ព្រៃ​ការពារ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​រង​ការ​កាប់​បំផ្លាញ

រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កំណត់​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​ទឹក​បឹង​ទន្លេសាប ជា​បី​តំបន់ គឺ​តំបន់​១ តំបន់​២ និង​តំបន់​៣។ ក្នុង​នោះ ដី​នៅ​តំបន់​៣ រដ្ឋាភិបាល​ហាម​ឃាត់​ដាច់​ខាត​មិន​អនុញ្ញាត​ឲ្យ​កាប់​ទន្ទ្រាន​យក​ដី​បង្កបង្កើន​ផល​នោះ​ឡើយ ប៉ុន្តែ​នៅ​ខេត្ត​បាត់ដំបង មាន​សេចក្ដី​រាយការណ៍​ថា ដី​ព្រៃ​ស្ថិត​នៅ​តំបន់​បី​នោះ​កំពុង​រង​ការ​កាប់​បំផ្លាញ។
ដោយ សួន សុផលមុន្នី
2013-02-16
Share

សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស សម រង្ស៊ី បាន​អះអាង​ថា ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បី​ជាច្រើន​ហិកតារ រង​ការ​កាប់​បំផ្លាញ​ដើម្បី​យក​ដី​បង្កបង្កើន​ផល។ ទីតាំង​ដី​នោះ ស្ថិត​នៅ​ភូមិ​ព្រែក​ទ្រព្យ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ចោទ​ថា អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​រាន​ដី​ព្រៃ​ដែល​រដ្ឋ​ហាម​ឃាត់​នេះ មាន​ជាប់​ទាក់ទង​ទៅ​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​ព្រែក​ទ្រព្យ។

ជំទប់​ទី​២ ឃុំ​ព្រែកនរិន្ទ លោក យៀប រ៉ុត បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ថា ការ​កាប់​រាន​ដី​ព្រៃ​លិច​ទឹក​នោះ​មាន​ប្រហែល​ជា ២​គីឡូម៉ែត្រ។ ករណី​នេះ គេ​បារម្ភ​ថា​នឹង​មាន​ផល​ប៉ះពាល់​ដល់​ដែន​ជម្រក​របស់​មច្ឆា​ជាតិ​កាន់​តែ​ខ្លាំង​ឡើង៖ «ដី​នោះ​គេ​ចែក​ជា​តំបន់​មួយ តំបន់​ពីរ តំបន់​បី ដី​នោះ​វា​នៅ​ក្នុង​តំបន់​បី វា​ច្រើន។ គេ​ថា​ប្រជាជន​អ្នក​កាប់ ប៉ុន្តែ​អា​ហ្នឹង​គេ​គ្រាន់​តែ​យក​ធ្វើ​ជា​របាំង​ទេ មាន​ប្រជាជន​ចុះ​ទៅ​កាប់​អី​ដល់​ប៉ុណ្ណឹង​ទេ ព្រោះ​កាប់​ប៉ុណ្ណឹង​ដឹង​ប៉ុណ្ណឹង គេ​ចាប់​យក​មក​ធ្វើ​កិច្ច​សន្យា ប៉ុន្តែ​អា​នេះ​អត់​ទេ ព្រោះ​មាន​ការ ព្រោះ​មេ​ឃុំ​គេ​ចង់​ធ្វើ​បាន​ដី​ហ្នឹង»

លោក​បន្ត​ថា បច្ចុប្បន្ន​ដី​នៅ​តំបន់​បី​នោះ កន្លែង​ខ្លះ​មាន​ការ​ដាំ​ដុះ​ដំណាំ និង​កន្លែង​ខ្លះ​កំពុង​រៀបចំ​ធ្វើ​ជា​បន្ត​ទៀត។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ព្រែកនរិន្ទ លោក សេង យី បាន​ថ្លែង​ថា ដី​នៅ​តំបន់​នោះ​ពុំ​មាន​ការ​កាប់​រាន​ថ្មី​នោះ​ទេ។ លោក​ថា ដី​នៅ​ក្នុង​តំបន់​បី​មាន​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ជា​អ្នក​ធ្លាប់​បាន​កាប់​រាន​នៅ​លើ​ដី​នៅ​តំបន់​បី​នោះ​តាំង​ពី​ឆ្នាំ​មុន៖ «គណបក្ស​ប្រឆាំង​គេ​អត់​មាន​រឿង​អី​ធ្វើ ហើយ​គេ​យក​អ្នក​កាសែត អ្នក​សារព័ត៌មាន​ទៅ​ថត សូម្បី​តែ​ប្រជាពលរដ្ឋ​កំពុង​បាញ់​ថ្នាំ​ស្តែក ក៏​គាត់​ទៅ​ថត​ថា​អា​ហ្នឹង​កាប់​រាន​ដី​ថ្មី អា​មួយ​វា​ស្មៅ អា​មួយ​វា​ព្រៃ ដី​ហ្នឹង​គេ​ធ្វើ​បាន ៧​ខែ​ទេ ដល់​ខែ​៦ ខែ​៧ ទឹក​លិច​ហើយ គេ​ទុក​ចោល​ដល់​ទឹក​ស្រក​ទៅ​វិញ​បាន​គេ​ត្រាយ​ស្មៅ​ទុក​ចោល​ដុះ​ស្មៅ​ហើយ»

