ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្ដម សីហនុ សោយ​​ទិវង្គត

ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ​ខ្មែរ ទ្រង់​បាន​សោយ​​ទិវង្គត​ហើយ នៅ​វេលា​ម៉ោង ១:២០​នាទី រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោង​នៅ​ភ្នំពេញ) នា​ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ។
ដោយ សុខ សេរី
2012-10-15
Share
សីហនុ២ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
AFP Photo

ព្រះមហាក្សត្រ​យាង​ទៅ​ដង្ហែ​ព្រះ​សព

ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​យាង និង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ តាម​ជើង​យន្តហោះ​ពិសេស ឈ្មោះ ខេមបូឌា អង្គរ អ៊ែរ៍ (Cambodia Angkor Air) ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ដង្ហែ​ព្រះ​សព​របស់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មក​ទីក្រុង​ភ្នំពេញ​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង ១ និង​២០​នាទី រំលង​អធ្រាត្រ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះ​វស្សា នៅ​មន្ទីរពេទ្យ នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគាពាធ។

សម្ដេច​សង្ឃ​ចំនួន ៣​អង្គ ដឹក​នាំ​ដោយ​សម្ដេច​ព្រះ​វនរ័ត ណយ ច្រឹក បាន​និមន្ត​តាម​ជើង​យន្តហោះ​ពិសេស​ជាមួយ​ព្រះ​បរមកោដ្ឋ​សម្រាប់​ដាក់​ព្រះ​សព។

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី យាង​ចេញ​ទៅ​ទទួល​ព្រះ​សព​ព្រះ​មហា​វីរក្សត្រ​ពី​ប្រទេស​ចិន នៅ​ថ្ងៃ​ទៅ​​១៥ តុលា ឆ្នាំ​២០១២។
ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី យាង​ចេញ​ទៅ​ទទួល​ព្រះ​សព​ព្រះ​មហា​វីរក្សត្រ​ពី​ប្រទេស​ចិន នៅ​ថ្ងៃ​ទៅ​​១៥ តុលា ឆ្នាំ​២០១២។
RFA/Sok Serey

មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បង្ហើប​ឲ្យ​ដឹង​ថា ព្រះ​សព​របស់​អតីត​ព្រះ​មហាក្សត្រ នឹង​ត្រូវ​ដឹក​តាម​ជើង​យន្តហោះ​ពិសេស​នោះ​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង ៣​រសៀល។

អតីត​សហ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បាន​មាន​បន្ទូល​ប្រាប់​អ្នក​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ការ​ចូល​ទិវង្គត​របស់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​នោះ គឺ​ជា​ការ​បាត់​បង់​ដ៏​ធំ​មួយ គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ឡើយ។

ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន៖ «បាទ! ចំពោះ​ព្រះ​ញាតិវង្សានុវង្ស​ទាំង​អស់ និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ការ​ក្រៀមក្រំ​បំផុត។ យើង​សំដែង​នូវ​ការ​គោរព​ជា​ទី​សក្ការៈ ជា​ទី​ស្នេហា ថ្វាយ​ចំពោះ​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ជីវិត​តម្កល់​លើ​ត្បូង សម្ដេច​ព្រះបាទ នរោត្តម សីហនុ។ សុខ សេរី៖ តើ​ព្រះអង្គ​យល់​ថា នេះ​ជា​ការ​បាត់បង់​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ទេ? ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន៖ ចំពោះ​ប្រជារាស្ត្រ​ខ្មែរ ចំពោះ​ប្រទេស​ជាតិ​ខ្មែរ​ទាំង​មូល​បាទ!»

រដ្ឋមន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧប​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ គឺ​ទុក​គណៈកម្មការ​មួយ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​បញ្ហា​នេះ។

ទាក់ទង​នឹង​ការ​ចូល​ទិវង្គត​របស់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អតីត​ព្រះ​មហាក្សត្រ​ខ្មែរ គឺ​ជា​ស្ថាបនិក​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស រយៈពេល ២១​ឆ្នាំ​ហើយ​មក​ដល់​ពេល​នេះ។

លោក សុខ ទូច៖ «យើង​បាត់​បង់​វីរជន​របស់​កម្ពុជា​មួយ ដែល​លោក​បាន​រំដោះ​ចេញ​ពី​នឹម​អាណានិគម​និយម​បារាំង ទី​២ លោក​បាន​បង្កើត​សង្គម​រាស្ត្រ​និយម ដែល​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ ដែល​នៅ​ក្នុង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ ចំណុច​ទី​៣ បាត់បង់​សំណុំ​ឯកសារ​ដ៏​ធំ​មួយ​សំរាប់​ប្រទេស​កម្ពុជា សូម្បី​តែ​រូប​ខ្ញុំ​បាទ​ហ្នឹង​ចង់​ជួប​គាល់​ព្រះអង្គ​ជា​ច្រើន​ដង​ហើយ ដើម្បី​ទទួល​យក​ឯកសារ ដើម្បី​សរសេរ​ជា​ប្រវត្តិសាស្ត្រ ដែល​ព្រះអង្គ​ជា​អ្នក​ដឹង​រឿង ព្រះអង្គ​ជា​អ្នក​ចូល​ក្នុង​រឿង​ទាំង​បញ្ហា​ព្រំដែន ទាំង​បញ្ហា​កោះត្រល់ ទាំង​អស់​នេះ ដែល​ខ្ញុំ​សុំ​ចូល​គាល់​បី​ដង​ហើយ ប៉ុន្តែ​មិន​បាន​ដូច​បំណង ដោយសារ​ព្រះអង្គ​ព្រះ​ឈួន ឥឡូវ​នេះ​បំណង​មិន​បាន​សំរេច នេះ​ជា​ការ​បាត់បង់​បញ្ជី​ឯកសារ​ដ៏​ធំ​មួយ»

អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​មេដឹកនាំ​គណបក្ស​នយោបាយ​នានា រាប់​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី និង​លោក កឹម សុខា តែង​តែ​ចាត់​ទុក​ថា ជា​ព្រះ​បិតា​ឯករាជ្យ បិតា​សន្តិភាព និង​ជា​បិតា​បង្រួបបង្រួម​ជាតិ។

ការ​ចូល​ទិវង្គត​នេះ គឺ​នៅ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា គ្រោង​រៀបចំ​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ​នេះ និង​នៅ​មុន​ពេល​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក និង​សំពះ​ព្រះខែ នៅ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល