នាយក​រដ្ឋមន្ត្រី​ថៃ​សន្យា​ផ្ដល់​ដំណោះ​ស្រាយ​ដល់​ទណ្ឌិត​ជាប់​គុក​នៅ​កម្ពុជា

នាយក​រដ្ឋមន្ត្រី​ថៃ សន្យា​ថា​នឹង​ផ្ដល់​ដំណោះស្រាយ​អោយ​បាន​ឆាប់​ករណី​ទណ្ឌិត​ថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា។
ដោយ សុ ជីវី
2013.02.12
អ្នក​ទោស​ថៃ ៣០៥ អ្នក​ទោស​ថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) និង​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) កំពុង​តែ​លត់​ជង្គង់​សំពះ​នៅ​គ្រា​ដែល​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស អាន​ព្រះរាជក្រឹត្យ​ដោះ​លែង និង​បន្ធូរបន្ថយ​ទោស នៅ​គុក​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
Photo: RFA

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១២ កុម្ភៈ ថា នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បាន​អះអាង​ថា​នឹង​មាន​ជម្រើស​២ ដែល​ត្រូវ​ផ្ដល់​អោយ​ទណ្ឌិត​ថៃ លោក វីរៈ ស៊ុំក្វាមឃីត គឺ​ការ​បន្ធូរបន្ថយ​ទោស​បន្ថែម​ទៀត ឬ​ការ​ផ្ទេរ​ទៅ​កាន់​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ។

អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បាន​អះអាង​បែប​នេះ​នៅ​ពេល​ដែល​អ្នកស្រី​បាន​ជួប​ជា​មួយ​អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiputanapaiboon) កាល​ពី​ថ្ងៃ​ច័ន្ទ ទី១១ ខែ​កុម្ភៈ។

ក្នុង​ពេល​នោះ​ដែរ អ្នកស្រី យីងឡាក់ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​អ្នកស្រី​អោយ​រង់ចាំ​ឱកាស​ពិសេស ដើម្បី​ការ​ផ្តល់​ការ​បន្ធូរបន្ថយ​ទោស​បន្ថែម​ដល់​លោក វីរៈ ស៊ុំក្វាមឃីត។ យ៉ាង​ណា រដ្ឋាភិបាល​ថៃ មាន​សង្ឃឹម​ថា​នឹង​អាច​សុំ​ផ្ទេរ​លោក​ពី​ពន្ធនាគារ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា ការ​ផ្ទេរ​អ្នក​ទោស គឺ​ត្រូវ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។ យ៉ាង​នេះ​ក្ដី លោក កុយ គួង បញ្ជាក់​ថា កម្ពុជា នៅ​មិន​ទាន់​មាន​វិធាន​ការ​យ៉ាង​ណា​ចំពោះ​ករណី​ទណ្ឌិត​ថៃ នេះ​នៅ​ឡើយ។

សកម្មជន​អាវ​លឿង​ថៃ លោក វីរៈ ស៊ុំក្វាមឃីត ដែល​ត្រូវ​កាត់​អោយ​ជាប់​ទោស ៨​ឆ្នាំ និង​សកម្មជន​អាវ​លឿង​ថៃ ម្នាក់​ទៀត​ឈ្មោះ រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក ៦​ឆ្នាំ​ពី​បទ​លប​ចូល​កម្ពុជា ខុស​ច្បាប់ និង​បំណង​ធ្វើ​ចារកម្ម។ អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន ត្រូវ​ព្រះមហាក្សត្រ​ខ្មែរ​ប្រទាន​ការ​លើក​លែង​ទោស ចំណែក​លោក វីរៈ ស៊ុំក្វាមឃីត ដែល​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស​ចំនួន ៦​ខែ ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​រតន​កោដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។