អាជ្ញាធរ​​បឹង​ទន្លេ​សាប​ចាប់ផ្ដើម​បោះ​បង្គោល​សីមា​ព្រៃ​លិច​ទឹក

អាជ្ញាធរ​បឹង​ទន្លេសាប​បាន​ចាប់ផ្ដើម​បោះ​បង្គោល​ព្រំ​សីមា​ព្រៃ​លិច​ទឹក នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដែល​មាន​ទំហំ ៦៤០​ពាន់​ហិកតារ ដើម្បី​កំណត់​តំបន់​ព្រៃ​លិច​ទឹក ការពារ​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។
ដោយ វោហារ ជាតិ
2010.07.12
បឹង​ទន្លេ​សាប ៣០៥ ព្រៃ​លិច​ទឹក​នៅ​ក្នុង​បឹង​ទន្លេ​សាប
RFA/Hang Savyouth

អគ្គ​លេខា​នៃ​អាជ្ញាធរ​បឹង​ទន្លេសាប លោក ចាន់ យុត្ថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ កក្កដា ថា វិធានការ​ថ្មី​នេះ​គឺ​អាជ្ញាធរ​ចាប់ផ្ដើម​បោះ​បង្គោល​នៅ​តំបន់​ព្រៃ​លិច​ទឹក​ណា​ដែល​រង​ការ​​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ​ជាង​គេ។

លោក ចាន់ យុត្ថា បាន​បញ្ជាក់​ថា ៖ «ការ​បោះ​បង្គោល​នេះ គឺ​ជា​ការ​បោះ​បង្គោល​កំណត់​តំបន់​៣ ដែល​ត្រូវ​រក្សា​ទុក​ផ្ទៃ​ដី​ព្រៃ​លិច​ទឹក ៦៤០​ពាន់​ហិកតារ គឺ​យើង​កំណត់ ដែល​យើង​ហៅ​ថា តំបន់​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប គឺ​តំបន់​ផ្ទៃ​ដី​ព្រៃ​លិច​ទឹក​នេះ​ឯង»

លោក​ថា បង្គោល​សម្រាប់​បោះ​កំណត់​ព្រំ​ប្រទល់​តំបន់​ព្រៃ​លិច​ទឹក​នេះ​ធ្វើ​ជា​បេតុង មាន​ទំហំ ៣​សង់ទីម៉ែត្រ កម្ពស់ ៣​ម៉ែត្រ។

ទន្លេសាប​ជា​បឹង​ទឹក​សាប​ដ៏​ធំ​បំផុត​នៅ​តំបន់​អាស៊ី និង​ជា​ជង្រុក​ត្រី​ដ៏​ស្ដុកស្ដម្ភ​របស់​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​ផល​ត្រី​បាន​ថយ​ចុះ​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​ការ​នេសាទ​ខុស​ច្បាប់ សេចក្ដី​ត្រូវការ​ម្ហូប​អាហារ​ត្រី​សាច់​កើន​ឡើង រួម​ទាំង​អត្រា​កំណើន​ប្រជាជន​កើន​ឡើង និង​ជា​ពិសេស​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ជុំ​វិញ​បឹង​ទន្លេសាប។

លោក ចាន់ យុត្ថា បន្ថែម​ថា ការ​សិក្សា​មួយ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​បាន​ថត​ពី​លើ​ឧទ្ធម្ភាគចក្រ​នៅ​ពេល​ថ្មី​ៗ​នេះ បង្ហាញ​ថា ព្រៃ​លិច​ទឹក​ជា​ច្រើន​ពាន់​ហិកតារ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​នៅ​ជុំវិញ​បឹង​ទន្លេសាប ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​បឹង​ទន្លេសាប​ចាប់ផ្ដើម​បោះ​បង្គោល​ព្រំ​សីមា​កំណត់​តំបន់​ព្រៃ​លិច​ទឹក​ឡើង​ដើម្បី​ការពារ។

លោក ចាន់ យុត្ថា បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ពិនិត្យ​ឃើញ​ថា មាន​ការ​ដុត​ព្រៃ​ថ្មី​ៗ ជា​ពិសេស​នៅ​ភូមិសាស្ត្រ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង។ ទន្ទឹម​នេះ​នៅ​ក្នុង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ព្រៃ​លិច​ទឹក​ប្រមាណ​ជា ៥០០​ហិកតារ​ដែល​គេ​បាន​កាប់​គាស់​រាន​ប្រហែល ២​ឆ្នាំ​មក​ហើយ ឆ្នាំ​នេះ​គេ​កំពុង​ធ្វើ​ការងារ​បង្ក​បង្កើន​ផល។ ប៉ុន្តែ​ទោះ​បី​ជា​ទៅ​ជា​ស្រែ​ហើយ​ក៏​ដោយ ធ្វើ​ការ​បង្ក​បង្កើន​ផល​ហើយ​ក៏​ដោយ ក៏​យើង​ដក​ហូត​យក​មក​វិញ​ដែរ!»

របាយការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅ​ឆ្នាំ​២០០០ បង្ហាញ​ថា ក្នុង​រដូវ​ប្រាំង​ផ្ទៃ​ទឹក​ទន្លេសាប​មាន​ទំហំ​ប្រហែល ២.៥០០​គីឡូម៉ែត្រ​ក្រឡា ហើយ​រីក​មាឌ​ដល់​ទៅ ១៦.០០០​គីឡូម៉ែត្រ​ក្រឡា​នៅ​រដូវ​វស្សា សាយ​ភាយ​លិច​ព្រៃ​លិច​ទឹក​មាន​ផ្ទៃ​ជាង ៦៤០​ពាន់​ហិកតារ ក៏ប៉ុន្តែ​ផ្ទៃ​ព្រៃ​លិច​ទឹក​នេះ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​អស់​ជាង ៥០%​ហើយ​មក​ទល់​ពេល​នេះ។ របាយការណ៍​ដដែល​ក៏​បង្ហាញ​ដែរ​ថា ទន្លេ​សាប​មាន​ត្រី​ចំនួន​ប្រហែល ៥០០​ប្រភេទ ហើយ​គេ​អាច​នេសាទ​បាន​ចំនួន ២០០.០០០​តោន ដែល​មាន​តម្លៃ​ទឹក​ប្រាក់​ចំនួន ១០០​​លាន​ដុល្លារ​ជា​មធ្យម​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។