លោក ជុំ នួង ដែលជាអតីតមេខ្មែរក្រហមតំបន់ភ្នំវល្លិ បានថ្លែងអំពីការសម្រេចសេចក្ដី ដែលផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ ជាមួយនឹងបណ្តាអតីតខ្មែរក្រហមដទៃទៀត ដូច្នេះ ៖ «...ច្រើនណាស់ តាមមើលទៅគ្នារកតែពេលមកជួបកូន ប្រពន្ធ មិនបានកន្លះឆ្នាំ កន្លះពេលទេ ពីព្រោះថា អាយុគាត់វាច្រើនណាស់ទៅហើយ គឺថា វាស្លាប់មុនចេញពីគុក...»។
លោកបញ្ជាក់ថា លោកបានស្ម័គ្រធ្វើជាទាហានខ្មែរក្រហម ក្រោយការប្រកាសឲ្យចូលព្រៃ មាគី របស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ក្នុងការតស៊ូដើម្បីជាតិ។ លោកបញ្ជាក់ថា ខ្មែរបានរងគ្រោះសម្លាប់គ្នាឯង ដោយសារឥទ្ធិពលបរទេស។
លោកក៏មានបងប្អូនសរុប ១៣នាក់ស្លាប់ក្នុងសម័យខ្មែរក្រហមនោះដែរ។ ថ្វីបើលោកបានសាទរចំពោះដាក់ទោសនោះ ដើម្បីជាមេរៀនទៅដល់មនុស្សជំនាន់ក្រោយ ប៉ុន្តែលោកបានសំណូមពរកុំឲ្យខ្មែរមានកំហឹង និងចងអាឃាតគ្នា ៖ «...ថា កំហឹងគ្នាឯង កំហឹងទល់កំហល់ យូរទៅ ក្រែងលោមានបញ្ហាអាថ៌កំបាំង វាយ៉ាងនេះ យ៉ាងនោះ វាពិបាកយល់ដែរណា៎!»។
ប្រជាជននៅតំបន់ភ្នំវល្លិក្នុងខេត្តកំពត ភាគច្រើនសុទ្ធសឹងតែជាអតីតខ្មែរក្រហម។ អតីតខ្មែរក្រហមនៅតំបន់នោះបានផ្ដាច់ខ្លួនចូលជាមួយរដ្ឋកម្ពុជា នៅឆ្នាំ១៩៩៦៕