ក្នុងសកម្មភាពឈូសឆាយនោះក្រុមហ៊ុនបានប្រើប្រាស់កងនគរបាលប្រដាប់អាវុធជាកម្លាំងការពារគំរាមកំហែងស្មារតីប្រជាពលរដ្ឋអ្នកតវ៉ា។
តំណាងប្រជាពលរដ្ឋជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយជាង ៧០គ្រួសារ រស់នៅភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី នៅថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១២ បានអះអាងថា តំបន់ព្រៃស្រោងជាង ៥០ហិកតារ ត្រូវបានក្រុមហ៊ុនសម្បទានមួយឈ្មោះ ឌីអឹម ហ្រ្គុប ប្រើគ្រឿងចក្រឈូសឆាយផ្ដួលរំលំរួចជាស្រេច ដើម្បីដុតរានយកដីដាំកៅស៊ូនៅពេលឆាប់ៗនេះ។
កាលពីថ្ងៃច័ន្ទ ទី១៩ ខែមីនា តំណាងប្រជាពលរដ្ឋបាននាំយកលិខិតតវ៉ាមានស្នាមមេដៃអ្នកភូមិ ១៥៤នាក់ តំណាងឲ្យប្រជាពលរដ្ឋ ៧៥គ្រួសារ មកការិយាល័យសមាគមអាដហុក (ADHOC) ខេត្តរតនគិរី ដើម្បីសុំឲ្យសមាគមនេះជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធនៃអាជ្ញាធរខេត្តចាត់វិធានការទប់ស្កាត់ករណីនេះ។
តំណាងអ្នកតវ៉ា លោក គើន ប៊ុណ្ណយ មានប្រសាសន៍បញ្ជាក់ថា សកម្មភាពឈូសឆាយរំលំដើមឈើនេះ ធ្វើឡើងតាំងពីចុងខែកុម្ភៈ នៅតំបន់ព្រៃស្រោងចំណុចអូរកាហល់ ព្រំប្រទល់ភូមិតាំងជិ និងភូមិកេត ក្នុងឃុំញ៉ាង។
លោកបន្តថា មេការក្រុមហ៊ុនបានប្រើប្រាស់ក្រុមប៉ូលិសឯកសណ្ឋានពីរនាក់ ប្រដាប់អាវុធការពារសកម្មភាពឈូសឆាយនោះ។ ប្រជាពលរដ្ឋជាសហគមន៍បានរាយការណ៍ជូនអាជ្ញាធរឃុំរួចហើយ ដើម្បីទប់ស្កាត់គ្រឿងចក្រចំនួន ៤គ្រឿង កំពុងឈូសរានព្រៃ ក៏ប៉ុន្តែពុំបានលទ្ធផលឡើយ ហើយប្រធានសហគមន៍ភូមិបានគំរាមចាប់ប្រជាពលរដ្ឋអ្នកតវ៉ាដាក់ពន្ធនាគារ។
លោក គើន ប៊ុណ្ណយ៖ «ធំៗហ្នឹងអាប៊ុល (ត្រាក់ទ័រឈូសដី) គេរុញអត់កើត គេយកម៉ាស៊ីនត្រង់ស៊ីន័រ គេរំលំ។ មិនមែនព្រៃបុះទេ ព្រៃស្រោង ឈើធំៗណា! ទាំងមេភូមិ ទាំងប្រធានសហគមន៍ ទាំងមេការ ជូន ឧត្ដម ហ្នឹង គេរួមដំណើរគ្នា គេប្រាប់ប្រជាពលរដ្ឋថា ដីរបស់រដ្ឋ ដីព្រៃស្រោងហ្នឹង គេថារដ្ឋឲ្យអភិវឌ្ឍន៍ដាំកៅស៊ូ អ៊ីចឹងបានខ្ញុំសង្ស័យធ្វើពាក្យប្ដឹងហ្នឹង»។
វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី២០ ខែមីនានេះ មិនអាចទាក់ទងតំណាងក្រុមហ៊ុន ឌីអឹម ហ្គ្រុប គឺលោក សំណាង ដើម្បីបញ្ជាក់ពីបញ្ហានេះបានទេ។
ប្រធានភូមិតាំងជិ គឺលោក រចំ ផ្យិង។ លោកបានទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានឈូសឆាយដីតំបន់ព្រៃឈើនោះមែន ក៏ប៉ុន្តែលោកមិនបានឃើញលិខិត ឬឯកសារពាក់ព័ន្ធដែលបញ្ជាក់ថា មានការអនុញ្ញាតឲ្យឈូសឆាយដីនៅតំបន់នោះពីក្រុមហ៊ុននោះឡើយ។
