វេទិកា​​អប់រំ​ដល់​យុវវ័យ​ស្ដីពី​ទិវា​នៃ​ក្ដី​ស្រលាញ់

ថ្នាក់​ដឹក​នាំ​ក្រសួង​កិច្ចការ​នារី ក្រសួង​នាយកដ្ឋាន​ពាក់ព័ន្ធ​នានា ព្រមទាំង​នាយក​សាលា និង​សាស្ត្រាចារ្យ​មួយ​ចំនួន បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​អប់រំ​ផ្សព្វផ្សាយ​ដល់​យុវវ័យ ស្ដីពី​ទិវា​នៃ​ក្ដី​ស្រលាញ់ “Valentine’s day” ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ខាង​មុខ​នេះ។
ដោយ ខែ សុណង
2011-02-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ឈរ​ទិញ​ផ្កា​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​រាធានី​ភ្នំពេញ នៅ​ថ្ងៃ​១៤ កុម្ភៈ ២០១០។
យុវជន​ឈរ​ទិញ​ផ្កា​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​រាធានី​ភ្នំពេញ នៅ​ថ្ងៃ​១៤ កុម្ភៈ ២០១០។
RFA/Mom Sophon

មន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​អះអាង​ថា ជា​រៀងរាល់​ឆ្នាំ​យុវវ័យ​មួយ​ចំនួន​បាន​យល់​ច្រឡំ​ដោយ​បង្វែរ​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រលាញ់ ឬ​ដែល​ហៅ​ជា​ភាសា​បរទេស​ថា Valentine’s day ឲ្យ​ទៅ​ជា​សកម្មភាព​សារសង​ស្នេហារ​គ្នា​តាម​ទី​សាធារណៈ​មិន​ល្អ ប្រាសចាក​ពី​សីលធម៌ សង្គម តម្លៃ​ស្ត្រី​ខ្មែរ ហើយ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ពួក​យុវជន យុវនារី​ខ្មែរ​មួយ​ចំនួន បាន​ជួប​គ្នា​នៅ​តាម​ផ្ទះ​សំណាក់​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ថ្លែង​នៅ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​អប់រំ​ផ្សព្វផ្សាយ​ដល់​យុវវ័យ​ស្ដីពី​ទិវា​នៃ​ក្ដី​ស្រលាញ់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កុម្ភៈ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី លោកស្រី ស៊ីវណ្ណ បុទុម មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​គ្នា​នេះ​ក្នុង​បំណង​អប់រំ​ផ្សព្វផ្សាយ​បន្ត​ដល់​យុវវ័យ ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ និង​ឥរិយាបថ​របស់​យុវវ័យ ចៀស​វាង​ការ​ប្រព្រឹត្ត​ខុស។

លោកស្រី ស៊ីវណ្ណ បុទុម មាន​ប្រសាសន៍​ទៀត​ថា ៖ «យើង​មាន​គោលការណ៍​សំខាន់ យើង​នាំ​គ្នា​រួម​គ្នា​ទប់​ស្កាត់​យ៉ាង​ម៉េច​ប្រាប់​អំពី​ប្រវត្តិ តើ​អា​ហ្នឹង​ជា​របស់​យើង ឬ​របស់​គេ? ការ​លំហូរ​ចូល​នូវ​វប្បធម៌​បរទេស ក្មេង ១២-​១៣​ឆ្នាំ គឺ​ពិបាក​គ្រប់គ្រង​ណាស់ គេ​ហៅ​ថា ក្មេង​ឈាម​រាវ គឺ​គាត់​ចេះ​ចង់​អាង​ចង់​អួត ចង់​អើត ចង់​សាក អ្វី​ដែល​ថ្មី​អញ​សាក ល្អ​អាក្រក់​អត់​គិត​ទេ អ្វី​ដែល​ថ្មី​អញ​សាក​សិន។ ជួន​ណា​ទៅ​រៀន​អត់​រៀន​ទេ គេច​សាលា ជួន​ណា​ដាក់​ខោ​អាវ ២​កំភ្លេ ខោ​អាវ​សាលា​ផង ខោ​អាវ​ដើរ​លេង​ផង រឿង​ហ្នឹង​គឺ​ធ្វើ​ឲ្យ​ខូច​ធនធាន​មនុស្ស»

ប្រធាន​នាយកដ្ឋាន​លើក​កម្ពស់​ស្ត្រី និង​ការ​អប់រំ លោកស្រី នុំ បូផារី បាន​ថ្លែង​ថា វេទិកា​នេះ​គឺ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រសួង​កិច្ចការ​នារី មន្ទីរ​កិច្ចការ​នារី ក្រសួង​នាយកដ្ឋាន​ពាក់ព័ន្ធ នាយក​សាលា និង​សាស្ត្រាចារ្យ​ប្រមាណ ៣០០​នាក់ ដែល​ជា​ធនធាន​នាំ​យក​សារ​សំខាន់ៗ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​យុវជន​នៅ​តាម​សាលា និង​សហគមន៍។

លោកស្រី​បន្ថែម​ថា ៖ «បើ​និយាយ​រឿង​សារ យើង​មាន​សៀវភៅ​របស់​យើង ហើយ​សារ​នោះ​យើង​ប្រមូល​បាន​ពី​វេទិកា​នៅ​ដើម​ឆ្នាំ​២០១១ ហើយ​យើង​មាន​ស្ពត​ជា​ឌីស ចែក​ជូន​ទៅ​តាម​វិទ្យាល័យ និង​មាន​សំណួរ​សម្រាប់​គាត់​ទៅ​បញ្ជ្រាប​តាម​សាលា»

សាស្ត្រាចារ្យ​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ បាន​សម្ដែង​ការ​គាំទ្រ និង​ចង់​ឲ្យ​ក្រសួង​អប់រំ​លើក​យក​បញ្ហា​នេះ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា ដូច​ជា​មុខ​វិជ្ជា​សីលធម៌ ពលរដ្ឋ​ជាដើម សម្រាប់​ជា​ការ​ដាស់​តឿន​ដល់​សិស្ស ៖ «ជា​រៀង​រាល់​ឆ្នាំ​ហ្នឹង​មុន ១៤ កុម្ភៈ ហ្នឹង​គឺ សកម្មភាព​គេ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ហ្នឹង​យ៉ាង​តិច​ក៏ ២​ថ្ងៃ​មុន​ដែរ ហើយ​ក្មេងៗ​ជ្រួល​ច្របល់​គិត​ថា មាន​អ្វី​ដើម្បី​ជូន​សង្សារ។ យើង​ឃើញ​គេ​ត្រៀម​ដូចជា​ផ្កា ដូច​ជា​អី​អ៊ីចឹង ប៉ុន្តែ​មិន​សូវ​ផ្ដោត​លើ​ការ​សិក្សា​ទេ»

បន្ទាប់​ពី​វេទិកា​នេះ ក្រសួង និង​មន្ទីរ​កិច្ចការ​នារី នឹង​ធ្វើ​យុទ្ធនាការ​ចុះ​អប់រំ​ដោយ​ផ្ទាល់​នៅ​ក្នុង​ខេត្ត​ចំនួន ៣​ទៀត ដូចជា​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប ផង​ដែរ ដោយសារ​តែ​ខេត្ត​នេះ​នៅ​ជាប់​នឹង​ព្រំដែន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល