ព្រះ​មហា​វីរក្សត្រ​​​យាង​ទៅ​ប្រទេស​ចិន

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែ​សីហា ឆ្នាំ​២០១១ ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះបាទ នរោត្តម សីហនុ បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ។

ការ​យាង​របស់​ព្រះ​មហា​វីរក្សត្រ បាន​អម​ព្រះរាជ​ដំណើរ​ដោយ​សម្ដេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ។

មន្ត្រី​ព្រះ​បរម​រាជវាំង​មាន​ប្រសាសន៍​ថា ការ​យាង​ចេញ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះបាទ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រី មុនីនាថ សីហនុ ជូន​ដំណើរ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល និង​មន្ត្រី​ព្រះ​បរម​រាជវាំង​ជា​ច្រើន​នាក់​ទៀត។

សម្ដេច​ព្រះបាទ នរោត្តម សីហនុ បច្ចុប្បន្ន​មាន​ព្រះជន្ម ៨៩​ព្រះវស្សា។

ជា​រៀងរាល់​ឆ្នាំ​ព្រះអង្គ​តែង​បាន​យាង​ជា​ប្រចាំ​ទៅ​ឲ្យ​គ្រូពេទ្យ​ប្រទេស​ចិន ពិនិត្យ​ព្រះរាជ​​សុខភាព​ជា​ទៀត​ទាត់។ ប៉ុន្តែ​ការ​យាង​របស់​ព្រះ​មហា​វីរក្សត្រ​ពេល​នេះ មន្ត្រី​ព្រះ​បរម​រាជវាំង​មិន​ទាន់​មាន​ព័ត៌មាន​ថា ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ៕