តុលាការ​ខេត្ត​បាត់ដំបង​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​គប់​គ្រាប់​បែក​ចូល​ពិធី​រាំ​កម្សាន្ត

ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​បាត់ដំបង បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​បី​នាក់ ពាក់ព័ន្ធ​លើ​ហេតុការណ៍​វាយ​ប្រហារ​គ្រាប់​បែក​ដៃ បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ១៤​នាក់ រង​របួស​នៅ​ក្នុង​ពិធី​ចាក់​ធុង​បាស​រាំ​លេង​កម្សាន្ត​មួយ នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2013-02-16
Share
គប់​គ្រាប់បែក បាត់ដំបង ៣០៥ អ្នក​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក នៅ​ខេត្ត​បាត់ដំបង ត្រូវ​គេ​លើក​ដាក់​លើ​រថយន្ត យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ កាល​ពី​ព្រឹក​ថ្ងៃ​១០ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Soun Sophalmony

តំណាង​អយ្យកា​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​បើក​ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​បី​នាក់ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​បទ​រក្សា​អាវុធ​ជាតិ​ផ្ទុះ​ខុស​ច្បាប់​នៅ​ក្នុង​ផ្ទះ។ ជន​ទាំង​បី​នាក់​នោះ គឺ​ជា​មុខ​សញ្ញា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់ ទៅ​លើ​ហ្វូង​មនុស្ស​នៅ​ក្នុង​ពិធី​ចាក់​ធុង​បាស​រាំ​លេង​កម្សាន្ត​មួយ នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង លោក នួន សាន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៦ កុម្ភៈ ថា ជន​សង្ស័យ​ទាំង​បី​នាក់​បច្ចុប្បន្ន​ត្រូវ​ចៅក្រម​ស៊ើប​សួរ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន៖ «រឿង​នេះ​យើង​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​មួយ​បទ ហើយ​បទ​រក្សា​អាវុធ​គ្រឿង​ផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត​មួយ​បទ វា​ពីរ​បទ ម្នាក់​មាន​មួយ​បទ ពីរ​នាក់​មាន​មួយ​បទ ហើយ​យើង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ​តែ​ម្ដង។ បញ្ជាក់​ជូន​ដែរ ដោយ​សារ​ម្នាក់​នោះ​មាន​ពីរ​បទ​ល្មើស ដោយ​សារ​គាត់​រក្សា​គ្រាប់​មីន​៦៩​មួយ​ទៀត​នៅ​លើ​ផ្ទះ វត្ថុ​តាង​យើង​ឆែក​យក​តែ​ម្ដង ព្រោះ​យើង​សង្ស័យ​ធ្ងន់​ទៅ​គាត់​ជា​អ្នក​បោក​គ្រាប់​បែក»

ជន​សង្ស័យ​ទាំង​បី​នាក់​នោះ​មាន​ឈ្មោះ ឡាំ រ៉េត អាយុ ៥០​ឆ្នាំ ទី​២ ឈ្មោះ អោម សំណាង អាយុ ៤៣​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​មាន​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​នៅ​ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​ឈ្មោះ ទី វន អាយុ ៤៨​ឆ្នាំ មាន​របរ​ធ្វើ​ចម្ការ​មក​ពី​ខេត្ត​ពោធិ៍សាត់ ស្នាក់​នៅ​ភូមិ​ក្រៃ ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​ទាំង​បី​នៅ​ក្រោយ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់ ចូល​ទៅ​លើ​ហ្វូង​មនុស្ស​ជាច្រើន​នាក់​នៅ​ក្នុង​ពិធី​ចាក់​ធុង​បាស​រាំ​លេង​កម្សាន្ត នៅ​ភូមិ​តាក្រៃ ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាល​ពី​ម៉ោង​ជាង ៩​យប់ ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម ដែល​ការ​វាយ​ប្រហារ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ១៤​នាក់ បាន​រង​របួស​ធ្ងន់ និង​របួស​ស្រាល។

លោក ជេត វណ្ណនី ស្នងការ​រង​ទទួល​បន្ទុក​កណ្ដាល​នគរបាល​យុត្តិធម៌ នៃ​ស្នងការ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​ថា ជន​សង្ស័យ​ទាំង​បី​នាក់​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​សកម្មភាព​បោក​គ្រាប់​បែក​ចូល​វង់​រាំ​ធុង​បាស នៅ​ផ្ទះ​ជន​រងគ្រោះ​ឈ្មោះ ឈិន ឌី ក្នុង​ភូមិ​ក្រៃ ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង៖ «មុន​ពេល​កើត​ហេតុ ពេល​កើត​ហេតុ និង​ក្រោយ​ពេល​កើត​ហេតុ យើង​អាច​មើល​ឃើញ​ថា ការ​បញ្ជាក់​របស់​សាក្សី ការ​វៀង​ចម្លើយ​ដើម្បី​បិទ​បាំង​កំហុស ដូច​ជា ឡាំ រ៉េត នេះ ហើយ​អ្នក​ទាំង​ពីរ​នាក់​មាន​ទំនាស់​ខ្លាំង ព្រោះ ឡាំ រ៉េត មាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះ​រហូត​ឈាន​ចូល​ទៅ​ដល់​ការ​ប្រុង​កាប់​ចាក់​គ្នា។ អ៊ីចឹង​ទេ ឯកសារ​មាន​ភស្តុតាង​ស៊ី​ចង្វាក់​អំពី​បញ្ហា​ចម្លើយ»

ទោះ​យ៉ាង​នេះ​ក្ដី ជន​សង្ស័យ​ទាំង​បី​នាក់​បាន​បដិសេធ​ថា ពួក​គេ​ពុំ​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​នោះ​ទេ។ លោក នួន សាន តំណាង​អយ្យកា​អម​សាលា​ដំបូង​ខេត្ត បញ្ជាក់​ថា ថ្វី​ត្បិត​ជន​សង្ស័យ​ពុំ​បាន​សារភាព​ក៏​ដោយ ប៉ុន្តែ​ករណី​នេះ​យើង​មាន​ភស្តុតាង និង​ភាព​ស៊ី​សង្វាក់​គ្នា៖ «រឿង​នេះ​យើង​បាន​សួរ​អស់ ប៉ុន្តែ​គាត់​មិន​ឆ្លើយ​សារភាព​ទេ។ ប៉ុន្តែ​សំខាន់​លើ​ភស្តុតាង​ស៊ី​សង្វាក់។ អ៊ីចឹង យើង​សម្រេច​ធ្វើ​ការ​ឃុំ​ខ្លួន ហើយ​ដើម​ចម​ដែល​យើង​រក​ឃើញ គាត់​ធ្លាប់​មាន​ទំនាស់​គ្នា​មាន​ពី​មុន​មក រឿង​ដី​ធ្លី ហើយ​ក្រោយ​មក​គាត់​ក៏​មាន​ឈ្លោះ​កាប់​ចាក់​គ្នា​ស៊ី​សាច់​ហុត​ឈាម ត្រូវ​បាន​គេ​ឃាត់​ម្ដង។ តម្រុយ​ទាំង​នេះ យើង​ស្រាវជ្រាវ​ទៅ យើង​ផ្ដោត​លើ​គាត់​តែ​ម្ដង»

នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម នោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ១៤​នាក់ រង​របួស​ធ្ងន់ និង​អ្នក​ខ្លះ​ទៀត​រង​របួស​ស្រាល ខណៈ​ដែល​អ្នក​ទាំង​នោះ​កំពុង​រាំ​លេង​កម្សាន្ត​នៅ​ផ្ទះ​ជន​រងគ្រោះ​ឈ្មោះ ឈិន ឌី។ ជន​សង្ស័យ​ទាំង​បី​នាក់ បច្ចុប្បន្ន​ត្រូវ​គេ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល