉ោង​១១​យប់ ស្លាប់​ម្នាក់ របួស​ប្រហែលជា​១០​នាក់​ជាង​ដែរ ព្រោះ​បាញ់​បេ កម្លាំង​យើង​បាញ់​បេ​ទៅ។ វា​(ថៃ)​បាញ់​កាំភ្លើង​ដៃ​ទេ កាំភ្លើង​ខ្លី ដល់​ពេល​ខាង​ប៉ូលិស​យើង យើង​ចុះ​ល្បាត​តាម​ព្រំដែន​អ៊ីចឹង​ទៅ​ស្រាប់​តែ​មិន​ដឹង​វា​មក​ពី​អង្កាល់ គ្នា​វា​ប្រហែល​២០​នាក់ បាញ់​មក​យើង វា​ថា​ចូល​ដី​វា ដល់​អ៊ីចឹង​ពួក​ហ្នឹង​(កម្លាំង​ខ្មែរ)​ទ្រាំ​មិន​បាន​ដែរ ក៏​ដាក់​វិញ​ទៅ។

មណ្ឌលកែវ ៖ តើ​ខាង​យើង​មាន​របួស​មាន​អី​ទេ? ង៉ា ស៊ីណា ៖ អត់​ទេ អត់​មាន​របួស​ទេ យើង​មាន​វ័រយោ​(ប្រឡាយ​លេនដ្ឋាន)​ព័ទ្ធ​ជុំ​វិញ​ខ្សែ​ក្រវាត់​ហ្នឹង។

មេ​បញ្ជា​ការ​ទាហាន​ការពារ​ព្រំដែន​តំបន់​ថ្មដារ លោក ម៉ែន មាស មាន​ប្រសាសន៍​លោក​ជាប់​ប្រជុំ​មិន​អាច​ឆ្លើយ​សំណួរ​របស់​វិទ្យុ​អាស៊ី​សេរី​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​៣០ មករា​នេះ។ លោក​មេ​បញ្ជាការ​រូប​នេះ​បាន​បង្វែរ​ឲ្យ​សួរ​ទៅ​ស្នងការ​ប៉ូលិស​ខេត្ត។

វិទ្យុ​អាស៊ី​សេរី​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក សារុន ចន្ធី នាយ​ស្នងការ​ប៉ូលិស​ខេត្ត ដោយ​ទូរស័ព្ទ​លោក​រោទ៍​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​ខ្មែរ​កំពុង​រក្សា​សព​ទាហាន​ថៃ​នៅ​កន្លែង​ប្រយុទ្ធ​ដដែល​ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ​ពី​ថ្នាក់​លើ​នៃ​ភាគី​ទាំង​សងខាង។

មក​ទល់​ពេល​នេះ​មិន​មាន​ប្រភព​ព័ត៌មាន​ណា​ផ្សេង​ក្រៅ​ពី​ប៉ូលិស​ព្រំដែន អាច​បញ្ជាក់​ពី​ការ​ប៉ះ​ប្រយុទ្ធ​​គ្នា​នេះ​​បាន​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។