តុលាការ​លើក​ពេល​សួរ​ចំលើយ​មេធាវី ជូង ជូងី

មេធាវី​ការពារ​ក្ដី​ឲ្យ​គណបក្ស សម រង្ស៊ី លោក ជូង ជូងី នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើប​អង្កេត​នៃ​តុលាការ​ខេត្ត​កណ្ដាល តាម​ការ​កោះ​ហៅ ក្រោម​បទ​ព្រហ្មទណ្ឌ។

0:00 / 0:00

ចៅក្រម​ស៊ើប​សួរ លោក ស៊ិន វីរៈ នៃ​តុលាការ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​លើក​ពេល​សាកសួរ​ចំលើយ​មេធាវី​គណបក្ស សម រង្ស៊ី គឺ​លោក ជូង ជូងី នៅ​ថ្ងៃ​ខាង​មុខ​ទៀត ដោយ​មិន​កំណត់​កាលបរិច្ឆេទ​ជា​ថ្មី​នៅ​ឡើយ​ទេ ដោយសារ​តែ​មេធាវី​ចំនួន ៨​នាក់ ការពារ​ក្ដី​ឲ្យ​លោក ជូង ជូងី នោះ មិន​បាន​មក​ការពារ​ក្ដី​នៅ​តុលាការ​ខេត្ត​កណ្ដាល។

មេធាវី​ម្នាក់​ដែល​បាន​អម​ដំណើរ​លោក ជូង ជូងី មក​តុលាការ​ខេត្ត​កណ្ដាល​នោះ គឺ​លោក សុខ សំអឿន ជា​ប្រធាន​ប្រតិបត្តិ​នៃ​គំរោង​អ្នក​ការពារ​ក្ដី​កម្ពុជា និង​មាន​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ជា​ច្រើន​រូប​ទៀត មាន​ដូច​ជា លោក យឹម សុវណ្ណ លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ជា ប៉ូច និង​លោក គីមសួរ ភីរិទ្ធ ជាដើម។

មេធាវី​គណបក្ស សម រង្ស៊ី លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​តុលាការ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថា ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​កន្លង​មក​នេះ គឺ​ជា​រឿង​បំពាន ដូច្នេះ​លោក​មិន​អាច​ទទួល​យក​បាន​ទេ៖ «សួរ​ខ្ញុំ​ថា តើ​អាច​ផ្ដល់​ចំលើយ​បាន​ទេ? ខ្ញុំ​ថា ខ្ញុំ​មិន​អាច​ផ្ដល់​ចំលើយ​បាន​ទេ ត្រូវ​តែ​មាន​វត្តមាន​មេធាវី​ទាំង ៨​រូប ចូល​រួម​ទាំង​អស់​គ្នា​ទើប​ខ្ញុំ​ផ្ដល់​ចំលើយ​បាន។ អ៊ីចឹង​ចៅក្រម​គាត់​ក៏​សំរេច​ថា ចាំ​គាត់​ចេញ​លិខិត​អញ្ជើញ​នៅ​ថ្ងៃ​ក្រោយ​ទៀត»

មេធាវី​ម្នាក់​នៅ​ក្នុង​ចំណោម​មេធាវី​ចំនួន ៨​នាក់ ការពារ​ក្ដី​ឲ្យ​លោក ជូង ជូងី នោះ គឺ​លោក សុខ សំអឿន បាន​មាន​ប្រសាសន៍​ថា លោក​រង់ចាំ​ការ​កោះ​ហៅ​ជា​ថ្មី​ទៀត​មក​សាកសួរ​ចំលើយ​កូន​ក្ដី​របស់​លោក៖ «ហើយ​ម្យ៉ាង​ទៀត ដោយសារ​តែ​លោក ជូង ជូងី បាន​ស្នើ​សុំ​តុលាការ​ថា លោក​អាច​ឆ្លើយ​បាន​នៅ​ក្នុង​ករណី​ដែល​មាន​មេធាវី​គ្រប់​ទាំង​អស់​គ្នា​ទើប​គាត់​អាច​ឆ្លើយ​បាន»

ទាក់ទង​នឹង​សំណុំ​រឿង​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី គឺ​លោក យីម សុវណ្ណ និង​ជា​អ្នក​នាំ​ពាក្យ​បាន​មាន​ប្រសាសន៍​ថា លោក​ចាត់​ទុក​ថា សំណុំ​រឿង​នេះ​គឺ​ជា​រឿង​នយោបាយ៖ «យើង​ត្រូវ​គិត​អំពី​បញ្ហា​ដែល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ដែល​រឹប​យក​ដីធ្លី​ប្រជាពលរដ្ឋ អ្នក​ដែល​បាញ់​សំលាប់​ប្រជាពលរដ្ឋ អ្នក​ដែល​ចាប់​ប្រជាពលរដ្ឋ​ដាក់​គុក​ដោយ​ខុស​ច្បាប់​នោះ អ្នក​ហ្នឹង​ដែល​ត្រូវ​តែ​នាំ​គ្នា​គិតគូរ​ដោះស្រាយ​បញ្ហា​ហ្នឹង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ»

នៅ​មុន​ការ​កោះ​ហៅ​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ លោក​មេធាវី ជូង ជូងី បាន​កោរសក់ និង​រក្សាសីល​រយៈពេល ១​ខែ នៅ​ខែ​មករា កន្លង​ទៅ​នេះ ដើម្បី​ទាមទារ​មាន​យុត្តិធម៌​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា និង​រក្សា​ឯករាជភាព។

ព្រះរាជអាជ្ញា​នៃ​តុលាការ​ខេត្ត​កណ្ដាល លោក អ៊ុក គឹមសិទ្ធិ បាន​ចោទ​ប្រកាន់​លោក ជូង ជូងី ក្រោម​បទ​ព្រហ្មទណ្ឌ ថា​បាន​ផ្ដល់​មធ្យោបាយ​ឲ្យ​ជន​ជាប់​ចោទ​រត់​ចេញ​ពី​ពន្ធនាគារ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

ជន​ជាប់​ចោទ​នោះ គឺ​ជា​សកម្មជន​គណបក្ស សម រង្ស៊ី ឈ្មោះ មាស ប៉េង ជា​ជំទប់​ទី​២ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ក្រោម​បទ​ញុះញ៉ង់​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ជំលោះ​ដីធ្លី ទំហំ ៤៣​ហិកតារ រវាង​អតីត​អភិបាល​រង​ខេត្ត​កណ្ដាល លោក ប្រាក់ សាវុធ ជាមួយ​ប្រជាពលរដ្ឋ ១១៥​គ្រួសារ នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​ខេត្ត​កណ្តាល គឺ​លោក ចាន់ ចេង ត្រូវ​បាន​សភា​ជាតិ​បាន​ដក​ហូត​អភ័យ​ឯកសិទ្ធិ​តំណាងរាស្រ្ត នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​តុលាការ​ខេត្ត​កណ្ដាល ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ក្រោម​បទ​ចូល​រួម​សំរួល​ដោះលែង​លោក មាស ប៉េង នោះ។

តំណាងរាស្ត្រ ២​រូប របស់​គណបក្ស សម រង្ស៊ី គឺ​លោកស្រី មូរ សុខហួរ និង​លោក សុន ឆ័យ បាន​ដាក់​លិខិត​ជា​ផ្លូវការ​មួយ​ថ្មីៗ​នេះ ឲ្យ​សភា​ជាតិ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា មក​ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ ជុំវិញ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា និង​បញ្ហា​ជា​ច្រើន​ទៀត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។