កិច្ច​ប្រឹងប្រែង​សុំ​ឲ្យ​ដោះលែង ដាំ សិទ្ធិ ឈាន​ដល់​ថ្ងៃ​ទី​៥​ហើយ

កិច្ច​ប្រឹងប្រែង​លើ​សេចក្តី​ស្នើសុំ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ចំពោះ​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ បាន​ឈាន​ដល់​ថ្ងៃ​ទី​៥​ហើយ គិត​មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​នេះ ។

ការ​ចាប់​លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ដាក់​គុក​នៅ​មុន​ការរៀបចំ​បោះឆ្នោត​សកល​ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​មជ្ឈដ្ឋាន​អ្នក​ការទូត និង​អង្គការ​អន្តរជាតិ ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោកJoseph Mussomeli បាន​មាន​ប្រសាសន៍​សង្ឃឹម​ថា បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី លោក ដាំ សិទ្ធិ នឹង​ត្រូវ​អាជ្ញាធរ​ដោះលែង​នា​ពេល​ឆាប់ៗ​នេះ ។

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ថ្លែង​ថា វា​ជា​សញ្ញា​មិន​ល្អ​ទេ​ដែល​មាន​ការចាប់ខ្លួន​លោក ដាំ សិទ្ធិ ដែល​ជា​និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ​នៅ​ក្នុង​ពេល​នេះ ។

ប្រតិកម្ម​របស់​លោក​ឯកអគ្គរដ្ឋទូត Joseph Mussomeli បាន​ធ្វើឡើង​ស្របនឹង​ស្ថានការណ៍​ដែល​មាន​ការរិះគន់​ពី​មតិ​ជាតិ​និង​អន្តរជាតិ ដែល​ចោទ​ថា​ការចាប់ខ្លួន​លោក ដាំ សិទ្ធិ គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​កាន់តែ​នាំ​ឲ្យ​គេ​មើលឃើញ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​រៀបចំ​ការបោះឆ្នោត​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ ។

លោក Joseph Mussomeli បានមានប្រសាសន៍ថា ៖ "យើង​មាន​ការបារម្ភ​ខ្លាំង​ណាស់ អំពើ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ខូច​មុខមាត់​របស់​កម្ពុជា ។ យើង​តែងតែ​បារម្ភ យើង​មិន​ចង់​ឲ្យ​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា ជា​ប្រទេស​ដែល​មាន​ការបំភិត​បំភ័យ មាន​ការបង្ក្រាប​ក្នុង​រូបភាព​ណា​មួយ​នោះ​ទេ ។ យើង​មាន​ការ​ចាប់អារម្មណ៍​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​លោក​និពន្ធ​នាយក ដែល​នេះ​គឺ​ជា​សញ្ញា​ល្អ​បង្ហាញ​ថា នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មាន​អ្នក​ដឹង​ថា ទង្វើ​បែប​នេះ​ជា​ទង្វើ​មិន​សមស្រប​ទេ ។ យើង​រំពឹង​ចង់​ឃើញ​ការដោះលែង​និពន្ធ​នាយក ហើយ​យើង​មាន​សុទិដ្ឋិនិយម" ។

មេធាវី​ការពារ​ក្តី​លោក ដាំ សិទ្ធិ ឈ្មោះ​លោក ជូង ជូងី បាន​ថ្លែង​ថា​លោក​កំពុងតែ​ធ្វើការ​តវ៉ា​បង្ហាញ​ថា ការចាប់ខ្លួន​លោក ដាំ សិទ្ធិ គឺ​ជា​អំពើ​ខុស​ច្បាប់ ៖ «តុលាការ​ចាត់ការ​ហ្នឹង​ខុស​ទាំងស្រុង ។ ហើយ​ទន្ទឹម​នឹង​នេះ​គឺ​មាន​អន្តរាគមន៍​ពី​ក្រសួង​ព័ត៌មាន ហើយ​មាន​អន្តរាគមន៍​ពី​ទាំង​សមាគម ទាំង​សហគមន៍​អន្តរជាតិ អន្តរាគមន៍​គ្រប់​ច្រកល្ហក​ទាំងអស់ ពីព្រោះ​មជ្ឈដ្ឋាន​ទាំង​នោះ​មើលឃើញ​ថា តុលាការ​ធ្វើ​ខុស​ច្បាប់​អ៊ីចឹង​មែន ។ (ខុស​ច្បាប់​យ៉ាង​ម៉េច​ទៅ ?) ពីព្រោះ​ទី​១ ខ្ញុំ​ជា​មេធាវី​គឺ​ខ្ញុំ​មាន​ជំនឿ​ថា កូនក្ដី​ខ្ញុំ​គាត់​អត់​មាន​ខុស​ទេ​ក្នុង​ការផ្សាយ​ព័ត៌មាន​ហ្នឹង ។ ហើយ​ក្នុង​ការ​ដែល​គាត់​សម្រេច​ឃុំ​ហ្នឹង គឺ​មាន​ចំណុច​ជា​ច្រើន​ដែល​ខុស​នឹង​មាត្រា​ច្បាប់​ចែង​ហ្នឹង​ណា៎ ។ ដូច​ជា​ទី​១ គឺ​ទម្រង់​ដែល​គាត់​ប្រើ​ក្នុង​ការសម្រេច​ឃុំ​ខ្លួន​កូនក្ដី​ខ្ញុំ​ហ្នឹង អត់​មាន​អត្តសញ្ញាណ​កូនក្ដី​ខ្ញុំ​នៅក្នុង​ដីកា​សម្រេច​ឃុំ​ខ្លួន​ហ្នឹង​ទេ ហើយ​គាត់​បញ្ជូន​កូនក្ដី​ខ្ញុំ​ទៅ​ពន្ធនាគារ​តែម្ដង ។ ហើយ​ទី​២ មាត្រា​២០៤​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ គឺ​អាច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​បាន លុះត្រាតែ​ការផ្តន្ទាទោស​នោះ​គឺ​ពី​១​ឆ្នាំ​ឡើង ប៉ុន្តែ​តុលាការ​យក​មាត្រា​ទី​៦២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​មក​ហ្នឹង គឺ​មាត្រា​៦២​ហ្នឹង គឺ​ផ្តន្ទាទោស​ពី​៦​ខែ​ទៅ វា​ខ្ទាស់​ទៅ​នឹង​មាត្រា​២០៤​នៃ​ក្រមនីតិវិធី​ហ្នឹង​ណា៎»

