លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ខេត្តតាកែវ នៅរសៀលថ្ងៃទី២៣ ខែមីនានេះ បានដឹកនាំសកម្មជនគណបក្ស សម រង្ស៊ី ១៧នាក់នៅខេត្តកំពង់ចាម និងពោធិ៍សាត់ មានតួនាទីជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំថ្នាក់ស្រុក ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស។
នៅក្នុងសន្និសីទកាសែតនាទីស្នាក់ការគណបក្សសិទ្ធិមនុស្ស លោក ម៉ៅ មុនីវណ្ណ បានឲ្យដឹងថា ការចាកចេញពីគណបក្ស សម រង្ស៊ី ដោយសារតែផ្ទៃក្នុងថ្នាក់ដឹកនាំគណបក្សនេះមានគំនាបគ្រួសារបក្សពួកនិយមធ្ងន់ធ្ងរមិនអាចដោះស្រាយបាន។ គ្រួសារនិយមដែលលោក ម៉ៅ មុនីវណ្ណ អះអាងថា បានធ្វើឲ្យគណបក្សនេះបែកបាក់ផ្ទៃក្នុង គឺមានគ្រួសារលោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី និងគ្រួសារលោក អេង ឆៃអ៊ាង តំណាងរាស្ត្រមណ្ឌលបាត់ដំបង។
ទាក់ទងបញ្ហានេះ លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី នៅក្នុងសន្និសីទកាសែតនាទីស្នាក់ការគណបក្ស កាលពីព្រឹកថ្ងៃទី២៣ ខែមីនា បានចាត់ទុកការចាកចេញរបស់លោក ម៉ៅ មុនីវណ្ណ និងសកម្មជនមួយដំបស្វាទៅចុះចូលជាមួយបក្សសិទ្ធិមនុស្សថា ជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែលោក សុន ឆ័យ បានប្រតិកម្មថា សកម្មជនទាំងនោះមិនគួរលើកយកបញ្ហាដែលកើតមានផ្ទៃក្នុងគណបក្ស សម រង្ស៊ី យកទៅបកស្រាយជាសាធារណៈនោះទេ។

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ក្នុងពិធីចុះហត្ថលេខាទទួលយកសមាជិកថ្មី គឺលោក ម៉ៅ មុនីវណ្ណ និងក្រុមការងាររបស់លោកនាទីស្នាក់ការបក្ស ក្រៅពីបានស្វាគមន៍សមាជិកថ្មី លោក កឹម សុខា បានបញ្ជាក់ថា លោក ម៉ៅ មុនីវណ្ណ និងសកម្មជនផ្សេងទៀត ត្រូវបានផ្ដល់តួនាទីដូចមានក្នុងគណបក្ស សម រង្ស៊ី ដូចគ្នាដែរ។
លោក កឹម សុខា មានជំនឿថា គណបក្សសិទ្ធិមនុស្ស បន្ទាប់ពីមានវត្តមានលោក ម៉ៅ មុនីវណ្ណ និងសកម្មជនមួយចំនួនទៀតមកចូលរួមក្នុងគណបក្សនេះ អាចជាសញ្ញាឈ្នះការបោះឆ្នោតនៅឆ្នាំ២០១២ និង ២០១៣ ខាងមុខ។
បន្ថែមលើនេះ លោក ម៉ៅ មុនីវណ្ណ បានថ្លែងថា គណបក្ស សម រង្ស៊ី ប្រសិនបើទុកបណ្ដោយឲ្យមានគំនាបគ្រួសារនិយមបន្តកើតមាននៅក្នុងគណបក្សនេះបន្តទៀត នឹងនាំឲ្យគណបក្សប្រឆាំងដ៏ធំមួយនេះមានប្រជាប្រិយភាពកាន់តែចុះខ្សោយជាបន្តបន្ទាប់។
យ៉ាងនេះក្តី លោក សម រង្ស៊ី នៅក្នុងវេទិកាពិភាក្សារបស់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី២២ ខែមីនា បានថ្លែងដោយចាត់ទុកបញ្ហាបានកើតមាននៅក្នុងគណបក្ស សម រង្ស៊ី ថា គឺជាបញ្ហាបុគ្គលមួយចំនួនតូចដែលចង់បានអំណាចបុណ្យស័ក្ដិ ប៉ុន្តែបញ្ហានេះមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្ស សម រង្ស៊ី នោះទេ។
ទោះជាបែបនេះក្តី លោក ម៉ៅ មុនីវណ្ណ ក្នុងពិធីជួបសំណេះសំណាលជាមួយលោក កឹម សុខា ក៏បានឲ្យដឹងថា នៅរសៀលថ្ងៃពុធ ទី២៣ ខែមីនានេះ មានសកម្មជនរបស់ខ្លួនក្នុងខេត្តកំពង់ចាម បានទម្លាក់ស្លាកគណបក្ស សម រង្ស៊ី ចោល ដាក់ជំនួសមកវិញនូវស្លាកគណបក្សសិទ្ធិមនុស្ស បន្ទាប់ពីរូបលោកបានចាកចេញពីគណបក្ស សម រង្ស៊ី រួចមក។
គណៈកម្មាធិការគណបក្ស សម រង្ស៊ី កាលពីរសៀលថ្ងៃទី២២ ខែមីនា បើកកិច្ចពិភាក្សាគ្នាមួយតាម Video Conference ដើម្បីពិនិត្យ និងពិភាក្សាអំពីសកម្មភាពរបស់លោក ម៉ៅ មុនីវណ្ណ។
ក្រោយបញ្ចប់កិច្ចពិភាក្សា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស សម រង្ស៊ី បានសម្រេចទៅលើខ្លឹមសារ ៣ចំណុច។ ទី១ ស្នើឲ្យលោក ម៉ៅ មុនីវណ្ណ លាលែងចេញពីគណបក្ស។ ទី២ ព្យួរតំណែងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស សមាជិកគណៈកម្មាធិការនាយកគណបក្ស ប្រធានក្រុមការងារគណបក្សប្រចាំភូមិភាគទី៥ និងប្រធានក្រុមប្រឹក្សាគណបក្សខេត្តតាកែវ ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ និងទី៣ ក្នុងករណីលោក ម៉ៅ មុនីវណ្ណ បន្តធ្វើសកម្មភាពផ្ទុយអំពីផលប្រយោជន៍គណបក្សនោះ លោក ម៉ៅ មុនីវណ្ណ នឹងបាត់បង់សមាជិកភាពគណបក្ស៕