លោកបន្តថា អ្នកភូមិកំពុងមានការព្រួយបារម្ភពីការបាត់បង់ព្រៃដែលអ្នកភូមិបានអភិរក្សសម្រាប់ប្រពៃណី និងជីវភាពរស់នៅរបស់ពួកគាត់៖ «ដីហ្នឹងដីព្រៃមែនទែន មិនមែនថា ដីព្រៃបុះចំការចាស់ឯណា! ដីហ្នឹងដីព្រៃសុទ្ធ។ ខ្ញុំឃាត់ដែរ គេថា របស់រដ្ឋទៀត។ គេឈូសហ្នឹងគេមិនប្រាប់ទេ គេថា ខាងឃុំគេដឹងហើយ»។
អភិបាលស្រុកអណ្តូងមាស លោក នង ដារឹទ្ធ មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុន ឌីអឹម ហ្រ្គុប មានលិខិតសម្រេចពីរាជរដ្ឋាភិបាលប្រគល់ដីជាង ៧០០ហិកតារ នៅភូមិកេត ឃុំញ៉ាង សម្រាប់វិនិយោគដំណាំកៅស៊ូ ក៏ប៉ុន្តែលោកមិនប្រាកដថា ទីតាំងដែលអ្នកភូមិអះអាងថា មានការឈូសរានព្រៃនោះឋិតក្នុងបរិវេណដីសម្បទាន ឬយ៉ាងណា។
លោកបន្តថា ប្រជាពលរដ្ឋគួរផ្ដល់ព័ត៌មាន ឬពាក្យប្ដឹងមកអាជ្ញាធរស្រុក ដើម្បីចុះពិនិត្យករណីនេះ៖ «ចំណុចភូមិដែលគាត់មកនិយាយហ្នឹង មិនត្រូវចំណុច ឌីអឹម ហ្រ្គុប ទេ។ សំណូមពរឲ្យគាត់ហ្នឹងមានការអីទាក់ទងមកអាជ្ញាធរដែនដីឲ្យច្បាស់លាស់ទៅគេធ្វើការជូន»។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងណាមួយពីករណីនេះទេ ក៏ប៉ុន្តែលោកទទួលស្គាល់ថា ក្រសួងកសិកម្មបានសម្រេចផ្ដល់ដីសម្បទាននៅតំបន់នោះឲ្យក្រុមហ៊ុន ឌីអឺម ហ្រ្គុប និងបានបោះបង្គោលកំណត់ព្រំដីសម្បទានរួចហើយ។
លោកបន្តលោកមិនទាន់ប្រាកដថា តើក្រុមហ៊ុនទទួលបានការអនុញ្ញាតឲ្យឈូសរានផ្ទៃដីសម្បទាន ឬយ៉ាងណាទេ ក៏ប៉ុន្តែលោកនឹងចាត់មន្ត្រីចុះផ្ទៀងផ្ទាត់ ប្រសិនលោកបានទទួលពាក្យប្ដឹងពីករណីនេះ៖ «យើងក៏ត្រូវទៅមើលដែរ បើវាមែន។ ជួនកាលកន្លែងខ្លះគេគ្រាន់តែយកឈ្មោះក្រុមហ៊ុនមកដាក់ តាមពិតជារឿងឯកជន។ គេឈូសហ្នឹងដូចជាអត់ទាន់បានទទួលដំណឹងអីទេ ចាំមើលខ្ញុំពិនិត្យមើលឯកសារទៀត។ ម្យ៉ាងទៀតគាត់លំបាកដោយសារកន្លែងហ្នឹងមានការលក់ដូរទិញដីរបស់គាត់អស់មួយចំនួនហើយ»។
ក្នុងពាក្យបណ្ដឹងរបស់តំណាងសហគមន៍ឲ្យដឹងថា អ្នកភូមិសម្រេចចិត្តប្ដឹងមេការក្រុមហ៊ុនឈ្មោះ ជូន ឧត្តម រស់នៅឃុំម៉ាលិច ស្រុកអណ្ដូងមាស ពីបទដឹកនាំកាប់រានព្រៃឈើ និងប្រធានសហគមន៍ភូមិតាំងជិ លោក សល់ តក់ ពីបទគំរាមកំហែងប្រជាពលរដ្ឋអ្នកតវ៉ាការពារមិនឲ្យឈូសរានព្រៃឈើ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