ទោះ​ជា​មាន​ការ​បកស្រាយ​ដូច្នេះ​ក៏ដោយ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ បាន​អះអាង​ថា សហគមន៍​ព្រែក​ទ្រព្យ និង​អាជ្ញាធរ​ភូមិ ឃុំ មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​កាប់​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បី​នោះ។

ពួក​គេ​បាន​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ដែល​ពុំ​ជា​បក្ខពួក​របស់​សហគមន៍​ព្រែក​ទ្រព្យ និង​ជា​អ្នក​មិន​ត្រូវ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នោះ បាន​នាំ​គ្នា​ចូល​ទៅ​កាប់​ដែរ តែ​ត្រូវ​គេ​ចាប់​ខ្លួន៖ «ខ្ញុំ​បាន​ចុះ​ទៅ​មើល​ផ្ទាល់ ថត​មាន​ឯកសារ​អី​ត្រឹមត្រូវ ឃើញ​កាប់​រំលោភ​ទៅ​មែន ២០ ទៅ ៣០​ហិកតារ ចូល​ព្រៃ​លិច​ទឹក តំបន់​ហាម​ឃាត់​ដែល​រដ្ឋាភិបាល​បាន​ហាម ហើយ​ពួក​ហ្នឹង​នៅ​ពេល​ដឹង​ថា​ខ្ញុំ​ចុះ​ទៅ​អ៊ីចឹង គាត់​មាន​ផែន​ការ​ហៅ​ប្រជាជន​ព្រែក​ទ្រព្យ​ហ្នឹង ទៅ​ឲ្យ​ផ្ដិត​មេដៃ។ ចំនួន​អ្នក​កាប់​នោះ​មាន ១៥​នាក់ ភាគ​ច្រើន​ជា​សហគមន៍ ជា​អ្នក​ដឹង​សាច់​រឿង។ អ៊ីចឹង​ហើយ​គាត់​ហៅ​ប្រជាជន​ទាំង​អស់​ហ្នឹង​ចំនួន​ជិត ១០០​គ្រួសារ សព្វ​ថ្ងៃ​ទៅ​ផ្ដិត​មេដៃ​ដើម្បី​សុំ​កាត់​ដី​ហ្នឹង។ អា​នេះ​ជា​វិធី​មួយ​ដើម្បី​ឲ្យ​ខ្ញុំ​ចាល​ច្រក​ថា ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច បើ​ប្រជាជន​ភាគ​ច្រើន​ដល់​ទៅ ១០០​គ្រួសារ​ទៅ​ហើយ គេ​សុំ​កាប់​ដី​ហ្នឹង ផ្ដិត​មេ​ដៃ​សុំ​ដី​ហ្នឹង​ធ្វើ​កសិកម្ម»

វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង លោក រ៉ាយ ណម ប្រធាន​សហគមន៍​ព្រែក​ទ្រព្យ ដើម្បី​សួរ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ទេ។ ចំណែក​ឯ​មន្ត្រី​នៃ​រដ្ឋបាល​ជលផល​បាត់ដំបង ក៏​មិន​អាច​ទាក់​ទង​បាន​ដូច​គ្នា។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កំណត់​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​ទឹក​បឹង​ទន្លេសាប ជា​បី​តំបន់ គឺ​តំបន់​១ តំបន់​២ និង​តំបន់​៣។ ដី​នៅ​ក្នុង​តំបន់​១ រដ្ឋ​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ជា​ម្ចាស់។ ដី​នៅ​តំបន់​២ រដ្ឋ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បង្ក​បង្កើន​ផល​បាន ប៉ុន្តែ​មិន​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ទេ។ ចំណែក​ដី​នៅ​តំបន់​៣ រដ្ឋាភិបាល​ហាម​ឃាត់​ដាច់​ខាត​មិន​អនុញ្ញាត​ឲ្យ​កាប់​ទន្ទ្រាន​ទៀត​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល