តំណាង​ក្រុម​សាមគ្គី​ចម្ការ​កៅស៊ូ​រដ្ឋ​ខេត្ត​រតនគិរី​ព្រមាន​ថា​នឹង​បន្ត​ការតវ៉ា

តំណាង​ក្រុម​សាមគ្គី​ចម្ការ​កៅស៊ូ​រដ្ឋ​ខេត្ត​រតនគិរី​ព្រមាន​នៅ​ថ្ងៃ​សុក្រ ទី​២៦ ធ្នូ ឆ្នាំ​២០០៨ ថា នឹង​បន្ត​ការតវ៉ា​នៅ​មុខ​និវេសនដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ទៀត​ចំពោះ​សេចក្តី​សម្រេច​រំសាយ​ក្រុម​សាមគ្គី។

សេចក្តី​ព្រមាន​នេះ​ធ្វើ​ឡើង​តាមរយៈ​កិច្ចសម្ភាសន៍​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​សុក្រ ទី​២៦ ធ្នូ ឆ្នាំ​២០០៨ បន្ទាប់ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ បាន​ចេញ​លិខិត​ច្រាន​ចោល​បណ្តឹង​តវ៉ា​របស់​ពួក​គេ ហើយ​ណែនាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជំរុញ​រំសាយ​ក្រុម​សាមគ្គី​ឲ្យ​មាន​ប្រសិទ្ធភាព​និង​រារាំង​មិន​ឲ្យ​សាមី​បណ្តឹង​មក​តវ៉ា​នៅ​ក្បែរ​និវេសនដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី​ត​ទៅ​ទៀត​ក្រោម​ហេតុផល​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​រួច​ហើយ​ដែល​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ជូន​ដំណឹង​តាមរយៈ​លិខិត​ស.ជ.ណ. ចុះ​ថ្ងៃ​ទី​១៩ កញ្ញា ឆ្នាំ​២០០៨ ស្តីពី​ការជំរុញ​ឲ្យ​រំសាយ​ក្រុម​សាមគ្គី។

ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​ចំនួន​៤​លើក​រួច​ទៅ​ហើយ​នៅ​ក្បែរ​និវេសនដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី​ឯ​ខេត្ត​កណ្តាល ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន​វិនិយោគ​ចម្ការ​កៅស៊ូ តាយសេង ថា​បាន​ក្លែង​ឯកសារ​ជា​មូលហេតុ​នាំ​ឲ្យ​រាជ​រដ្ឋាភិបាល​ឯកភាព​រំសាយ​ក្រុម​សាមគ្គី​តាម​សេចក្តី​ស្នើសុំ​ពី​ក្រសួង​កសិកម្ម។

តំណាង​អ្នក​តវ៉ា លោក ប៊ុន ថា ប្រតិកម្ម ៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន ពួក​ខ្ញុំ​ចូល​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​រដ្ឋអំណាច​ហើយ​និង​អន្តរ​ក្រសួង​ត្រឹមត្រូវ។ ការរំសាយ​នេះ​ក្រុមហ៊ុន​បាន​ប្រព្រឹត្ត​នូវ​អំពើ​អយុត្តិធម៌​ណាស់ បាន​ក្លែង​បន្លំ​ឯកសារ​បញ្ជូន​មក​ថ្នាក់​លើ​ហើយ​សម្រេច​ដក​ឈ្មោះ​ពី​ពួក​ខ្ញុំ»

នាយក​ក្រុមហ៊ុន​វិនិយោគ​ចម្ការ​កៅស៊ូ​ខេត្ត​រតនគិរី លោក លី ហុងស៊ីន ប្រតិកម្ម​តប ៖ «រដ្ឋាភិបាល​កំពុង​ថា​ប្រធាន​ក្រុម​សាមគ្គី​ជា​ឈ្មួញ​កណ្ដាល​ជិះជាន់​កម្មករ​យើង។ យើង​សង្ឃឹម​ថា គណៈកម្មការ​ត្រូវតែ​ជួយ​ធ្វើ​ឲ្យ​លឿន»

ចំណែក​អភិបាល​រង​ខេត្ត​រតនគិរី លោក ជ័យ សាយឿន និង​ជា​អនុ​គណៈកម្មការ​សម្រប​សម្រួល​រំសាយ​ក្រុម​សាមគ្គី​មាន​ប្រសាសន៍​ថា ៖ «យើង​ជូន​ដំណឹង​លើក​ទី​២​រួច​ហើយ ផុត​ថ្ងៃ​១០​យើង​នឹង​ស្ដាប់​របាយការណ៍​របស់​មន្ទីរ​កសិកម្ម តើ​មាន​អ្នក​ចុះ​ឈ្មោះ​ហើយ​ឬ​នៅ? បាន​ប៉ុន្មាន​ហើយ? ថ្ងៃ​បន្តបន្ទាប់​យើង​នឹង​ចេញ​លិខិត​លើក​ទី​៣ ហើយ​បើ​លើក​ទី​៣​គាត់​មិន​ព្រម​ចូល​ទេ អា​ហ្នឹង​យើង​អនុវត្ត​តាម​ស.ជ.ណ.​ហ្នឹង»

ក្រសួង​កសិកម្ម​កាលពី​ខែ​សីហា ឆ្នាំ​២០០៦ បាន​ចេញ​សេចក្តី​សម្រេច​រំសាយ​ក្រុម​សាមគ្គី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ខេត្ត​រតនគិរី​ក្រោម​ហេតុផល​មាន​ការទាមទារ​យក​ចម្ការ​កៅស៊ូ​រដ្ឋ​ជា​សម្បត្តិ​ឯកជន​ធ្វើ​ឲ្យ​មាន​ការស្មុគស្មាញ​ទាក់ទិន​ទៅ​នឹង​លក្ខណៈ​បច្ចេកទេស​ចៀរ​ជ័រ​និង​ការផលិត​ជ័រ​កៅស៊ូ បាតុភាព​កេងប្រវ័ញ្ច​តម្លៃ​ពលកម្ម​កម្មករ​ក្នុង​ក្រុម ជម្លោះ​តវ៉ា​ពី​កម្រិត​ទឹក​ជ័រ ការបង្កក​ជ័រ​កៅស៊ូ​ខុស​លក្ខណៈ​បច្ចេកទេស​និង​ចលនា​រត់ពន្ធ​ជ័រ​កៅស៊ូ​ទៅ​លក់​ខុស​គោលការណ៍​វិនិយោគ។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក​ខេត្ត លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា​ការបញ្ចប់​រចនាសម័្ពន្ធ​ក្រុម​សាមគ្គី​គឺ​ជា​វិធី​លុប​បំបាត់​បាតុភាព​ដែល​កើត​មាន​នៅ​ក្នុង​កិច្ច​វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​មួយ​នេះ ហើយ​កម្មករ​គឺ​ជា​អ្នក​រួចផុត​ពី​ផលវិបាក។

បើ​តាម លោក ជ័យ សាយឿន បញ្ជាក់​ថា​អាជ្ញាធរ​ខេត្ត​នឹង​សុំ​កិច្ចសហការ​ពី​អាជ្ញាធរ​ខេត្ត​កណ្តាល​រារាំង​មិន​ឲ្យ​មាន​ការតវ៉ា​បាន​ទៀត​ឡើយ៕