អ្នកស្រី ម៉ាត់ ហិល ពលរដ្ឋរស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានឲ្យដឹង នៅថ្ងៃច័ន្ទ ទី២៤ ខែឧសភានេះ ថា ក្នុងពេលរាំងស្ងួតនេះ ប្រជាពលរដ្ឋកំពុងជួបប្រទះនូវការអត់ទឹកម៉ាស៊ីនប្រើប្រាស់ប្រមាណជិត ១០ថ្ងៃមកហើយ។ បញ្ហានេះដោយសារតែអាងស្តុកទឹកដែលជាប្រភពផ្គត់ផ្គង់ទឹកលក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នោះ កំពុងប្រឈមមុខនឹងការរីងស្ងួតបណ្ដាលមកពីពុំមានភ្លៀង ហើយលោក លី យ៉ុងផាត់ បានយកទឹកនោះទៅផ្គត់ផ្គង់សណ្ឋាគារ និងរមណីយដ្ឋានរបស់លោក។
អ្នកស្រី ម៉ាត់ ហិល បានអះអាងថា ៖ «ការពិតទឹកហ្នឹង លី យ៉ុងផាត់ គាត់អ្នកធ្វើ អ៊ីចឹងកន្លែងសួនសត្វគេហ្នឹង គេអត់មាន បានន័យថា ទឹករីង! អ៊ីចឹងគេបិទអត់ឲ្យយើងប្រើសិន! ប្រជាជនទៅមើលថា អាងដែលគេស្តុកទឹកហ្នឹង គេថារីងដែរអ៊ីចឹងណា៎!»។
ទាក់ទងនឹងបញ្ហានេះ លោក លី យ៉ុងផាត់ ពុំបានបកស្រាយអំពីការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលថា លោកផ្គត់ផ្គង់ទឹកទៅសណ្ឋាគារ និងរមណីយដ្ឋានរបស់លោកនៅខេត្តកោះកុង ថាយ៉ាងណានោះទេ។
លោកបានថ្លែងដូច្នេះ ៖ «គេចេះធ្វើទេ! គេវិនិយោគដល់ថ្នាក់ហ្នឹង គេចេះគិត! រឿងអ៊ីចឹងមិនបាច់បារម្ភទេអ្នកកាសែត! ក្នុង១ថ្ងៃ ២ថ្ងៃ មានទឹកប្រើហើយ។ ប្រជាធិបតេយ្យ គេនិយាយម៉េចក៏បានដែរ ថាខ្ញុំចោរក៏បាន ថាខ្ញុំសេដ្ឋីក៏បានដែរ អត់អីទេ! សំខាន់ខ្ញុំធ្វើឲ្យល្អទៅបានហើយ!»។
ទន្ទឹមនឹងគ្នានេះ អភិបាលខេត្តកោះកុង លោក ប៊ុន ល៉ើត មានប្រសាសន៍ថា លោកក៏មិនដឹងថា តើត្រូវរកវិធីដោះស្រាយយ៉ាងណាដែរ ដោយសារប្រភពទឹកស្ទើរតែរីងស្ងួតអស់។ ក៏ប៉ុន្តែលោកបានជំរុញឲ្យអ្នកគ្រប់គ្រងអាងស្តុកទឹករកដំណោះស្រាយ និងបើកទឹកឲ្យប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
មន្ត្រីក្រុមប្រឹក្សាខេត្តកោះកុង លោក ជិន សុផល មានប្រសាសន៍ថា ប្រជាពលរដ្ឋបានស្វែងរកទឹកដើម្បីបរិភោគ និងប្រើប្រាស់នៅតាមស្រះនៅក្នុងវត្ត ឬស្រះនៅក្នុងតំបន់មួយចំនួន ដើម្បីប្រើមួយរយៈសិន ប៉ុន្តែលោកក៏បារម្ភដែរថា ទឹកអាចនឹងរីងស្ងួតអស់ ប្រសិនបើមេឃមិនបង្អុរភ្លៀង។
តាមការអះអាងរបស់អភិបាលខេត្តកោះកុងបានឲ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងអត់ទឹកប្រើប្រាស់នោះមានចំនួន ៣សង្កាត់ គឺសង្កាត់ដងទង់ សង្កាត់ស្មាច់មានជ័យ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ជាទូទៅប្រជាជនរស់នៅខេត្តកោះកុងមិនមានទឹកសាបប្រើប្រាស់ ដូចខេត្តនានាដែលនៅដែនគោកនោះទេ ហើយនៅតាមផ្ទះគេជីកអណ្ដូងប្រើប្រាស់ តែមិនមានអនាម័យ និងមិនគ្រប់គ្រាន់ទេ៕