លោក ដាំ សិទ្ធិ ដែល​ជា​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​ឲ្យ​គណបក្ស​សមរង្ស៊ី​នៅ​មណ្ឌល​ភ្នំពេញ ត្រូវ​គេ​ចោទប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍ ជុំវិញ​ការផ្សាយ​ព័ត៌មាន​ដែល​សរសេរ​ថា លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង គឺ​ជា​អតីត​ប្រធាន​គុក​បឹងត្របែក​ជំនាន់​របប​ខ្មែរ​ក្រហម ។ ការសរសេរ​ផ្សាយ​របស់​លោក ដាំ សិទ្ធិ ដែល​មាន​តាំងពី​ខែ​មេសា​កន្លងមក គឺ​បាន​ដកស្រង់​តាម​ប្រសាសន៍​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ។

កាលពី​ម្សិលម៉្ងៃ លោក សម រង្ស៊ី ក្នុង​សន្និសីទ​កាសែត​បាន​ថ្លែង​ថា ការចាប់​លោក ដាំ សិទ្ធិ គឺ​ជា​អំពើ​មិន​ត្រឹមត្រូវ ហើយ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ដោះលែង​លោក ដាំ សិទ្ធិ នោះ​វិញ ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Joseph Mussomeli បាន​ថ្លែង​ថា​លោក​សង្ឃឹម​ថា លោក ដាំ សិទ្ធិ នឹង​ត្រូវ​គេ​ដោះលែង​នា​ពេល​ខាង​មុខ​នេះ ៖ "យើង​កំពុង​ពិភាក្សា​បញ្ហា​នេះ​ជាមួយនឹង​រាជ​រដ្ឋាភិបាល ។ យើង​ជឿ​ថា​បញ្ហា​នេះ​គួរតែ​ដោះស្រាយ​ក្នុង​របៀប​ធម្មតា ហើយ​យើង​នឹង​សង្ឃឹម​ថា នឹង​អាច​ចេញ​ទៅ​រួច" ។

លោក ដាំ សិទ្ធិ ទើប​ត្រូវ​គេ​អនុញ្ញាត​កាលពី​ម្សិលមិញ​ឲ្យ​បាន​ជួប​ប្រធាន​គណបក្ស​ប្រឆាំង សម រង្ស៊ី ។

មេធាវី​ការពារ​ក្តី​របស់​លោក ដាំ សិទ្ធិ បាន​ថ្លែង​ថា​កាលពី​ថ្ងៃ​អង្គារ លោក ដាំ សិទ្ធិ មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​ភរិយា​នោះ​ឡើយ ប៉ុន្តែ​មិន​ហ៊ាន​ប្រឆាំង​នឹង​ការស្នើ​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ស្នើ​ជួប​កាលពី​ម្សិលមិញ​នោះ​ទេ ។

មន្ត្រី​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ថា គេ​រំពឹង​ថា​តាមរយៈ​ការជួយ​ជ្រោមជ្រែង​ពី​អ្នក​ការទូត​និង​ប្រតិកម្ម​ពី​អន្តរជាតិ​ផង លោក ដាំ សិទ្ធិ នឹង​ត្រូវ​គេ​ដោះលែង​នា​ពេល​ឆាប់ៗ​នេះ ៕